អ្នកនាំពាក្យការបរទេស៖ វិធីរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែន និងរបៀបវារៈកិច្ចប្រជុំ JBC នោះឡើយ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងថា វិធីរបស់ថៃ ដែលចង់ផ្តាច់អគ្គិសនី និងអ៉ីនធើណិត ដែលលក់ឱ្យកម្ពុជា មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងរបៀបវារៈកិច្ចប្រជុំ JBC ខាងមុខនេះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បែបនេះដល់ បណ្តាញព័ត៌មាន Fresh News ឆ្លើយតបនឹងសំណួរដែល Fresh News ចោទថា តើលោកយល់យ៉ាងណាដែលថ្មីៗនេះ មានការផ្សាយព័ត៌មានរបស់កាសែតថៃថា ថៃមានគម្រោងកាត់ផ្តាច់បណ្តាញអគ្គិសនី និង internet ជាមួយកម្ពុជានៅតំបន់ព្រំដែនថៃ-កម្ពុជា និងថាវិធានការនេះនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងករណីដែលកម្ពុជាធ្វើការដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC ខាងមុខនេះ?
ជាការឆ្លើយតប លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ពីការបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។ រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ»។
លោកបានបន្ថែមថា៖ «កម្ពុជាបានត្រៀមរៀបចំរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ JBC ខាងមុខនេះ ដែលត្រូវប្រព្រឹត្តទៅក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក។ ការប្រើវិធីរបៀបនេះ វាមិនធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរជាគោលការណ៍ ដូចបានលើកឡើងខាងលើនោះឡើយ ផ្ទុុយទៅវិញវាគ្រាន់តែធ្វើឱ្យភាពតានតឹងកើនឡើងប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ភាគីថៃ កាលពីពេលថ្មីៗនេះ បានស្នើឱ្យកម្ពុជាដាក់បញ្ចូលរបៀបវារៈចំណុចទាំង៤ ដែលកម្ពុជាសម្រេចប្តឹងទៅ ICJ ទៅក្នុងរបៀបវារៈក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ប៉ុន្តែបញ្ហានេះ កម្ពុជាបានបញ្ជាក់រួចហើយថា ចំណុចទាំង៤ ដែលកម្ពុជាសម្រេចបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងកិច្ចប្រជុំនេះឡើយ៕