ក្រុមប្រឹក្សាជាតិតស៊ូ ដែលទើបបង្កើតឡើងដោយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីចុងខែមីនា អំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងពិភពលោករួមគ្នាទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន»សើរើដីសម្បទានដល់ក្រុមហ៊ុនវៀតណាមជាង២៤ម៉ឺនហិកតា ស្ថិតក្នុងខេត្តរតនគិរីមណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។
ដោយ ប្រាជ្ញ ចេវ
2025.04.03
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមូលផ្តុំគ្នាធ្វើបាតុកម្មនាទីក្រុងសេអ៊ូល (Seoul) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ (រូប៖ពលរដ្ឋផ្ដល់ឱ្យ)
លិខិតរបស់ក្រុមប្រឹក្សាជាតិតស៊ូចុះថ្ងៃទី០១មេសា លើកឡើងថា ថ្វីត្បិតកម្លាំងតស៊ូធ្វើបាតុកម្មជាបន្តបន្ទាប់របស់ក្រុមពលរដ្ឋនៅក្រៅប្រទេសបានបង្ខំឲ្យរដ្ឋាភិបាល និងសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចដកកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)ជាមួយប្រទេសឡាវ និងវៀតណាម ប៉ុន្តែលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែតមិនទាន់ចាត់វិធានការដោះស្រាយដើម្បីអាចធានាសុវត្ថិភាពទឹកដីនៅឡើយទេ។
ក្រុមប្រឹក្សាជាតិតស៊ូនឹងបន្តដឹកនាំធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលសើរើការផ្ដល់ដីសម្បទានឱ្យវៀតណាមក្រុមប្រឹក្សាជាតិតស៊ូ អំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងពិភពលោករួមគ្នាទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន»សើរើដីសម្បទានដល់ក្រុមហ៊ុនវៀតណាមជាង២៤ម៉ឺនហិកតា។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ ប្រាប់អាស៊ីសេរីថាការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនវៀតណាមនៅតំបន់ទាំងនោះមានរបៀបលាក់កំបាំង ហើយក្រុមហ៊ុនវៀតណាម និងពលរដ្ឋវៀតណាមខុសច្បាប់ដែលមករកស៊ីនិងរស់នៅលើដីសម្បទានទាំងនោះ មានចរិតអប្បគមន៍ដីធ្លី ឬកាន់កាប់ជាភូមិឋានរបស់ខ្លួនតែម្ដងមិនមែនជាការធ្វើអាជីវកម្មធម្មតាឡើយ។ លោកចោទថា ដោយសារវៀតណាមមានចេតនាចង់លេបយកទឹកកម្ពុជាផង ដូច្នេះត្រូវទាមទារឱ្យមានការសើរើឡើងវិញ។
ក្រុមប្រឹក្សាជាតិតស៊ូយើងធ្វើ គឺប្រមូលផ្ដុំកម្លាំង សហការគ្នាជាមួយចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ស្ថាប័នដៃគូនានា ប្រជាពលរដ្ឋយុវជនឆ្នើមៗនៅទូទាំងពិភពលោក ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្រ្ដាលី អាមេរិក កាណាដា និងអឺរ៉ុបជាដើម ទាមទារគ្រប់មធ្យោបាយ ទាំងផ្លូវច្បាប់ ហើយជាពិសេសគឺការប្រមូលផ្ដុំកម្លាំងធ្វើបាតុកម្មទូចឱ្យរដ្ឋាភិបាល ត្រូវសើរើដីសម្បទានដែលត្រួតត្រាដោយក្រុមហ៊ុនវៀតណាម។
— លោក គឹម សុខ
ក្រៅពីការទាមទារឱ្យសើរើការផ្ដល់ដីសម្បទានឱ្យក្រុមហ៊ុនវៀតណាមក្រុមប្រឹក្សាជាតិតស៊ូក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់និន្នការនយោបាយទាំងអស់បន្តចេញធ្វើបាតុកម្មបន្តទៀត ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកបញ្ហារឿងកោះគជ់ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ទើបបញ្ជាក់ថា កម្ពុជានៅមិនទាន់ធ្វើឱ្យបាត់បង់កោះគជ់ទៅភាគីថៃនៅឡើយទេ៕