Top Mobile Banner

នាយករដ្ឋមន្ត្រី៖ ក្រសួងធម្មការ ត្រូវតាមដានឱ្យជាប់លើអ្នកបុគ្គលដែលធ្វើឱ្យខូចតម្លៃសាសនា

ព្រះម៉ែទេវី ឥន្ទ្រទេវី តាសី…! ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បញ្ជាក្រសួងធម្មការ ​និងសាសនា ត្រូវពិនិត្យឱ្យច្បាស់ និងតាមដានឱ្យជាប់ ចំពោះអ្នកប្រតិបត្តិសាសនាជ្រុលបែបនេះ ដែលធ្វើឱ្យបាត់បង់តម្លៃសាសនា ជាពិសេសគឺសាសនាព្រះពុទ្ធ។ សម្តេច បានឡើងលើកបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា។

សាសនានីមួយៗគឺមានមូលដ្ឋានរៀងៗខ្លួន និងសុទ្ធសឹងតែមានក្រមប្រតិបត្តិត្រឹមត្រូវ។ បើតាមសម្តេច ហ៊ុន ម៉ាណែត សាសនាដែលត្រឹមត្រូវ គឺមិនបង្កភាពច្របូកច្របល់នៅក្នុងសង្គមឡើយ។ ដើម្បីឱ្យដឹងច្បាស់លាស់នៃបន្ទាត់ ឬព្រំដែននៃសាសនាទាំងនោះនៅកន្លែងណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ក៏កំពុងសិក្សាបន្ថែមពីក្រមប្រតិបត្តិនៃសាសនានីមួយបន្ថែមទៀតផងដែរ។

«យើងសាសនាព្រះពុទ្ធ, សាសនាឥស្លាម យើងឃើញប្រត្តិបត្តិ, សាសនាគ្រិស្ត យើងអាចយល់បាន។ ប៉ុន្តែ សាសនាព្រហ្មញ្ញ? អ្នកដែលយល់សាសនាព្រហ្មញ្ញ មានតិចណាស់!»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្ន ក្រសួងវប្បធម៌កំពុងសិក្សាពីភាពច្បាស់លាស់ នៃសាសនានេះ ដើម្បីកំណត់សិទ្ធិសេរីភាពរបស់អ្នកប្រតិបត្តិក្នុងកម្រិតណាត្រឹមត្រូវ។ សម្រាប់សម្តេចផ្ទាល់ ក៏មានភាពងឿងឆ្ងល់ ចំពោះសាសនាព្រហ្មញ្ញផងដែរ ក៏ព្រោះតែនៅកន្លែងខ្លះ មានរហូតឥសីបិណ្ឌបាត ឥសីការប្រពន្ធ …ជាដើម។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសិក្សានេះ គឺដើម្បីដឹងឱ្យច្បាស់ពីព្រំដែននៃសាសនានីមួយៗ ចៀសវាងមានជនឱកាសនិយមយកសាសនា ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន និងបង្កបញ្ហាក្នុងសង្គម។ សម្តេច នាយករដ្ឋមន្ត្រីបន្តថ្លែងយ៉ាងដូច្នេះ​ ៖ «សូម្បីតែនៅក្នុងសាសនាយើង មានបងប្អូនខ្លះយកអនុវត្តទៅជ្រុល! ធ្វើអ្វីធ្វើទៅក្នុងផ្ទុះ តែកុំបង្ហោះពេញបណ្តាញសង្គម។ អ្នកខ្លះឡើងជាព្រះនាងឥន្ទទេវី… អាហ្នឹងអត់លេងទេ​ អត់បានទេ​! អ៊ីចឹង ក្រសួងធម្មការ ត្រូវមើលរឿងហ្នឹងឱ្យច្បាស់ តាមដានឱ្យជាប់។ ធានាសិទ្ធិសេរីសាសនា ប៉ុន្តែត្រូវគោរពសាសនាឱ្យច្បាស់លាស់ ដើម្បីការពារតម្លៃសាសនា»។ នេះជាកាតព្វកិច្ចរបស់ក្រសួង របស់គ្រប់សាសនាទាំងអស់ រួមទាំងថ្នាក់ដឹកនាំ ត្រូវធ្វើការជាមួយគ្នា ដើម្បីតម្លៃសាសនាឱ្យច្បាស់លាស់។ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ ៖ «តម្លៃសាសនា គឺអាស្រ័យលើភាពពិតប្រាកដនៃការប្រតិបត្តិ»។

នាយករដ្ឋមន្ត្រី ដាក់បញ្ជាបែបនេះដល់ក្រសួងធម្មការ និងសាសនា ក៏ព្រោះបារម្ភ​ខ្លាចអ្នកមានប្រតិបតិ្តសាសនាមិនត្រឹមត្រូវកាន់តែច្រើនក្នុងសង្គមខ្មែរ បង្កភាពច្របូកច្របូល ធ្វើឱ្យពលរដ្ឋធ្លាក់ក្នុងអន្ទាក់ ឬចាញ់បោកជនឱកាសនិយមទាំងនោះ៕

ព័ត៌មានទាក់ទង