Top Mobile Banner

អន្តោប្រវេសន៍រស់នៅក្នុងកណ្តាប់ដៃនៃអ្នកនយោបាយ

អឺរ៉ុប ថ្ងៃទី១២កក្កដា២០២៤
ក្រុមអ្នកនយោបាយបារាំងគ្រប់និន្នាការ បានសង្គ្រឺតមាត់ប្រឹងទាញយកចំណេញ កាលពីថ្ងៃទី៣០មិថុនា នៅពេលដែលលោកប្រធានាធិបតីម៉ាក្រុង បានប្រកាស ដោយមិនឲ្យនរណាដឹងខ្លួនជាមុនថា

«លោករំលាយសភាចោល»ចំពេលដែលគណបក្សរបស់លោក កំពុងខូចខាចប្រជាប្រីយភាព ស្របគ្នានឹងគណបក្សប្រឆាំងដ៏គួរឲ្យខ្លាចមួយ កំពុងកើនប្រជាប្រីយខ្ពស់ នៅពេលទើបនឹងបោះឆ្នោតសហភាពអឺរ៉ុប២០២៤ រួចមក។
ខ្ញុំជាជនអន្តោប្រវេសន៍មកពីកម្ពុជា បានទទួលសញ្ជាតិបារាំងហើយគិតថា«ខ្លួនអាចរួចពីការធ្វើបាបប្រកាន់ពូជសាសន៍ ពីសាសន៍ដ៏ទៃហើយ តែសម្លេងឆ្នោតច្រើនណាស់ បានធ្វើឲ្យក្រុមរណសិរ្យជាតិ Front National ក្លាយជាតារាឯកនៃនយោបាយបារាំងជាលើកដំបូង»។ នៅពេលដែលខ្ញុំពិចារណាថា តើក្រុមរណសិរ្យជាតិFN ជាក្រុមអ្វី? មកពីណា? បំរុងធ្វើអ្វី? ពេលនោះទើបខ្ញុំព្រឺសម្បុរខ្ញាក ដឹងថាគ្រោះកាចអាចមកដល់ម្តងទៀតហើយ ក្នុងជីវិតភ្លេចខ្លួន នៃគ្រួសារអន្តោប្រវេសន៍ខ្មែរ នៅប្រទេសបារាំងមួយនេះ។
ក្រុមអ្នកនយោបាយរណសិរ្យជាតិ FN នេះ គេហៅថា ក្រុមស្តាំផុតនិយម ដឹកនាំដោយ ឡឺប៉ិន (ឳពុក) ធ្លាប់មានប្រវត្តិជាក្រុមស្អប់ខ្ពើមជនជាតិដ៏ទៃ ដែលមករស់នៅលើដែនដីនៃប្រទេសបារាំង ក្រុមនេះតែងមានប្រជាប្រីយភាពនយោបាយធម្មតា ប្រមាណជា១០%តែប៉ុណ្ណោះ កាលពីអម្លុងឆ្នាំ៨០ ហើយចំនួននេះពុំបានកើនឡើងច្រើនទេ នៅ៣០ឆ្នាំក្រោយមក។ នៅជំនាន់ឡឺប៉ិន(កូនស្រី) ក៏ក្នុងចំនួនមិនខុសគ្នាទេ ពុំបានធ្វើឲ្យជនអន្តោប្រវេសន៍ដូចជាខ្ញុំនេះ ព្រួយបារម្មអ្វីដែរ ពីព្រោះក្រុមនោះ ពុំអាចក្លាយជាអ្នកដឹកនាំនយោបាយប្រទេស បានទេ។ ស្រាប់តែ ឆ្នាំ២០២៤នេះ ក្រុម FN នេះ បានកើនប្រជាប្រីយភាពស្ទុះដល់៣៤% ជាលំដាប់លេខ១ នៃអ្នកនយោបាយបារាំង ចូលទៅសភាអឺរ៉ុប តើហេតុអ្វី? គឺដោយសារការប្តូរប្រធានថ្មី ជ័រដាន់ បាដែលឡា វ័យក្មេង អាចទាក់ទាញសមាជិកថ្មីបាន ហើយទី២ គាប់ជួនរដ្ឋាភិបាលលោក ម៉ាក្រុង បានភ្លាត់ស្នៀត រកមតិភាគច្រើនមិនបានដើម្បីអនុម័ទច្បាប់ ក៏ប្រើមាត្រា៤៩.៣ច្រើនដង ច្រើនសារ មានទាំងធ្វើច្បាប់ចូលនិវត្តន៍ ដែលតម្លើងអាយុចូលនិវត្តន៍ពី៦២ទៅ៦៤ឆ្នាំ ដែលរឹតតែដុតកំហឹងម្ចាស់ឆ្នោត ឲ្យងាកទៅរកគណបក្សណា ដែលជាទណ្ឌកម្មធ្លាក់លើ ម៉ាក្រុង ។
