ថ្ងៃទី១៥|តុលា | ២០២៤ ឡូវែល
លោក តារា ហុង អាយុ២៤ ឆ្នាំ បានឈ្នះ«ឆ្នោតជំរុស» ជាបេក្ខជនតំណាងរដ្ឋ ដ៏ក្មេងជាងគេ នៅសង្កាត់លេខ១៨ រដ្ឋម៉ាសាឈូសិត ក្នុងចំណោមបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ ៣នាក់ ដែលបានឈរឈ្មោះ កាលពីខែកញ្ញាមុន, លោក តារា ហុង ពានទទួលសន្លឹកឆ្នោត ១១១៩សន្លឹក ឈ្នះជាបេក្ខជនតំណាងឲ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតជុំទី១ លោកបានឈ្នះបេក្ខជន មានដើមកំណើតខ្មែរម្នាក់ទៀត ឈ្មោះ រ៉ាឌី ម៉ម ដែលធ្លាប់បានកាន់ដំណែងនេះ ១០ឆ្នាំរួចមកហើយ ។ លោក តារា ហុង នឹងទៅជួបប្រកួត តទល់នឹងបេក្ខជនឯករាជ្យម្នាក់ទៀត នៅចុំទី២ថ្ងៃទី ៥វិច្ឆិកាឆ្នាំ២០២៤ ខាងមុខ ជាការប្រកួតផ្តាច់ព្រាត់ ថ្ងៃបោះឆ្នោតលើកក្រោយនោះ ក៏ចំដ្ងៃបោះឆ្នោតប្រធានាធិប សហរ្អាមេរីកផងដែរ។
ជួបសម្ភាសន៍ជាមួយ«ខ្មែរផុសស.រ.អា.»លោក តារា ហុង បានឆ្លើយនឹងសំនួរជាច្រើន ដើម្បីឲ្យបានយល់ពីបុក្ខលិកលក្ខណ់របស់បេក្ខជជនដ៏ថ្មីថ្មោង ក្នុងនយោបាយនៃតំបន់១៨នេះ៖
សំនួរ៖ តើលោកមានសង្ឃឹមប៉ុណ្ណា នៅជុំទី២ខាងមុខ?
តារា ហុងៈ ខ្ញុំមានសង្ឃឹមច្រើន ពីព្រោះខ្ញុំបានធ្វើការប្រស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋច្រើនណាស់ សុំគេឲ្យគាំទ្រខ្ញុំ
សំនួរ៖ តើលោកត្រៀមធ្វើនយោបាយតាំងពីពេលណាមក?
តារា ហុង៖ យូរដែរហើយ! ខ្ញុំរៀននៅវិទ្យាល័យឡូវែលឆ្នាំ២០១៨ បន្ទាប់មកខ្ញុំទៅរៀននៅ«យូម៉ាស់ឡូ» ក្នុងរយៈពេលនោះ ខ្ញុំបានធ្វើការជាមួយសមាគមខ្មែរ នឹងស្ម័ក្រចិត្របំរើសង្គមច្រើនកន្លែង ជាហេតុធ្វើឲ្យខ្ញុំបានស្គាល់នឹងយល់ពីសេចក្តីត្រូវការរបស់សង្គម ព្រមទាំងអ្នកបំរើសង្គម បានច្រើន នោះហើយជាហេតុផលដែននាំឲ្យខ្ញុំចូលធ្វើនយោបាយ លឿនយ៉ាងនេះ
សំនួរៈ តើនៅពេលឈរឈ្មោះនោះ លោកមើលឃើញអ្វីខ្លះ ដែលខ្វះខាតក្នុងសង្គមខ្មែរ?
តារា ហុងៈ នៅតំបន់ដែលខ្ញុំឈរជាដំណាងរាស្ត្រនោះ មានពលរដ្ឋខ្មែរយើងចំនួនច្រើន មានក្រុម«ឡាទីណូ»មានក្រុមស្បែកខ្មៅក៏ច្រើន គឺជាតំបន់ដែលមានជនជាតិភាគតិចចំនួនច្រើន ខ្ញុំបានសន្យាថានឹងមកជួបម្ចាស់ឆ្នោតឲ្យបានច្រើនដង ដើម្បីទទួលយកនូវបញ្ហានានា ទៅជួយដោះស្រាយ ពួកគេចង់ឲ្យមានការកែរប្រែនៅគ្នុងតំបន់លេខ១៨នោះ គេថាកាលពីអាណត្តិមុនៗ គេពុំបានឃើញពូ រ៉ាឌី ម៉ម ចេញមកជួបពួកម្ចាស់ឆ្នោតទេ តាំងពី៥អាណត្តិមកហើយ …
សំនួរៈ ដូច្នេះតើអ្វីទៅដែលនាំឲ្យលោក រ៉ាឌី ម៉ម ជាប់ឆ្នោតបានដល់៥អាណត្តិ តើគេពេញចិត្តលោក រ៉ាឌី ម៉ម នៅត្រង់ណា?
