សេចក្តីថ្លែងការណ៍ បងប្អូនខ្មែរកម្ពុជាក្រោម តស៊ូបង្កើតអនាគតថ្មីពីនឹមអាណានិគមនិយមវៀតណាម ៧៦ ឆ្នាំ (០៤ មិថុនា ១៩៤៩ – ០៤ មិថុនា ២០២៥ )
ក្រុមប្រឹក្សាជាតិតស៊ូ CNRC សូមអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ មេត្តាផ្តោតការយកចិត្តទុកដាក់ ចំពោះទុក្ខសោកហួសប្រមាណ របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ពីសំណាក់ទង្វើបំពានដ៏ទារុណ របស់អាជ្ញាធររដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ។ រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម កំពុងគ្រប់គ្រងលើទឹកដីខ្មែរកម្ពុជាក្រោមក្នុងប្រព័ន្ធអាណានិគមនិយមថ្មី ដែលធ្វើឧក្រិដ្ឋកម្មបំផ្លាញពលរដ្ឋខ្មែរក្រោម ។
យើងសូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរក្រោម ជាង ១០លាននាក់ ដែលជាជនជាតិដើមម្ចាស់ទឹកដីកម្ពុជាក្រោមត្រូវតែទទួលបានការគោរព និង មានសិទ្ធិកំណត់ជោគវាសនារបស់ខ្លួន ដោយមិនត្រូវរងគ្រោះពីឧបាយកលជិះជាន់ ក្នុងប្រព័ន្ធនយោបាយកុម្មុយនីស្តអាណានិគមនិយមថ្មី របស់រដ្ឋាភិបាលវៀតណាមឡើយ ។ គឺជាការឈឺចាប់ណាស់ ដែលក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម បានចាប់ព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោម ចំនួន ១៥រូប ដាក់ពន្ធនាគារ ទាំងបំពាន ដោយគ្រាន់តែពួកគាត់អនុវត្តសិទ្ធិនិយាយភាសាខ្មែរ សិទ្ធិប្រតិបត្តិព្រះពុទ្ធសាសនា និង សិទ្ធិបង្ហាញអត្តសញ្ញាណវប្បធម៌ប្រពៃណីខ្មែរ ដែលជាសិទ្ធិសេរីភាពមូលដ្ឋានរបស់ខ្លួន ជាជនជាតិដើម ។
ក្រុមប្រឹក្សាជាតិតស៊ូ សូមស្នើដល់សហរដ្ឋអាមេរិក ប្រទេសកាណាដា អូស្ត្រាលី អង់គ្លេស ជប៉ុន សហភាពអឺរ៉ុប ប្រទេសបារាំង អាល្លឺម៉ង់ និង បណ្តារដ្ឋទាំងឡាយ ដែលផ្តល់តម្លៃដល់សិទ្ធិសេរីភាពមនុស្សជាតិ និង កំពុងដាក់ទុនក្នុងគម្រោងវិនិយោគធំៗ តម្លៃរាប់ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាមនោះ មិនគួរណា មើលរំលងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ របស់រដ្ឋាភិបាលវៀតណាម មកលើប្រជាពលរដ្ឋខ្មែរក្រោមឡើយ ។ យើងទទូចឲ្យបណ្តាប្រទេសដែលមានឥទ្ធិពលនយោបាយ និង សេដ្ឋកិច្ចសកលទាំងនេះ ជំរុញឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ចំនួន ១៥រូប ពីពន្ធនាគារ និង ផ្តល់សេរីភាពដល់ប្រជាពលរដ្ឋខ្មែរក្រោម ឲ្យសមតម្លៃជាជនជាតិដើមម្ចាស់ទឹកដី ។
