Detail Top Banner – Conway

យន្ត​ហោះ​ចម្បាំង​អ៊ីស្រាអែល​​​រាប់​សិប​គ្រឿង ​ហោះក្បែរ​ព្រំដែនអ៊ីរ៉ង់ ក្នុង​បំណង​ញុះញង់ ​ឱ្យមានការឆ្លើយ​តប​ផ្នែក​យោធា

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អ៊ីស្រាអែល បាន​រាយការណ៍​កាលពីថ្ងៃ​ពុធ ទី​២១ ខែ​​តុលា ដោយ​ដក​ស្រង់​ប្រភព​ពី​សហរដ្ឋអាមេរិក​ថា យន្ត​ហោះ​ចម្បាំង​អ៊ី​ស្រាអែល​រាប់​សិប​គ្រឿង​ បាន​ហោះ​ទៅ​ក្បែរ​ព្រំដែន​អ៊ីរ៉ង់​ កាលពី​ដើម​សប្តាហ៍​នេះ ក្នុង​សកម្មភាពមួយ​​​​​​​ ដែល​អាច​ញុះ​ញង់​​ឱ្យ​​មាន​ការ​ឆ្លើយតប​ផ្នែកយោធា​ពី​សំណាក់​អ៊ីរ៉ង់។​

បើយោងប៉ុស្តិ៍​ទូរទស្សន៍ Channel 12 របស់​អ៊ីស្រាអែល​ ប្រតិបត្តិ​ការ​នេះ​បានកើតឡើង​ ​ចន្លោះ​យប់ថ្ងៃចន្ទ ឈាន​ចូល​ថ្ងៃអង្គារ ដោយ​មាន​ការចូលរួម​ពីយន្តហោះ​ចម្បាំងរាប់​សិបគ្រឿង រួមជាមួយយន្ត​ហោះ​ចាក់ប្រេង​របស់កងទ័ព​អាកាសអ៊ី​ស្រាអែល ផងដែរ។

យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​

យោងតាម​ប្រភពដដែល យន្តហោះទាំង​នោះ​​ ហោះកាត់ទឹក​ដីស៊ីរី និងអ៊ីរ៉ាក់ មុនពេល​ត្រឡប់មក​កាន់អ៊ីស្រាអែល​វិញ បន្ទាប់ពីហោះ​ចូល​ទៅ​ជិត​ព្រំដែន​អ៊ីរ៉ង់​ក្នុងចម្ងាយ​ដ៏ខ្លី​មួយ។

ប្រភព​ពី​អាមេរិក​បានប្រាប់ប៉ុស្តិ៍ Channel 12 ថា អ៊ីស្រាអែល​អាចនឹង​សង្ឃឹមថា កងកម្លាំង​អ៊ីរ៉ង់​នឹង​បើកការបាញ់​ប្រហារ​មក​លើ​យន្ត​ហោះ​ទាំងនោះ ​ដោយ​អាច​ផ្តល់​ជា​ហេតុ​ផល​ត្រឹមត្រូវ​ សម្រាប់​បើក​ការវាយ​ប្រហារ​ទៅ​លើ​អ៊ីរ៉ង់។

មន្ត្រី​អាមេរិក និងអ៊ីស្រាអែលពណ៌នាប្រតិបត្តិការនេះ​ថា​ ជាការ​សម្តែង​កម្លាំង​ ដើម្បី​ទប់ស្កាត់ ប៉ុន្តែសកម្មភាពនេះ​ក៏បង្កហានិភ័យ​ ផងដែរ ព្រោះអាចមាន​ការ​យល់ច្រឡំ​ពីសំណាក់អ៊ីរ៉ង់ ហើយ​អាច​នាំឱ្យមាន​ការឆ្លើយ​តបផ្នែក​យោធា និង​បង្កឱ្យសង្គ្រាមផ្ទុះ​ឡើងវិញបាន។

ប្រភព​ពី​សហរដ្ឋអាមេរិកបានបន្ថាត​ អ៊ីស្រាអែល​បានជូន​ដំណឹងដល់ទី​ក្រុងវ៉ាស៊ីន​តោនពីប្រតិបត្តិការ​នេះ​​ជាមុន​ ដោយពណ៌នាថា​ វា​ជាសមយុទ្ធ​យោធា​ មានគោល​បំណងបង្ហាញ​ពីសមត្ថភាព​របស់​ខ្លួន ដើម្បីរារាំង​អ៊ីរ៉ង់​​។​​ អ៊ីស្រាអែល​ ដឹងរួចហើយ​ពី​ប្រព័ន្ធ​ការពារដែន​អាកាស​របស់អ៊ីរ៉ង់​ ដែលអាចឃើញយន្តហោះ​ទាំងនោះ។

ប្រតិបត្តិការ​នេះកើតឡើង​ ស្របពេលជាមួយ​នឹងដំណើរទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋអាមេរិក លោក Pete Hegseth ទៅកាន់​អ៊ីស្រាអែល ដើម្បីចួប​ជាមួយ​នាយករដ្ឋមន្ត្រី លោក បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ និង​រដ្ឋមន្ត្រីការពារ​ជាតិ លោក Israel Katz នៅ​ឯមូលដ្ឋានទ័ពអាកាស Ovda​ ។

ដោយ​ឡែក កាសែត Financial Times រាយការណ៍កាលពីថ្ងៃពុធ​ ថា កាល​ពីដើមខែ​នេះ លោក ណេតាន់​យ៉ាហ៊ូ បានណែនាំ​ឱ្យយោ​ធាអ៊ីស្រាអែល​រៀបចំ​ប្រតិបត្តិការវាយប្រហារទ្រង់​ទ្រាយធំ​ថ្មីមួយ​ ប្រឆាំងនឹងអ៊ីរ៉ង់​។

ដោយ​ដកស្រង់សម្តី​បុគ្គល​ចំនួន ៣នាក់ ដឹងអំពីផែនការ​ទាំងនេះ ​កាសែតខាង​លើរៀបរាប់​ថា​ យោធាបាន​រៀបចំយុទ្ធនាការ​អូស​បន្លាយ​ច្រើនថ្ងៃ ដោយ​កំណត់គោលដៅ​លើទីតាំងនុយក្លេអ៊ែររបស់​អ៊ីរ៉ង់ ​ទីតាំងនានា​​ពាក់ព័ន្ធ​នឹងរដ្ឋាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល រួម​ទាំងរោង​ចក្រផលិត​ថាមពលអគ្គិសនីផងដែរ​។​

យោង​តាម​សេចក្តីរាយ​ការណ៍ ការវាយ​ប្រហារ​ទាំងនោះ​​ គ្រោងនឹងធ្វើ​ឡើង​ នៅថ្ងៃទី១០ ខែតុលា ប៉ុន្តែ ត្រូវបាន​លុបចោល បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជំទាស់​នឹង​​បន្ត​សង្គ្រាមឡើងវិញ មុន​ពេល​បោះឆ្នោតពាក់​កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក​ នៅថ្ងៃទី០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ៕

ព័ត៌មានទាក់ទង
×
Popup Banner