រដ្ឋាភិបាលគុយបា បានចោទប្រកាន់ចំៗថា សហរដ្ឋអាមេរិកកំពុងបណ្តោយឱ្យក្រុមភេរវករធ្វើសកម្មភាពដោយសេរីនៅលើទឹកដីខ្លួន ដោយមិនមានការផ្តន្ទាទោស ទាំងដឹងថា បុគ្គលទាំងនោះកំពុងរៀបចំអាវុធ និងទូកដើម្បីមកវាយប្រហារគុយបា។
ការចោទប្រកាន់នេះធ្វើឡើង ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតជុំវិញព្រឹត្តិការណ៍ផ្ទុះអាវុធយ៉ាងសាហាវនៅលើផ្ទៃសមុទ្រ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។ ហេតុការណ៍នោះបានកើតឡើង បន្ទាប់ពីមានទូកល្បឿនលឿនមួយគ្រឿង បើកចេញពីតំបន់ Florida Keys សហរដ្ឋអាមេរិក ព្យាយាមជ្រៀតចូលមកកាន់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសគុយបា ខណៈការប៉ះទង្គិចគ្នា បានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសទាំងសងខាង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ផ្អែកលើចម្លើយសារភាពរបស់ជនជាប់ឃុំ បានរកឃើញថា បុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងការបង្វឹកក្រុមឧទ្ទាមទាំងនេះ កំពុងលាក់ខ្លួន និងមានសេរីភាពនៅក្នុងសហរដ្ឋអាមេរិក។
ព្រះរាជអាជ្ញាគុបា លោក Edward Roberts បានសង្កត់ធ្ងន់ថា ជនល្មើស និងអង្គការនៅក្នុងអាមេរិក បានផ្តល់ទ្រព្យសម្បត្តិ រៀបចំមធ្យោបាយដឹកជញ្ជូន និងជួយសម្រួលដល់ការទិញ និងស្តុកទុកអាវុធទាំងនេះ។
យោងតាមអាជ្ញាធរគុយបា ក្រុមភេរវករទាំងនេះមានផែនការវាយប្រហារក្នុងពេលដំណាលគ្នានៅលើប៉ុស្តិ៍ប៉ូលិស និងឆ្មាំព្រំដែនក្នុងខេត្ត Matanzas (ភាគខាងកើតទីក្រុង Havana) ដើម្បីញុះញង់ឱ្យមានការបះបោរប្រដាប់អាវុធ និងបង្កើតលេសឱ្យមានការជ្រៀតជ្រែកយោធាពីសំណាក់សហរដ្ឋអាមេរិក។
គួរបញ្ចាក់ដែរថា ការចោទប្រកាន់នេះបានធ្វើឡើង ចំពេលដែលអាមេរិកកំពុងបង្កើនសម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលគុយបា រួមទាំងការរារាំងការនាំចូលប្រេង និងការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន។ ខាងភាគីអាមេរិក តែងតែហៅរដ្ឋាភិបាលគុយបាថាជារបបពុករលួយ និងចង់ឱ្យមានការផ្លាស់ប្តូរមេដឹកនាំនៅក្នុងប្រទេសនេះ ទោះបីជាកន្លងមក គូយបា និង FBI ធ្លាប់បានសហការគ្នាក្នុងការស៊ើបអង្កេតនេះក៏ដោយ៕
ប្រភព៖ Reuters


