Detail Top Banner – Conway

អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែង បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង១៦ និង៣៤នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីបុរសម្នាក់ឈ្មោះ យុន ចិន ភេទប្រុស  អាយុ៣២ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពកាន់កាំបិតប៉័ងតោគំរាមកំហែង បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិទ្រា៤  សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្លាមៗ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្កបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ បុរសបែកថ្នាំខាលើ ត្រូវបានកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើតេស្តទឹកនោមរកឃើញជាប់សារធាតុញៀន ដែលអាចសន្និដ្ឋានបានថា បុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបបញ្ចេញអាកប្បកិរិយាគម្រាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ ប្រសិនបើបងប្អូន បានជួបហេតុការណ៍ណាមួយ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie៕

ព័ត៌មានទាក់ទង
×
Popup Banner