សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ច្រានចោលសំណើរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានស្នើឱ្យតុលាការកុំបំបែកសំណុំរឿងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) របស់ជនជាប់ចោទជិត ៤០នាក់ចេញពីគ្នា។
សាលាឧទ្ធរណ៍ក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកសវនាការលើសំណុំរឿងសកម្មជនសង្គមចំនួន ៣៧នាក់ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ដោយប្រកាសតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានបំបែកសំណុំរឿងនេះទៅជា ៥សំណុំរឿងដូចមុនដដែល។
ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ លោក អ៊ឹម វណ្ណៈ បានបដិសេធចោលទាំងស្រុងនូវសំណើរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ព្រមទាំងជនជាប់ចោទ ៤នាក់ទៀតដែលបានស្នើឱ្យតុលាការកុំបំបែកសំណុំរឿងនេះដាក់ដោយឡែកពីគ្នានោះ។
បន្ទាប់ពីសវនាការត្រូវបានបញ្ចប់ លោក សឺន ជុំ ជួន ដែលជាសហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អះអាងថា លោកនឹងពិភាក្សាជាមួយកូនក្ដីរបស់លោកដើម្បីប្ដឹងជំទាស់ទៅតុលាការកំពូលបន្តទៀត ព្រោះការបំបែកសំណុំរឿងបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ចំពោះកូនក្ដីរបស់លោក។
លោក សឺន ជុំ ជួន បញ្ជាក់ថា ការបំបែកសំណុំរឿងបែបនេះ នឹងអូសបន្លាយពេលវេលានៃការជំនុំជម្រះកាន់តែយូរសម្រាប់សកម្មជនទាំងនោះ រួមទាំងកូនក្ដីរបស់លោកផងដែរ ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ។
ចំណែកមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត លើកឡើងថា តាមការកត់សម្គាល់របស់លោកចំពោះការសម្រេចរបស់តុលាការបែបនេះ គឺស្មើនឹងធ្វើទុក្ខបុកម្នេញទៅលើសកម្មជនសង្គមទាំងនោះទៅវិញទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា កន្លងមក តុលាការក៏ធ្លាប់កាត់ក្ដីលើសំណុំរឿងបក្សប្រឆាំងដែលមានសមាជិកចន្លោះពី ៤០ ទៅ ៥០នាក់ដែរ ដូច្នេះតុលាការគួរតែទទួលយកការស្នើសុំជនរងគ្រោះដែលចង់បានការជំនុំជម្រះក្នុងសំណុំរឿងតែមួយ។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន រួមជាមួយសហការីរបស់លោក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជុំវិញការធ្វើអត្ថាធិប្បាយអំពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV)។
ជុំវិញការធ្វើអត្ថាធិប្បាយនេះ តុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥។
មនុស្សដែលត្រូវរដ្ឋាភិបាលចាប់ខ្លួនរួមមានសកម្មជនសង្គម និងសកម្មជននយោបាយ ជាដើម ដូចជា ក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សកម្មជនចលនាមាតាធម្មជាតិ យុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមទាំងសកម្មជននយោបាយជាច្រើននាក់ផ្សេងទៀតផងដែរ។
សកម្មជនទាំងនោះត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង ៧ខែហើយ បើគិតមកទល់នឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ៕