Top Mobile Banner

ក្រុមការងារកសាងផ្លូវក្រវាត់ព្រំដែនប្ដេជ្ញាធ្វើឱ្យចប់ជាស្ថាពរមុនរដូវភ្លៀងធ្លាក់ជោគជាំនារដូវវស្សា

ដោយ ឌឹ ខេមបូឌា ដេលី
April 4, 2025
ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្ដេជ្ញាសម្រេចការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជានៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ឲ្យចប់ជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខ ខណៈដំណើរការនៃការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជិត ៤០%។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា បានឲ្យដឹងថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែនជាមួយឡាវ និងវៀតណាម សម្រេចបានប្រមាណ ៣៩,៩២%នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤៤,៩០គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី សម្រេចបានប្រវែង ៣០,៣០គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦%។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសម្រេចបានលើផ្ទៃដីទំហំជិត៣លានម៉ែត្រការ៉េ (២៧៥២ ៥០០ម៉ែត្រការ៉េ) ឬស្មើនឹង ៤៤% នៃផ្ទៃដីសរុបដែលគ្រោងរាវទំហំជាង ៦លានម៉ែត្រការ៉េ (៦២៥០០០០ម៉ែត្រការ៉េ)។
ប្រភពដដែលអះអាងថា ចំពោះវឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៥ខែកន្លងមកនេះ ក.គ.ម បានបង្ហាញពីការងារឈូសព្រៃសម្រាប់រកផ្លូវខ្សែដំបូង ការឈូសផ្លូវទទឹងសម្រាប់រកអ័ក្សផ្លូវ ការលុបជ្រលង-អូរ ការបន្ទាបចំណោតភ្នំ និងការធ្វើប្រឡាយ រួមទាំងការកសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ ក្រាលល្បាយកម្ទេចថ្ម ជាដើម។
ក្រុមការងារអះអាងថា ពួកគេកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេសមានគុណភាព និងភាពធន់នឹងអាកាសធាតុ បន្តជំរុញល្បឿននៃការកសាងសំណង់ ហើយធ្វើយ៉ាងណាឱ្យសម្រេចជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាដ៏ឆាប់ខាងមុខនេះ។

ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា មូលនិធិកសាងផ្លូវក្រវាត់ព្រំដែនរបស់រដ្ឋាភិបាលត្រកូលហ៊ុន មិនប្រាកដថា ជាមូលនិធិកសាងផ្លូវក្រវាត់ព្រំដែនទេ ប៉ុន្តែអាចជាផែនការមូលនិធិកសាងខ្សែក្រវាត់ការពារអំណាចរបស់ត្រកូលហ៊ុនតែប៉ុណ្ណោះ។

ប្រភពដដែលអះអាងថា តើអាចទៅរួចដែរឬទេនៅពេលសាងសង់ផ្លូវរួចរាល់ រដ្ឋាភិបាលនៃគ្រួសារត្រកូលហ៊ុននឹងចែកដីឲ្យជនជាតិវៀតណាមរាប់ម៉ឺនគ្រួសារដែលរស់នៅលើទឹក ឲ្យទៅរស់នៅលើគោក ហើយផ្តល់កម្មសិទ្ធិដីធ្លីដូចពលរដ្ឋខ្មែរ ព្រោះមេរៀននេះ រដ្ឋាភិបាលចាស់របស់លោក ហ៊ុន សែន បានអនុវត្តនៅខេត្តកំពង់ឆ្នាំង ដោយជោគជ័យម្តងរួចទៅហើយ។
ក.គ.ម. ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីមានភាពចម្រូងចម្រាសខ្លាំងរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យរដ្ឋាភិបាលកម្ពុជាប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ក្រោយពីដកខ្លួនចេញ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានថវិកាសរុបជិត ២៧លានដុល្លារ៕

ព័ត៌មានទាក់ទង