កៀវ ៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និយាយថា រូបលោក និងមេដឹកនាំអាមេរិក លោក Donald Trump បានយល់ព្រមចាត់វិធានការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ទីក្រុងកៀវ ទប់ទល់ការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរបស់រុស្ស៊ី។
លោកប្រធានាធិបតី Zelensky បាននិយាយក្នុងវីដេអូបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃសុក្រថា លោកមានការសន្ទនាតាមទូរស័ព្ទសំខាន់ និងមានប្រយោជន៍មួយជាមួយលោកប្រធានាធិបតី Trump។ លោកថា ពួកលោកបានយល់ព្រមឲ្យតំណាងប្រទេសទាំងពីរជួបចរចាពីបញ្ហានេះ។
ការអះអាងបែបនេះរបស់លោក Zelensky ធ្វើឡើងចំពេលដែលអាជ្ញាធរគ្រាអាសន្នអ៊ុយក្រែននិយាយថា រុស្ស៊ីបានវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលទ្រង់ទ្រាយធំបំផុតលើអ៊ុយក្រែនកាលពីថ្ងៃសុក្រ។
ជាលទ្ធផលនោះ មនុស្សម្នាក់ត្រូវបានសម្លាប់ និង ២៦នាក់ផ្សេងទៀត រួមទាំងកុមារម្នាក់បានរងរបួសនៅក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប យោធាអ៊ុយក្រែនបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួនជាបន្ទាន់។
ការវាយប្រហារខ្នាតធំរបស់រុស្ស៊ីនេះទៀតសោត កើតឡើងបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Trump បានបញ្ឈប់ការដឹកជញ្ជូនជំនួយសព្វាវុធសំខាន់ៗមួយចំនួនទៅឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាសផងដែរ៕
ប្រភព ៖ AFP