Top Mobile Banner

កំណើតនគរអច្ឆរិយៈ

ដោយៈ រីស្ហា គួច – Richard KUOCH
ដាំស្រូវទុកជាស្បៀង ជាដំណាំយុទ្ធសាស្ដ្រ។ ដោយអំណោយផលធម្មជាតិ ដីមានជីរជាតិល្អមានទឹកបរិបូណ៌ ដំណាំមានផ្លែផ្កាបានផលច្រើនជាអនេកប្បការ។ ប្រជាជនសម្បូណ៌សប្បាយ ជំរុញប្រទេសឲ្យរុងរឿង បង្កើតបានអារ្យធម៌«នគរភ្នំ»ដែលខ្ពង់ខ្ពស់ដាច់គេ។ ដែនដីនគរគោកធ្លកបវរសួស្ដី ផ្សព្វផ្សាយអារ្យធម៌ទៅគ្រប់ទិសទី គ្រប់តំបន់ក្នុងភូមិភាគ។ កុលសម្ពន្ធតូចធំជិតខាងចុះចូល បង្កើតបានជាមហានគរដ៏ថ្កើងថ្កានធំទូលាយ។
រាជបុត្រចម្លែក
ប៉ុន្មានឆ្នាំក្រោយមកព្រះអគ្គមហេសីសោមាទេវី ទ្រង់គភ៌ជិតគ្រប់ព្រះវស្សា ភ្នកនឹកចង់ចេញទៅប្រពាតព្រៃក្រៅក្រុង។  ព្រះបាទអទិច្ចវង្សា បញ្ជាឲ្យរៀបទ័ពជាកងកាពារ ដង្ហែព្រះនាងចេញប្រពាតព្រៃ។ ចេញដល់ក្រៅក្រុង កងទ័ពបោះពន្លាជ័យ ថ្វាយព្រះនាងសម្រាក។ កំពុងតែក្រសាលសប្បាយ ស្រាប់តែព្រះគភ៌កម្រើក ធ្វើឲ្យព្រះនាងឈឺផ្ទៃជាខ្លាំង ហើយប្រសូត្របុត្រចេញមក។ ហេតុចម្លែកបុត្រនោះជាពងសត្វមួយធំ ព្រះរាជាឃើញហេតុដូច្នោះ ខ្លាចខ្មាសអស់នាម៉ឺនមន្រ្ដី ក៏បញ្ជាឲ្យយកពងសត្វនោះ ទៅកប់ចោលក្នុងព្រៃ ព្រះនាងសោមាភគវត្តី អាណិតបុត្រពេក បានយកព្រះស្បៃសាវពស្ដ្រ ប៉ាក់រូបនាគរបស់ព្រះនាង ទៅទ្រាប់ក្រោមស៊ុតនោះ រួចរាល់ហើយ ព្រះរាជានាំរេហ៍ពលចូលរាជធានីវិញ។
មេទ័ពសក្តាជ័យ និងនាង សេដ្ឋានារីនគរសាមន្តរាជ
ម្ភៃឆ្នាំកន្លងផុតទៅ មាននគរសាមន្ដរាជមួយនៃ‌ឦសាន្ដទិស ដែលស្ថិតនៅក្រោមអំណាចនគរភ្នំ ធ្លាប់តែលើកសួយសារអាករ ថ្វាយព្រះចៅអទិច្ចវង្សារៀងរាល់ឆ្នាំ បានចាប់រើសកងទ័ព បង្ហាត់ហ្វឹកហ្វឺនក្បួនយុទ្ធសាស្ដ្រ ឲ្យស្ទាត់ជំនាញខ្លាំងពូកែ។ ពេលដែលយល់ថាកងទ័ពខ្លួន មានសមត្ថភាពគ្រប់គ្រាន់ហើយ ក៏ប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីនគរភ្នំ។ មិនតែប៉ុណ្ណោះ បានវាតយកទឹកដីខាងជើងមួយភាគធំមកកាន់កាប់ទៀត។ ពេលបានទទួលដំណឹងនេះ ព្រះចៅអទិច្ចវង្សា ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ត្រាស់បញ្ជាលោកអគ្គមហាសេនា កេណ្ឌរេហ៍ពលសកលយោធា ចេញបង្ក្រាបនគរបះបោរ។ កងទ័ពនគរភ្នំ លើកទៅដល់មុខបន្ទាយនគរសាមន្ដរាជ « ឦសាន្ដទិស »ហើយបើកក្បួនវាយប្រហារភ្លាមៗ មិនឲ្យសត្រូវមានឱកាសប្រុងប្រៀបខ្លួនទាន់។ កងទ័ពទាំងពីរប្រយុទ្ធគ្នា ទទួលការខូចខាតទាំងសងខាងយ៉ាងដំណំ។កងទ័ពសាមន្ដរាជ ដោយមិនបានប្រុងប្រៀបខ្លួនមុន ហើយកងទ័ពនគរភ្នំមានចំនួនច្រើនលើសលុប ក៏ដកទ័ពចូលបន្ទាយវិញ។ ថ្ងៃបន្ទាប់ៗមក ការប្រយុទ្ធគ្នាចេះតែអូសបន្លាយយូរទៅ ពិតមែនតែកងទ័ពនគរភ្នំមានគ្នាច្រើន មានប្រៀបជាង តែមិនអាចវាយបំបែកកំផែងបន្ទាយ ដ៏ក្រាស់ខ្មឹកនេះបានឡើយ។ កងទ័ពឦសាន្ដទិស ចូលក្នុងបន្ទាយ ទប់ទល់នឹងការវាយលុករបស់ទ័ពសត្រូវបានរហូត។ សង្គ្រាមអូសបន្លាយជាច្រើនខែ ក្នុងបន្ទាយចាប់ផ្ដើមខ្វះស្បៀង ដោយផ្លូវផ្ដល់ស្បៀងត្រូវខ្មាំងកាត់ផ្ដាច់។ ប្រជាជនកើតទុរ្ភិក្សច្រួលច្របល់ កម្លាំងកងទ័ពខ្សោយចុះរាល់ថ្ងៃដោយខ្លះស្លាប់ខ្លះរបួស ធ្វើឲ្យឥទ្ធិពលនៃការទប់ទល់ថយចុះ។ ឃើញដូច្នោះមេកន្ទ្រាញជ័យ  អ្នកដឹកនាំនគរឦសាន្តទិស យល់ថាស្ថានភាពនេះ មិនអាចទ្រាំទ្របានយូរឡើយ ក៏កោះប្រជុំនាម៉ឺនសព្វមុខមន្ដ្រី ពិគ្រោះយោបល់។ មេបញ្ជាការកងទ័ពភាគច្រើនអស់ទឹកចិត្តក្នុងការប្រយុទ្ធតទៅទៀត បញ្ចេញយោបល់ថា ត្រូវដាក់អាវុធសុំចុះចាញ់។ បរិយាកាសក្នុងអង្គប្រជុំធ្ងន់ពាប់ ស្ងាត់ច្រៀបដោយសេចក្ដីអស់សង្ឃឹម។ មួយស្របក់ធំកន្លងផុតទៅ លោកទីប្រឹក្សាដ៏មានវ័យចំណាស់ម្នាក់ ជាទីទុកចិត្តរបស់លោកមេកន្ទ្រាញជ័យ មានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ៖
– មិនបានទេអស់លោក ពេលនេះយើងស្ថិតនៅក្នុងសភាពជិះលើខ្នងខ្លា មិនអាចថយក្រោយវិញបានឡើយ។ គ្រោះថ្នាក់ខ្លាំងណាស់ បើយើងសុំចុះចាញ់ គ្មានសង្ឃឹមថាគេអនុគ្រោះឲ្យយើងឡើយ មានតែទទួលសេចក្ដីស្លាប់ទាំងអស់គ្នាប៉ុណ្ណោះ។ ម្យ៉ាងទៀតយើងមិនទាន់អស់មធ្យោបាយនៅឡើយទេ។
អង្គប្រជុំទាំងមូលផ្ដោតអារម្មណ៍លើសំដីលោកទីប្រឹក្សា ទំនងសុំយោបល់។ លោកក៏បន្ដសំដីតទៅទៀតថា ៖ ប្រទេសយើងនៅមានអ្នកមានសមត្ថភាព ខ្លាំងពូកែច្រើនទៀត ដែលយើងមិនទាន់បានទាក់ទង ឲ្យពួកគេចូលមកជួយប្រទេសជាតិ ដែលកំពុងមានអាសន្ននេះ។ ខ្ញុំសុំពេលមួយរយៈពីលោកមេកន្ទ្រាញ ដើម្បីធ្វើកិច្ចការនេះ ។
