ដោយ ឌឹ ខេមបូឌា ដេលី
April 5, 2025
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បង្ហាញពីតារាងដំឡើងពន្ធលើគ្រប់ប្រទេសដែលធ្វើជំនួញជាមួយខ្លួនកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។
រដ្ឋបាលលោក ដូណាល់ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតុន ប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជា ដល់ទៅ ៤៩% ដើម្បីឆ្លើយតបទៅនឹងពន្ធទំនិញ ៩៧% ដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិក ដែលធ្វើឲ្យកម្ពុជាឈរនៅកំពូលតារាងក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំងអស់។
ក្នុងពិធីប្រកាសដំឡើងពន្ធលើគ្រប់ប្រទេសធ្វើជំនួញជាមួយសហរដ្ឋអាមេរិក របៀបដាក់ពន្ធតបទៅវិញទៅមក ហៅថា Reciprocal Tariff លោក ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា នេះ បានផ្ទុះសំណើចនៅពេលដែលពួកគេរាប់ដល់ឈ្មោះប្រទេសកម្ពុជា ដែលត្រូវបង់ពន្ធខ្ពស់ជាងគេរហូតដល់ ៤៩% ក្នុងចំណោមប្រទេសទាំង ១៨៥ ខណៈដែលប្រទេសកម្ពុជាបានយកពន្ធលើទំនិញជាផលិតផលប្រណីតពីសហរដ្ឋអាមេរិករហូតដល់ ៩៧% ដែរនោះ។
សូមបញ្ជាក់ថា ពន្ធនាំទំនិញចូលដែលរដ្ឋការអាមេរិកាំងថាប្រទេសកម្ពុជាយកពន្ធ ៩៧% នោះ តាមពិតគេគណនាតាមរបៀបការធ្វើជំនួញមិនស្មើភាពជាមួយគ្នា។ ទំនិញដឹកពីប្រទេសកម្ពុជា ទៅលក់នៅសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួនជិត ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ រីឯទំនិញដឹកពីសហរដ្ឋអាមេរិកនាំចូលមកប្រទេសកម្ពុជា ក្នុងឆ្នាំដូចគ្នា មានទឹកប្រាក់ចំនួនប្រមាណ ៣០០លានដុល្លារប៉ុណ្ណោះ។ នេះក្នុងភាសាសេដ្ឋកិច្ច គេហៅថា អតិរេក ឬ surplus ជាភាសាអង់គ្លេស។
ប្រធានាធិបតី ត្រាំ យល់ថា គេយកលុយពីសហរដ្ឋអាមេរិកតាមរបៀបនេះយ៉ាងសន្ធឹកសន្ធាប់រាល់ឆ្នាំ ព្រោះតែគ្មានពន្ធ ឬពន្ធទាប។ លោកបន្ថែមថា នេះលោកបញ្ចុះតម្លៃផង ដែលហៅថា discounted tariffs។
ក្រៅពីកម្ពុជា ប្រទេសសមាជិកអាស៊ានមួយចំនួនក៏ត្រូវតម្រូវឱ្យបង់ពន្ធដែរ ដូចជា វៀតណាម ត្រូវបង់ពន្ធ ៤៦% ឡាវ ៤៨% ភូមា ៤៤% ថៃ ៣៦% ឥណ្ឌូនេស៊ី ៣២% ម៉ាឡេស៊ី ២៤% សិង្ហបុរី ១០% និងប្រទេសហ្វីលីពីន ១៧% ដូច្នេះបង្ហាញថាកម្ពុជាជាប់កំពូលតារាងជាប្រទេសរងការបង់ពន្ធខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ាននាពេលនេះ។
ជុំវិញបញ្ហានេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ មេសា នេះ ដោយព្រមានថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ៤៩% លើទំនិញពីស្រុកខ្មែរ ដែលនឹងចូលជាធរមានចាប់ពីម៉ោង ១២.០០នាទីព្រឹកនៅថ្ងៃទី៩ ខែមេសា ខាងមុខនេះ ហើយប្រសិនបើប្រទេសកម្ពុជាមិនដោះស្រាយឱ្យទាន់ពេលទេ វាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ។
