ដោយ ឌឹ ខេមបូឌា ដេលី
April 4, 2025
អ្នកឃ្លាំមើលសង្គមលើកឡើងថា ការប្រព្រឹត្តខុសវិន័យកម្លាំងប្រដាប់អាវុធរបស់បុគ្គលឈ្មោះ ឈាវ មុន្និន ជាសញ្ញាបង្ហាញឱ្យឃើញពីកម្សោយកម្លាំងការពារជាតិខ្មែរ និងបង្ហាញឱ្យឃើញពីកម្រិតទាបនៃការគ្រប់គ្រងរបស់ស្ថាប័នការពារទឹកដីរបស់កម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មេសា នេះថា បើពិនិត្យលើរូបសម្បត្តិរបស់បុគ្គលឈ្មោះ ឈាវ មុន្និន នេះ ដោយប្រៀបធៀបជាមួយនឹងតួនាទីក្នុងកងកម្លាំងប្រដាប់អាវុធរបស់គេ គឺមិនសក្ដិសមទាល់តែសោះ ព្រោះបុគ្គលរូបនេះនៅក្មេងល្ហក់ តែមានឋានន្តរស័ក្តិថ្នាក់ឧត្ដមសេនីយ៍ត្រីផ្កាយ១ និងមានងារជាឧកញ៉ាថែមទៀតនោះ។
លោកបន្តថា មន្ត្រីកងកម្លាំងម្នាក់ៗមុននឹងទទួលបានឋានន្តរស័ក្តិថ្នាក់ឧត្ដមសេនីយ៍ត្រីផ្កាយ១ ត្រូវឆ្លងកាត់រយៈពេល និងការបំពេញការងារ រួមទាំងស្នាដៃច្រើនណាស់ ប៉ុន្តែបុគ្គលម្នាក់ដែលមានសាច់សខ្ចី ធាត់ទ្រលុកទ្រលន់បែបនេះ មិនសមទំនងថានឹងបានឆ្លងកាត់ការបំពេញភារកិច្ច និងមានស្នាដៃ រួមទាំងបានឆ្លងកាត់ការបណ្តុះបណ្តាលពីសាលាយោធាដោយត្រឹមត្រូវនោះទេ។
លោក ម៉ែន ណាត ជំរុញឱ្យក្រសួងការពារជាតិ ស្រាវជ្រាវពីការតែងតាំងឋានន្តរសក្តិ និងតួនាទីរបស់បុគ្គលរូបនេះ ដើម្បីឱ្យប្រាកដថាបានមកដោយរបៀបណា ដោយអំពើពុករលួយ ឬដោយការបំពេញមុខងារពិតប្រាកដ។
អ្នកឃ្លាំមើលសង្គមរូបនេះព្រមានថា កម្ពុជានឹងមិនអាចការពារទឹកដីរបស់ខ្លួនបានទេ បើរដ្ឋាភិបាលត្រកូលហ៊ុនប្រឹងពង្រឹងតែកងកម្លាំងកងអង្គរក្សសម្រាប់ការពារអំណាចក្រុមគ្រួសាររបស់ខ្លួន ជាជាងពង្រឹងកងកម្លាំងសម្រាប់ការពារជាតិនោះ។
នៅដើមខែមេសា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ឈាវ មុន្និន ដែលមានគោរមងារជាឧកញ៉ា និងមានតួនាទីជានាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសកងទ័ពជើងអាកាស ក្រសួងការពារជាតិ បានថតបង្ហោះវីដេអូរាំច្រៀងលើបណ្ដាញសង្គម TikTok ដោយបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន។
ក្នុងវីដេអូនោះ បុគ្គលឈ្មោះ ឈាវ មុន្និន ក៏បានបង្ហាញក្រដាសប្រាក់ដុល្លារលើតុការិយាល័យរបស់ខ្លួនក្នុងក្រសួងការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ថា អាកប្បកិរិយាមិនសមរម្យរបស់បុគ្គលឈ្មោះ ឈាវ មុន្និន បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ក៏បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យក្នុងបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលរូបនេះបានប្រព្រឹត្ត ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទផងដែរ៕