តារា ហុងៈ កាលពីអាណត្តិទី១ទី២ របស់ រ៉ាឌី ម៉ម គេចង់ឃើញក្រុមខ្មែរចូលក្នុងសភា តែនៅអាណត្តិទី៣ទី៤ មានបេក្ខជនខ្មែរផ្សេងទៀត ក៏បានចូលទៅឈរឈ្មោះដែរ បានធ្វើឲ្យបែកសន្លឹកឆ្នោត តែពូ រាឌី ម៉ម នៅរក្សាដំណែងបានដោយអ្នកកាន់ដំណែងតែងបានចំណេញប្រជាប្រីយភាព ហើយខ្មែរយើងក៏មិនសូវបានចេញទៅបោះឆ្នោតទេ…តែចុងក្រោយនេះពេលបោះឆ្នោតជុំទី១ ថ្ងៃទី៩ខែមិនា២០២៤ខ្ញុំបានទៅគោះទ្វារគ្រប់ផ្ទះ នៅតំបន់«ហាយឡិន»នឹងតំបន់ផ្សេង សូមអញ្ជើញគេឲ្យចេញទៅបោះ ខ្ញុំក៏បានចំនួនអ្នកចេញទៅបោះឆ្នោត កើនឡើងជាង៣០០សម្លេង ដែលជាហេតុធ្វើឲ្យខ្ញុំបានសម្លេងឈ្នះលើពូ រ៉ាឌី ម៉ម ចំនួន១៨២សម្លេង…
សំនួរៈ តើលោកមានដឹងទេដា អ្នកបោះឆ្នោតគេផ្លាស់ប្តូរចិត្ត លែងចង់បោះឆ្នោតឲ្យ រ៉ាឌី ម៉ម ឬក៏មនុស្សថ្មីទើបនឹងចេញមក?
តារា ហុងៈ មានខ្លះគេក៏ប្តូរចិត្តដែរ តែដោយសារខ្ញុំទៅគោះទ្វារតាមផ្ទះ បាននិយាយជាមួយម្ចាស់ឆ្នោត ដោយចំពោះមុខ សុំឲ្យគេផ្តល់ឳកាសឲ្យខ្ញុំបានបំរើសហគមន៍យើង ថាតើអ្វីទៅដែលសំខាន់សម្រាប់សង្កាត់១៨យើង តើវិស័យអប់រំ នឹងវិស័យអាចទិញផ្ទះក្នុងតម្លៃថោក ពលរដ្ឋយល់យ៉ាងណា? គឺជាឳកាសដ៏ល្អសម្រាប់ពន្យល់អ្នកបោះឆ្នោត ឲ្យចង់មានការផ្លាស់ប្តូរ ដែលអាចឲ្យខ្ញុំបំរើដោយគ្មានល្បិចបាន ហេតុនោះហើយបានជាមានមនុស្សចេញមកបោះឆ្នោតច្រើន
សំនួរៈ ក្នុងករណីដែលលោក តារា ហុង ឈ្នះឆ្នោតលើបេក្ខជនឯករាជ្យ ដេវ អាវឡេត នៅថ្ងៃទី៥វិច្ឆិកាខាងមុខ តើលោកមានគម្រោងទៅភ្នំពេញ ទៅសុំឳវាទពីនាយករដ្ឋមន្ត្រីខ្មែរដែរឬទេ? ដោយហេតុថា មានបេក្ខជនមុនៗបានធ្វើយ៉ាងនោះ នៅពេលជាប់ឆ្នោតជាសមាជិសភាភ្លាមមក
តារា ហុងៈ ខ្ញុំមិនមានគម្រោងទៅសុំឳវាតពិលោក ហ៊ុន សែន ឬអ្នកធំៗនៅកម្ពុជាអីទេ ខ្ញុំយល់ថា បើចង់ឲ្យមានការរីកចំរើនក្នុងតំបន់១៨យើង គឺយើងត្រូវនិយាយជាមួយពលរដ្ឋក្នុងសង្កាត់យើង ស្វែងរកជាមួយគ្នានូវការរីកចំរើនជាមួយគ្នា…
សំនួរៈ នៅក្នុងគំរូនៃនយោបាយរបស់ តារា ហុង ខ្លួនឯង សម្រាប់សហគមន៍ខ្មែរ តើមានគំរូណាមួយដែល តារា យល់ថាអាចយកមកពីកម្ពុជា មកប្រើបាននៅសហរដ្ឋនេះដែរឬទេ?