ប្រធានសភាពាណិជ្ជកម្មរូបនេះអះអាងថា នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅសហរដ្ឋអាមេរិកចំនួន ១២,៨ពាន់លានដុល្លារ ប៉ុន្តែបាននាំចូលមកវិញត្រឹមតែ ៣០០លានដុល្លារប៉ុណ្ណោះ។
លោក ខេស៊ី បាណេត បញ្ជាក់ថា សហរដ្ឋអាមេរិកបានស្នើសុំការកាត់បន្ថយពន្ធលើការនាំចេញរបស់សហរដ្ឋអាមេរិក ការសម្របសម្រួលការផ្តល់អាជ្ញាបណ្ណអាជីវកម្មរបស់សហរដ្ឋអាមេរិក ដូចជា Starlink និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខជាតិនាពេលកន្លងមក ដូច្នេះកម្ពុជាគួរតែផ្តល់អាជ្ញាបណ្ណឱ្យកាន់តែឆាប់រហ័សដល់អាជីវកម្មរបស់សហរដ្ឋអាម៉េរិក ដូចជា Starlink ជាដើម។
ចំណែកអ្នកទទួលខុសត្រូវផ្នែកសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ មេសា នេះដែរថា ការកម្រិតពន្ធនេះអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យវាយនភណ្ឌកាត់ដេរ ដេរស្បែកជើង និងផលិតផលធ្វើដំណើរ រួមទាំងទំនិញផ្សេងទៀតដែលស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក។
លោក ឃុន ថារ៉ូ លើកឡើងថា វិស័យកាត់ដេរ ដេរស្បែកជើង និងផលិតផលធ្វើដំណើរ ស្មើនឹងប្រមាណ ៥០ភាគរយនៃផលិតផលនាំចេញសរុបពីប្រទេសកម្ពុជា បានផ្តល់ការងារដល់កម្មករជិត ១លាននាក់ ចំណែកពលរដ្ឋ និងអ្នកទទួលផលប្រយោជន៍ពីផ្នែកសេដ្ឋកិច្ចមួយនេះ ក៏មានចំនួនរហូតដល់ទៅជាង ៣លាននាក់ដែរ។
លោក ឃុន ថារ៉ូ គូសបញ្ជាក់ថា រោងចក្រអាចបិទទ្វារ កម្មករនឹងប្រឈមការបាត់បង់ការងារ និងប្រាក់ចំណូល ហើយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាក៏នឹងធ្លាក់ចុះថែមទៀត ដែលជាហេតុនាំឱ្យកម្ពុជាមានវិបត្តិសេដ្ឋកិច្ច និងសង្គមកាន់តែជ្រៅ។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មេសា នេះថា តួលេខកំណត់ពន្ធរបស់អាមេរិកសម្រាប់កម្ពុជានៅពេលនេះ គឺជាបណ្តាសាយ៉ាងធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្រោះក្រុមហ៊ុន និងរោងចក្រដែលរកស៊ីនៅកម្ពុជា ប្រាកដជាផ្លាស់ទៅរកស៊ីនៅប្រទេសផ្សេងជាមិនខាន។ មួយវិញទៀត ក្រុមហ៊ុនចិន ដែលរើពីស្រុកចិន មកបោះទីតាំងនៅស្រុកខ្មែរ ព្រោះខ្លាចបង់ពន្ធខ្ពស់លើផលិតផលពីស្រុកចិន នោះ ក៏ទំនងជានឹងគិតសាជាថ្មីដែរ។
លោក អ៊ុំ សំអាន អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាកសាងចំណងនយោបាយការទូតជាមួយអាមេរិកឱ្យល្អឡើងវិញ រួមទាំងស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ ដើម្បីជាទម្ងន់មួយក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ឱ្យមហាអំណាចមួយនេះបន្ធូរបន្ថយពន្ធលើការនាំចូលទំនិញរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅថ្ងៃមុខ។
អ្នកវិភាគសេដ្ឋកិច្ចខ្លះនិយាយថា នេះជាផលវិបាកពីការគ្រប់គ្រងសេដ្ឋកិច្ចជាតិបែបពុករលួយ ខាតបង់ថវិកាជាតិ គឺពេលណាសេដ្ឋកិច្ចជួបវិបត្តិ រដ្ឋគ្មានថវិកាបម្រុងសម្រាប់ជួយផ្នែកផលិតកម្មទេ មានតែខ្ចីបុលគេប៉ុណ្ណោះ៕