ដោយ ឌឹ ខេមបូឌា ដេលី
April 7, 2025
មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា កំពុងខ្វែងគំនិតគ្នាជុំវិញបញ្ហាដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខណៈសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង សម្ដែងការព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាចំពោះបញ្ហានេះ។
ក្រោយពីលោក ដូណាល់ ត្រាំ សម្រេចដំឡើងពន្ធគយលើទំនិញនាំចូលមកកាន់ទីផ្សារអាមេរិកចំនួន ៤៩% មន្ត្រីរដ្ឋាភិបាលកម្ពុជាបានលើកឡើងខុសៗគ្នាជុំវិញបញ្ហានេះ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល លើកឡើងកិច្ចសម្ភាសន៍ពិសេសស្ដីពីការដំឡើងពន្ធគយរបស់អាមេរិកលើទំនិញកម្ពុជានៅថ្ងៃទី៤ មេសា នេះថា ការដំឡើងពន្ធនេះ អ្នកប៉ះពាល់មុនគេ គឺអាមេរិកដែលជាអ្នកបញ្ជាទិញ បន្ទាប់មកទើបប៉ះពាល់ដល់ធុរកិច្ចនៅកម្ពុជា។

អ្នកស្រី ចម និម្មល អំពាវនាវឱ្យប្រជាពលរដ្ឋកុំឱ្យភ័យបារម្ភ និងកុំឱ្យមានមន្ទិលសង្ស័យលើរដ្ឋាភិបាលនូវដំណោះស្រាយចំពោះមុខ ដែលរដ្ឋាភិបាលអាម៉េរិកប្រកាសដំឡើងពន្ធគយដល់ ៤៩% មកលើកម្ពុជានៅពេលនេះ ព្រោះរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះការងារនេះ។
ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បែរជាទទួលស្គាល់ថា ការដំឡើងពន្ធនេះនឹងនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាទៅវិញ ប៉ុន្តែមិនប៉ះខ្លាំងនោះទេ។
ដោយឡែករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ អះអាងថា ការដំឡើងពន្ធនេះមិនប៉ះពាល់ ១០០% ដល់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកឡើយ ខណៈកម្មករ និងប្រជាពលរដ្ឋខ្មែរគ្រាន់តែរងផលប៉ះពាល់ខ្លះប៉ុណ្ណោះ ប៉ុន្តែបើគិតជារួម កម្ពុជាអាចគ្រប់គ្រងបានដដែល។
អ្នកគ្រប់គ្រងផ្នែកសិទ្ធិការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងនៅថ្ងៃទី៤ មេសា នេះថា កម្ពុជាគ្មានគីឡូ និងជញ្ជីងពាណិជ្ជកម្មណាមួយទៅតតាំងជាមួយអាមេរិកនោះទេជុំវិញការដំឡើងពន្ធនេះ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា អ្វីដែលកម្ពុជាត្រូវធ្វើជាបន្ទាន់នៅពេលនេះ គឺផ្លាស់ប្ដូរឥរិយាបថការទូត ដើម្បីចរចាជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្រោមលក្ខខណ្ឌតម្កល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់ខ្មែរជាធំ ទោះត្រូវឱនលំទោនខ្លះក៏ដោយ ដូចសុភាសិតខ្មែរថា ឱនដាក់គ្រាប់ ងើយស្កក។

ក្នុងកិច្ចប្រញាប់ប្រញាល់សុំបន្ថយពន្ធពីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយទៅប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) សុំចរចា ដោយចាត់តាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ជាមេដឹកនាំកិច្ចចរចា។
ក្នុងលិខិតនោះ លោក ហ៊ុន ម៉ាណែត បានហៅលោក ត្រាំ ថាលោកប្រធានាធិបតីដ៏ថ្លៃថ្លាខ្ពង់ខ្ពស់ជាទីគោរព។ លោកថា លោកចង់ថែរក្សាទំនាក់ទំនងជំនួញទ្វេភាគីឲ្យយូរអង្វែង ហើយថានឹងបញ្ចុះអត្រាពន្ធទំនិញ ១៩ប្រភេទពីសហរដ្ឋអាមេរិកអតិបរមាព្រមព្រៀងគ្នាពី ៣៥% មកអនុវត្តត្រឹមតែនៅ ៥% ពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ភាគីខ្មែរសុំចរចា ហើយមិនទាន់បានចរចាគ្នាផង លោក ហ៊ុន ម៉ាណែត បញ្ចុះពន្ធឲ្យសហរដ្ឋអាមេរិកមុនទៅហើយ ដោយអះអាងថា នឹងប្ដេជ្ញាពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នាឲ្យកាន់តែមានជម្រៅ៕