អាមេរិក ស្នើឱ្យអ៊ុយក្រែន កាត់ដីខ្លះ នៅតំបន់ Donbas ឱ្យរុស្ស៊ី ជាថ្នូរ នឹងការចូលជាសមាជិកណាតូ
ការចរចា ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កាន់តែមានភាពស្មុគស្មាញ ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកផ្តល់គំនិតមួយ ដោយជំរុញឱ្យអ៊ុយក្រែនគួរតែបោះបង់ទឹកដីមួយផ្នែក នៅតំបន់ Donbas ភាគខាងកើត ដើម្បីជាថ្នូរនឹងការចូលជាសមាជិកអង្គការណាតូ(NATO)។
បើយោងតាមសារព័ត៌មាន Al Jazeera ការលើកឡើងនេះកើតឡើង បន្ទាប់ពីកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ជុំចុងក្រោយបំផុត ធ្វើឡើងនៅទីក្រុង Abu Dhabi និងប្រទេសអៀរឡង់។

លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយការិយាល័យរបស់លោក ដែលជាលើកដំបូងហើយ ដោយមានការលើកឡើងអំពីការផ្សារភ្ជាប់បញ្ហាសមាជិកភាពក្នុងអង្គការណាតូ ទៅនឹងការយល់ព្រមបោះបង់ទឹកដី។
លោកបន្ត៖ «ភាគីអាមេរិកបានលើកជាសំណួរថា៖ តើនឹងមានអ្វីកើតឡើង ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ? តើអ៊ុយក្រែននឹងដកខ្លួនចេញពីតំបន់ Donbas ដែរឬទេ? នេះហើយជាមូលហេតុ ខ្ញុំយល់ថា បញ្ហាអង្គការណាតូ បានវិលត្រឡប់មកជាប្រធានបទត្រូវបានយកមកពិភាក្សាម្តងទៀត»។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា ផ្នែកខ្លះនៃតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ដែលភាគីអាមេរិកសាកសួរនោះ គឺជាតំបន់ដែលរុស្ស៊ីមិនបានគ្រប់គ្រង។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះអះអាងថា ខ្លួនបដិសេធមិនយល់ព្រមប្រគល់ទឹកដីនោះទេ។
លោកបន្ថែម៖ «បំណងប្រាថ្នារបស់ [ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ] ពូទីន ក្នុងការផ្លាស់ប្តូរព្រំដែននៅអឺរ៉ុប គឺជាការពិតជាក់ស្តែង។ ខ្ញុំជឿជាក់ថា នេះគឺជាផ្នែកមួយនៃគំនិតរបស់គាត់ក្នុងការកែសម្រួលការធានាសន្តិសុខ នៅអឺរ៉ុប។ រឿងនេះគឺមានគ្រោះថ្នាក់ ព្រោះតាមទស្សនៈរបស់ខ្ញុំ អ្វីៗបែបនេះហើយដែលនាំឱ្យកើតមានសង្គ្រាម ឬធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង»។
លោក ពូទីន និយាយជាយូរមកហើយថា ការដែលអ៊ុយក្រែនក្លាយជាសមាជិកអង្គការណាតូ គឺជាខ្សែបន្ទាត់ក្រហម សម្រាប់ទីក្រុងមូស្គូ ដោយលោកលើកឡើងពីបញ្ហានេះ ជាហេតុផលមួយសម្រាប់រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ កាលពីឆ្នាំ ២០២២។
លោក ហ្សេលេនស្គី បន្ត ប្រសិនបើអ៊ុយក្រែនទទួលបានកញ្ចប់ជំនួយដ៏ទូលំទូលាយមួយ រួមមានការធានាសន្តិសុខ ថវិកាសម្រាប់វិស័យយោធា និងការកសាង ព្រមទាំងផែនការស្តារឡើងវិញពីសហរដ្ឋអាមេរិក និងដៃគូផ្សេងទៀតនោះ ខ្លួននឹងដាក់សំណួរអំពីការប្រគល់ទឹកដីមួយផ្នែកនៃតំបន់ Donbas ទៅធ្វើប្រជាមតិថ្នាក់ជាតិ។
លោក ហ្សេលេនស្គី បន្ថែម៖ «ប្រសិនបើភាគីអាមេរិក រួមជាមួយដៃគូណាតូផ្សេងទៀត បញ្ជាក់ច្បាស់លាស់អំពីចំណុចនេះដល់យើង នោះខ្ញុំនឹងសួរប្រជាជនអ៊ុយក្រែនរបស់យើងថា តើពួកគេយល់ឃើញយ៉ាងណា? តើយើងគួរទទួលយកវា ឬយ៉ាងណា?»។

លោកសង្កត់ធ្ងន់៖ «រាល់កិច្ចព្រមព្រៀងណាមួយ នឹងមិនរួមបញ្ចូលការទទួលស្គាល់ទឹកដី ដែលកំពុងត្រូវបានកាន់កាប់ ថា ជាទឹកដីរបស់រុស្ស៊ីឡើយ។ ប្រសិនបើលោក ពូទីន រំពឹងចង់ឱ្យភាពអព្យាក្រឹតរបស់អ៊ុយក្រែនត្រូវបានចែងទុកជាផ្លូវការនោះ វានឹងមិនអាចកើតឡើងបានទេ។ ម្យ៉ាងទៀត សព្វថ្ងៃនេះ អ៊ុយក្រែនក៏មិនមែនជាសមាជិកអង្គការណាតូ ដែរ»៕