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ កាលពី ៧៦ឆ្នាំមុន គឺជាថ្ងៃឈឺចាប់ដ៏រន្ធត់ទៅហើយ សម្រាប់ប្រជាជាតិខ្មែរ នៅពេលអាណានិគមនិយមបារាំង បានផ្ទេរដោយអយុត្តិធម៌ នូវអធិបតេយ្យភាពទឹកដីកូសាំងស៊ីន (ឬ កម្ពុជាក្រោម) របស់ព្រះរាជាណាចក្រកម្ពុជា ទៅក្រោមការត្រួតត្រារបស់ស្ដេចអណ្ណាម បាវ ដាយ (វៀតណាមបច្ចុប្បន្ន) ។ លើសពីនេះពលរដ្ឋខ្មែរក្រោម ក៏កាន់តែរងគ្រោះឈឺចាប់រន្ធត់ថែមទៀត ខណៈរយៈពេល ៧៦ឆ្នាំនេះ អាជ្ញាធរកុម្មុយនីស្តវៀតណាមត្រួតត្រាលើពលរដ្ឋខ្មែរក្រោម ដោយរបៀបអាណានិគមនិយមថ្មី “ទម្រង់បំបាត់អត្តសញ្ញាណខ្មែរក្រោម និង ប៉ងបំបាត់ពូជសាសន៍ខ្មែរក្រោម” ។
អាណានិគមនិយមវៀតណាមថ្មីនេះ បង្កទុក្ខទារុណកម្មច្រើនកលល្បិចបំពានច្បាប់ និង រំលោភគោលការណ៍
មូលដ្ឋានសិទ្ធិមនុស្សអន្តរជាតិ លើជនជាតិខ្មែរកម្ពុជាក្រោមទូទៅ ។ អាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញជនជាតិខ្មែរក្រោម ដោយមិនឲ្យប្រតិបត្តិទំនៀមទម្លាប់ប្រពៃណីខ្មែរ មិនឲ្យមានសេរីភាពសាសនា បំផ្លាញវត្តអារាម និង មិនឲ្យសិក្សាអក្សរសាស្ត្រខ្មែរ ឲ្យបានទូលំទូលាយឡើយ ។ អាជ្ញាធរវៀតណាម រំលោភយកដីធ្លីស្រែចម្ការ និង បំបិទសរីភាពសម្ដែងមតិ របស់ប្រជាពលរដ្ឋខ្មែរក្រោម ។
ប្រជាពលរដ្ឋខ្មែរក្រោម ពិតជាត្រូវការជំនួយអន្តរាគមន៍យ៉ាងហ្មត់ចត់ ដ៏ម៉ឺងម៉ាត់ និង ជាចាំបាច់ របស់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និង រដ្ឋបរទេសនានា ដែលលើកកម្ពស់សិទ្ធិសេរីភាពមនុស្សជាតិ ។
ក្រុមប្រឹក្សាជាតិតស៊ូ CNRC ប្ដេជ្ញាតស៊ូ ជាមួយបងប្អូនខ្មែរកម្ពុជាក្រោម ។ នៅចំពោះស្ថានភាព ដែលបងប្អូនខ្មែរក្រោម រស់ជីវិតប្រឈមនឹងការរើសអើង និង ជួបមេរៀនគំរាមកំហែងរាប់មិនអស់ ពីអាជ្ញាធរវៀតណាមនេះ យើងប្រជាពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ក៏ត្រូវឈឺឆ្អាលឲ្យបានផុសផុលឡើង ជួយជ្រោមជ្រែងបងប្អូនខ្មែរកម្ពុជាក្រោមដែលកំពុងតស៊ូបង្កើតអនាគតថ្មី ឲ្យដល់គោលដៅ “សម្រេចវាសនាខ្លួន ដោយខ្លួនឯង ដោយសេរីភាព និង ដោយយុត្តិធម៌”។ យើងជាខ្មែរតែមួយ យើងត្រូវតែប្តេជ្ញាជួយគ្នា គ្រប់កាលៈទេសៈ ក្នុងពេលដែលយើង ក៏ត្រូវបង្កើនការ
ទាមទាររួមគ្នា និង ចម្រុះ ឲ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ជួយបងប្អូនខ្មែរម្ចាស់ទឹកដីកម្ពុជាក្រោម ៕
ទីក្រុងប៉ារីស៍ ប្រទេសបារាំង, ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥
ក្រុមប្រឹក្សាជាតិតស៊ូ
ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ +358 40 665 1413