Top Mobile Banner

សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់មន្ត្រីព្រំដែន ពង្រឹងភាពជាអ្នកជិតខាងល្អជាមួយប្រទេសជាប់ព្រំដែនកម្ពុជា

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់មន្ត្រីព្រំដែន ពង្រឹងភាពជាអ្នកជិតខាងល្អជាមួយប្រទេសជាប់ព្រំដែនកម្ពុជា ដោយសង្ឃឹមថា ទទួលបានអ្នកជិតខាងល្អ ជាងអ្នកជិតខាង អាក្រក់ ព្រោះមានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន ។

ការលើកឡើងរបស់សម្ដេចតេជោ ស្របពេលដែលបញ្ហាព្រំដែនកម្ពុជា ថៃ កំពុងកើនកម្ដៅជាបន្តបន្ទាប់ ក្រោយពីថៃ បានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរ និងបិទព្រំដែនដោយឯកតោភាគី កាលពី កន្លងទៅ ។ ការពង្រីកបញ្ហាជម្លោះព្រំដែន ដោយភាគីថៃនេះ បានធ្វើឱ្យកម្ពុជា ឆ្លើយតបទៅវិញជាបន្តបន្ទាប់ រហូតដល់ថៃ ស្នើសុំឱ្យមានការចរចារបើកព្រំដែនវិញផងដែរ តែត្រូវបាន កម្ពុជា បដិសេធ។ រាជរដ្ឋាភិបាល បានបញ្ជាក់ជំហរថា ថៃ ជាអ្នកបិទ ដូច្នេះសូមថៃ ជាអ្នកបើកដោយខ្លួនឯងវិញ ជាការ ស្រេចហើយ មិនចាំបាច់ទាញកម្ពុជា ចូលចរចារនោះទេ ។

ថ្លែងក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកពីប្រវត្តិ នៃច្រកទ្វារអន្តរជាតិនេះ និងការបោះបង្គោលព្រំដែនដោយសន្ដិភាពរួមគ្នារវាងកម្ពុជា -វៀតណាម ព្រមទាំងសង្ឃឹមថា នឹងអាចពង្រឹងច្រកទ្វារអន្តរជាតិនេះ ឱ្យលើសពីច្រកចេញ-ចូលទៀតផង ។

សម្ដេចតេជោ បានណែនាំដល់មន្ត្រីតាមព្រំដែន ធ្វើយ៉ាងណារក្សាមិត្តភាពល្អ ជាមួយប្រទេសជិតខាង ដែលនឹងអាចជំរុញដល់ការអភិវឌ្ឍ និងរីកចម្រើនទាំងអស់គ្នា ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សុំថា តាមព្រំដែននីមួយៗ បញ្ហាធំជាងគេ គឺថា ធ្វើទំនាក់ទំនងឱ្យបានល្អ រឿងប៉ុណ្ណឹងទេ ! និយាយតាមមួយបែបទៀតថា មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន រឿងហ្នឹង វាអ៊ីចឹង ៕

ព័ត៌មានទាក់ទង