តារា ហុងៈ អត់មានទេ ហើយក៏មិនចូលចិត្តដែរ!… ខ្ញុំមកដល់សហរដ្ឋអាមេរីកនេះនៅឆ្នាំ២០១៣ មានអាយុ១៣ឆ្នាំមិនបានចងចាំពីនយោបាយនៅកម្ពុជាទេ, ខ្ញុំរៀននៅសាលា«មីឌលសិក» រៀនពីនយោបាយ ពីវប្បធម៍អាមេរីកាំង ពីតម្លៃនៃប្រជាជនអាមេរីក ពីសេរីភាព ពីប្រជាធិបតេយ្យ… ខ្ញុំក៏មិនដឹងច្បាស់ពីនយោបាយនៅកម្ពុជានោះដែរ…តែខ្ញុំបានឰពីពលរដ្ឋខ្មែរជាច្រើនថា គេចង់ឃើញការផ្លាស់ប្តូរចេញពីនយោបាយទាក់ទង ទៅនឹងកម្ពុជារបស់ រ៉ាឌី ម៉ម ហើយក៏ឃើញថានយោបាយរបស់គាត់ លែងមានប្រសិទ្ធិភាពថែមទៀត… ពួកគេបន្តថា ចង់ឃើញមនុស្សជំនាន់ថ្មី មានឋាមពលថ្មី មានគំនិតថ្មី ចេញមកដឹកនាំនយោបាយថ្មី ក្នុងតំបន់ ពីព្រោះពេលវេលាមកដល់សម្រាប់ពួកអ្នកជំនាន់ថ្មីហើយ សម្រាប់ធ្វើឲ្យសង្គមរីកចំរើន។
សំនួរៈ តើលោក រាឌី ម៉ម បានសម្តែងការចុះចាញ់ចំពោះអ្នកឈ្នះ ដែលជាវប្បធម៍បោះឆ្នោត ដែរឬទេ?
តារា ហុងៈ គាត់បានទូរស័ព្ទមក«ជូនពរ»ខ្ញុំនៅថ្ងៃបន្ទាប់ ដែរ តែមិនទាន់ជួបផ្ទាល់នៅឡើយទេ!
សំនួរៈ នៅថ្ងៃទី៥វិច្ឆិកាខាងមុខនេះ នឹងមានការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរីកដែរ លោក តារា ហុង ដែលជាសមាជិគណបក្សប្រជាធិបតេយ្យ ដូចលោកស្រី កាមាឡា ហារីស ដែរនោះ នឹងមើលឃើញថាតើគ្រុងឡូវែល ដ៏មានពលរដ្ឋខ្មែរអាមេរីកាំងយ៉ាងច្រើនរស់នៅទីនោះ នឹងមានឥរិយាបទបែបណា ចំពោះការបោះឆ្នោតដ៏សំខាន់នោះ?
តារា ហុងៈ ខ្ញុំជឿថាប្រជាពលរដ្ឋខ្មែរនៅឡូវែលនេះ នឹងចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ខ្លួនខ្ញុំដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ នឹងគាំទ្រដល់បេក្ខភាពរបស់អនុប្រធានាធិបតី កាមាឡា ហារីស នឹងអភិបាលរដ្ឋ ធីម វ៉ល ក្នុងការប្រកួតដំណែងប្រធានាធិបតី ជាមួយលោក ឌណល ត្រាំ ខាងគណបក្សសាធារណរដ្ឋ។ ខ្ញុំសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ចេញទៅបោះឆ្នោតនៅថ្ងៃ ទី៥វិច្ឆិកា២០២៤នេះ ដើម្បីបំពេញភារៈកិច្ច ជាពលរដ្ឋអាមេរីកាំង ឲ្យបានគ្រប់គ្រប់គ្នា៕