Top Mobile Banner

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យកោះហៅមន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យា សរុប៩នាក់ ពាក់ព័ន្ធករណីឃាត់រថយន្ដជនជាតិឥណ្ឌូនេស៉ី មកធ្វើការសួរនាំ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកោះហៅមន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យា សរុបចំនួន៩នាក់ នៅគោលដៅស្ដុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកធ្វើការសួរនាំ និងឆ្លើយបំភ្លឺករណីឃាត់រថយន្ដជនជាតិឥណ្ឌូនេស៉ី ហើយផ្ទុះការរិះគន់នៅតាមបណ្ដាញសង្គមកាលពីពេលកន្លងទៅ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្រោយការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញប័ណ្ណបើកបរអាស៊ាន រួចហើយតែនគរបាលចរាចរណ៍នៅតែទាមទាររកឯកសារផ្សេងៗ រហូតទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមាននគរបាលមកទាមទារបន្ថែម៤០០០រៀល កាលពីកន្លងទៅថ្មីៗនេះ។

ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ជូនលោកវិញ ដើម្បីពិនិត្យ និងសម្រេច។

សូមបញ្ជាក់ថា កន្លងមកលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ៕

ព័ត៌មានទាក់ទង