លទ្ធផលបោះឆ្នោតជុំទី១នៅសភា បានទៅ FN ជាក្រុមលេខ១, ក្រុមលេខ២ បានទៅក្រុមឆ្វេងនិយម មានក្រុមកុម្មុយនិស្ត សង្គមនិយម នឹងមានឆ្វេងផុតនិយម ដែលធ្លាប់មានប្រវត្តិឃោឃៅនឹងជូរចត់នៅកម្ពុជា នៅជាមួយផង, រីឯក្រុមឆ្វេងឬស្តាំកណ្តាលនិយម ធ្លាក់ទៅលេខ៣ នោះហើយដែលជាសោកនាថកម្មថ្មី របស់ជនអន្តោប្រវេសន៍ ដែលថា«ចុះទឹកក្រពើ ឡើងលើខ្លា» តើយើងទៅខាងណា ទើបបានសុខ? ពេលឰគេហ៊ោកញ្ជ្រៀវ ពីជ័យជំនះរបស់គេ ពីការបញ្ជូន ជ័រដាន់ ទៅវិមានម៉ាទីញ៉ុង, ឬនៅ៣ឆ្នាំក្រោយ គេបញ្ជូនគ្នាទៅវិមាន អេលីស្ហេ ទៀត…ចប់ហើយជនអន្តោប្រវេសន៍បារាំងខ្ញុំ គ្មានវិធីទប់ទល់កុំឲ្យ ជ័រដាន់ ទៅធ្វើជានាយករដ្ឋមន្ត្រីបានទេ ! តែព្រឹត្តិការថ្មីមួយបានកើតឡើង គឺក្រុមនយោបាយឆ្វេង នឹងឆ្វេងផុតនិយមឯណោះ ក៏ខ្លាចមិនចង់ឃើញក្រុម FN ទៅកាន់ម៉ាទិញ៉ុង ដូចគ្នាដែរ ដូច្នេះក៏លេចមធ្យោបាយថ្មីសម្រាប់ទប់ស្កាត់ក្រុម FN កុំឲ្យឈ្នះបានមតិភាគច្រើនដាច់ខាត(50%) នៅសភាឲ្យខាងតែបាន គឺក្រុមឆ្វេង នឹងកណ្តាលត្រូវតែជួបចរចាគ្នា។ ច្បាប់បោះឆ្នោតស្រុកបារាំងនិយាយថា បេក្ខជនណាបានទទួលលទ្ធផលលើស១២,៥% អាចបន្តរទៅប្រជែងនៅជុំទី២ទៀតបាន ដូច្នេះមិនមែនមានតែ២នាក់ទេដែលប្រតួតគ្នាជាចុងក្រោយនៅចុំទី២ទេ ដូច្នេះពេលខ្លះមានប្រកួត៣នាក់ក៏មាន(ត្រីកោណ) តំបន់ខ្លះក៏មានបេក្ខជន៤នាក់ប្រកួតគ្នានាជុំទី២…ការចរចាគ្នា បានផលយ៉ាងនេះ គឺគេមិនចរចាជាមួយក្រុម FN ទេ ប៉ុន្តែនៅតំបន់ត្រីកោណ បេក្ខជនខាងឆ្វេង នឹងកណ្តាល មិនប្រកួតគ្នាទេ គឺមានបេក្ខជនម្នាក់ត្រូវដកខ្លួនចេញ ទុកឲ្យបេក្ខជនម្នាក់ទៀតប្រកួតជាមួយនឹងក្រុម FN ហើយករណីត្រីកោននោះមានរហូតដល់ទៅជាង៣០០តំបន់។ គម្រោងនេះគិតថា រារាំងក្រុម FN មិនឲ្យបានឈ្នះលើស៥០% តែប៉ុណ្ណោះ ស្មានមិនដល់ថា ប្រជាពលរដ្ឋបារាំងក៏បារម្មពីក្រុម FN ច្រើនជាងចិត្តខឹងនឹងប្រធានាធិបតី ម៉ាក្រុង ហើយមានពលរដ្ឋ៦៧%បានចេញទៅបោះឆ្នោត ឲ្យក្រុមឆ្វេងនិយម បានលេខ១, លេខ២គឺក្រុមកណ្តាលខាងរដ្ឋាភិបាល រីឯក្រុម FN វិញធ្លាក់ទៅលេខ៣ គ្មានក្រុមណាឈ្នះដាច់បានដល់៥០%ទេ ដូច្នេះ FN នៅសល់តែការខកចិត្ត នឹងវិប្បដិសារីតែប៉ុណ្ណោះ មិនបានរៀបខ្លួនចូលរដ្ឋាភិបាលដូចគ្រោងទុកផងទេ។
មេរៀន? គឺខ្ញុំជឿតែទៅលើសំណាង មិនបានទេ! ខំតែភ័យ ថា«ក្រុមកាចសាហាវដល់ទៅ២ អាចបង្គរគ្រោះថ្នាក់ដល់ជនអន្តោប្រវេសន៍ ដូចរូបខ្ញុំ ដែលមកជ្រកកោននៅស្រុកបារាំងនេះ» ហេតុនេះហើយបានពលរដ្ឋម្នាក់ៗ ត្រូវពិចារណាពីវាសនារបស់ខ្លួន នឹងក្រុមគ្រួសារ ថា«តើក្រុមណាគួរតែឈ្នះ? នៅពេលបោះឆ្នោតម្តងៗ» វាសនារបស់អ្នកឋិតនៅលើសម្លេងឆ្នោត១សន្លឹករបស់អ្នកសោះ អ្នកនឹងដឹងថា«ពេលណាដែលគួរភ័យ ហើយគេត្រូវធ្វើអ្វីខ្លះ?» ឬក៏«ពេលណាដែលគេត្រូវរីករាយ ពីព្រោះតែអ្នកបានឈ្នះនូវអ្វី ដែលអ្នកបានប៉ងប្រាថ្នា» គ្មានឲ្យ«សំណាង»មកសម្រេចវាសនាយើងទៀតទេ៕

ព័ត៌មានទាក់ទង