Top Mobile Banner

រដ្ឋមន្រ្តីក្រសួងកសិកម្ម នឹងទទួលជួបអ្នកមើលថែ (ហ្ម)របស់ដំរីឡាក់គី នៅថ្ងៃទី៣ ខែកក្កដា ស្អែកនេះ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ ឯកឧត្តម ឌិត ទីណា នឹងទទួលជួបលោក ទ្រី ស៊ីថេង អ្នកមើលថែ ហ្មដំរីឈ្មោះ ឡាក់គី ដែលបានលាឈប់ពីការងារ បង្កឱ្យមានការអាណិតអាសូរដល់ដំរីកំសត់កំព្រាមេតាំងតែពីតូចមក ហើយមកដល់ពេលនេះវាត្រូវបានបាត់បង់អ្នកថែទាំរូបវាថែមទៀត ។

ការទទួលជួបពីសំណាក់រដ្ឋមន្រ្តីក្រសួងកសិកម្មនេះ ត្រូវបានគេរំពឹងថានឹងមានដំណោះស្រាយដ៏ល្អមួយរវាងអ្នកថែទាំ និងដំរីដ៏កំសត់មួយនេះផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីការផ្ទុះរឿងអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ ដែលធ្វើឱ្យមនុស្សជាច្រើន កើតមនោសញ្ចេតនា យ៉ាងអាលោះអាល័យ និង អាណិតអាសូរដល់សត្វដំរីឈ្មោះឡាក់គីដែលកំព្រាមេតាំងតែពីតូចមក ហើយពេលនេះត្រូវបានបែកបាក់ពីអ្នកថែទាំរបស់វាថែមទៀត ។

ការផ្ទុះអាណិតអាសូរដល់សត្វដំរី ដែលត្រូវបានអ្នកថែទាំងលាឈប់នេះបានកំពុងជំរុញដល់អ្នកលេងបណ្តាញសង្គមធ្វើការបង្ហោះចែកចាយបន្តគ្នាពីមួយទៅមួយ ។

រូបភាពដ៏គួរឱ្យខ្លោចផ្សានៃមនោសញ្ចេតបំផុតមួយពេលដែលអ្នកថែទាំ ប្រៀបដូចឪពុករបស់វាជាថ្ងៃចុងក្រោយ ដែលជាបានជិះម៉ូតូចាកចេញទៅបានលើកដៃ លាគ្នា តែត្រូវបានសត្វដំរី(ឡាក់គី)បានរត់មករារាំងផ្លូវ ហាក់វាមិនចង់បែកបាក់ពីអ្នកថែទាំងប្រៀបដូចឪពុកដ៏គួរជាទីស្រឡាញ់របស់វាសោះឡើយ។

រយៈពេល ២៦ឆ្នាំ វាបានរស់នៅជាមួយលោក ទ្រី ស៊ីថេង ដែលជាអ្នកថែទាំប្រៀបដូចម្តាយ និងឪពុកដែលមិនអាចកាត់ថ្លៃបានសម្រាប់រូបវា។

ទាក់ទិនក្នុងរឿងនេះដែរនៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៥រដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថា៖ ថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គី ដែលគួរ ឱ្យអាណិត ក្រោយពីអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ។ ករណីនេះ រដ្ឋបាលព្រៃឈើសូមធ្វើការជម្រាប ជូនសាធារណជនជ្រាបថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។

លោក ទ្រី ស៊ីថេង ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់ លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ។

គួរបញ្ជាក់ថា លោក ទ្រី ស៊ីថេង បានសរសេរតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនដោយបានបញ្ជាក់ថា “បើយកទៅជាមួយបាន ខ្ញុំយកទៅហើយ ពិតជារំជួលចិត្តណាស់”។

លោក ទ្រី ស៊ីថេង ចាប់អាជីពជា ហ្មដំរី តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ហើយបានមើលថែ ដំរី ឈ្មោះ ឡាក់គី នេះ តាំងពីឆ្នាំ១៩៩៩ ដោយឡាក់គី ចាត់ទុក លោកដូចជាឪពុក ដែលមើលថែខ្លួនតាំងពីតូចមក ៕

ព័ត៌មានទាក់ទង