លោកមេកន្ទ្រាញជ័យនិងអង្គប្រជុំ សម្រេចប្រគល់ភារកិច្ចនេះ ជូនលោកទីប្រឹក្សាចាត់ចែងតាមពាក្យសុំ។ លោកទីប្រឹក្សាចាត់ភ្នាក់ងារផ្សព្វផ្សាយពត៌មាន ជ្រើសរើសអ្នកស្ម័គ្រចិត្តចូលបម្រើកងទ័ព ឲ្យដើរបិទប្រកាស តាមទីប្រជុំជននានា គ្រប់ខេត្តក្រុងទូទាំងនគរ អញ្ជើញអ្នកខ្លាំងពូកែចូលមករាជធានី ប្រកួតជ្រើសរើសមេទ័ព ដឹកនាំកម្លាំងទប់ទល់សត្រូវតាមសមត្ថភាព។
នៅភូមិមួយដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន មានគេហដ្ឋានមួយខ្នងតូច តែមានសភាពស្អាតបាត សម្ភារៈរៀបចំមានសណ្ដាប់ធ្នាប់សមរម្យ មានទីធ្លាធំទូលាយ។ នៅក្រោយផ្ទះក្រោមម្លប់ឈើត្រឈៃ គេឃើញយុវជនម្នាក់អាយុប្រមាណម្ភៃឆ្នាំ ភ្នែកមុត សក់រួញអង្គាដីចង្កាជុចបន្ដិច ជាសញ្ញាមនុស្សម៉ឹងម៉ាត់ មានប្រាជ្ញាស្មារតីវាងវៃ ឫកពារថ្លៃថ្នូរ សមជាអ្នកបានទទួលការអប់រំយ៉ាងម៉ត់ចត់។
យុវជនកំពុងបញ្ចេញកាយវិការ ហាត់រៀនគុនដាវ គុនលំពែង ជិះសេះ បាញ់ព្រួញ ដោយមានជនចំណាស់ម្នាក់ សក់ល្បាយអាចម៍ខ្លា មុខរាហ៍យ៉ាងមានអំណាច ជាអ្នកណែនាំបង្ហាត់បង្រៀន។ ពេលនោះជនចំណាស់ ថយចូលមកអង្គុយលើគ្រែក្រោមផ្ទះ ដែលមានស្ដ្រីពីរនាក់ ម្នាក់ចំណាស់បន្ដិច ម្នាក់ទៀតជាយុវតី អាយុប្រមាណដប់ប្រាំឆ្នាំ អង្គុយនៅទីនោះ។ ជនចំណាស់ពោលទៅកាន់ស្ដ្រីជាភរិយាថា ៖
– អូនមើលកូនយើងពេលនេះអាយុម្ភៃឆ្នាំហើយ បងបង្រៀននូវក្បួនយុទ្ធសាស្ដ្រ ព្រមទាំងសិល្ប៍សាស្ដ្រគ្រប់យ៉ាង ដែលបងចេះចាំទាំងប៉ុន្មានដល់វា។ វាមានប្រាជ្ញាវាងវៃ រៀនវិជ្ជាទាំងនោះពីបងបានទាំងអស់។ បងសប្បាយចិត្តណាស់ សង្ឃឹមថាថ្ងៃក្រោយ វាមានអានាគតល្អ។ ប្រពន្ធឆ្លើយឡើងថា ៖
– កាលនោះបងបានដឹកនាំកងទ័ព នាំសួយសារអាករ ទៅថ្វាយព្រះរាជានគរភ្នំ។ ពេលត្រឡប់មកវិញ បងរើសបានពងសត្វមួយធំ មកឲ្យអូនទុកថែរក្សា។ ហើយពងនោះញាស់ជាកូននេះឡើង។ ពេលនោះខ្ញុំតែងព្រួយបារម្ភ ក្រែងមានហេតុភេទអ្វីមិនល្អកើតឡើង តែរហូតមកទល់ពេលនេះ គ្មានអ្វីចម្លែកទេ។ យើងក៏បានចិញ្ចឹមស្រឡាញ់ថ្នាក់ថ្នមវាជាកូន គ្មានថ្នាំងថ្នាក់ឡើយ។ បុរសជាស្វាមីឆ្លើយឡើងថា ៖
– អូនកុំបារម្ភអ្វី បងយល់ថា កូនយើងនេះគឺព្រះប្រទានឲ្យយើង ហើយបងគិតថានឹងប្រាប់ការពិតដល់វា។
យុវតីដែលអង្គុយជិតនោះ មិនបានស្ដាប់ពាក្យសន្ទនានេះទេ ព្រោះនាងផ្ចង់ស្មារតី ស្លុងគំនិត យកចិត្តទុកដាក់ តាមដានការហាត់រៀន គ្រប់កាយវិការក្បាច់ប្រយុទ្ធ របស់យុវជន។
តទៅលេខក្រោយ
ព័ត៌មានទាក់ទង