Top Mobile Banner

ថៃសម្ញែងយន្តហោះដ្រូនអត្តឃាត Kamikaze

បាងកក ៖ កងទ័ពអាកាសថៃ ហៅកាត់ (RTAF) បានសម្ញែងយន្តហោះគ្មានមនុស្សបើកអត្តឃាត Kamikaze ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅអំឡុងពេលប្រយុទ្ធ ដើម្បីលើកកម្ពស់សន្តិសុខជាតិ និងអធិបតេយ្យប្រទេស។

គម្រោងបង្កើតយន្តហោះដ្រូនអត្តឃាតនេះ គឺជាកិច្ចសហការរវាងបណ្ឌិតសភាទ័ពអាកាសថៃ នាយកដ្ឋានអាវុធយុទ្ធភណ្ឌទ័ពអាកាស និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់កងទ័ពអាកាសថៃ សម្រាប់អវកាស និងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាកាសចរណ៍។

កងទ័ពអាកាសថៃបានដាក់រហស្សនាមឱ្យដ្រូន Kamikaze UAV ថា ជា “យន្តហោះគ្មានមនុស្សបើកអត្តឃាត” ដោយសារតែវាមានសមត្ថភាពវាយប្រហារបំផ្លាញគោលដៅសត្រូវ ជាមួយនឹងក្បាលគ្រាប់ផ្ទុះកម្រិតខ្ពស់។

យន្តហោះដ្រូននេះបានបញ្ចប់ការសាកល្បងដោយជោគជ័យ ដែលបង្ហាញពីសមត្ថភាពវាយប្រហារគោលដៅរយៈចម្ងាយមធ្យម ជាមួយនឹងគម្លាតតិចជាង៥ម៉ែត្រពីគោលដៅ។

ជាមួយគ្នានេះ កងទ័ពអាកាសថៃបានសាទរចំពោះការសាកល្បងនេះថា ជាជំហានឆ្ពោះទៅការនាំយកយន្តហោះដ្រូន Kamikaze ទៅក្នុងផលិតកម្មពេញលេញ និងការដាក់ពង្រាយប្រយុទ្ធនាពេលអនាគត។

គំនិតផ្តួចផ្តើមនេះទៀតសោត ត្រូវបានរំពឹងថា នឹងជួយពង្រឹងការត្រៀមខ្លួនប្រយុទ្ធ និងជួយការពារសន្តិសុខ ព្រមទាំងអធិបតេយ្យភាពជាតិរបស់ប្រទេសថៃ តាមរយៈបច្ចេកវិទ្យាយោធាទំនើប និងពឹងផ្អែកលើខ្លួនឯង៕

ប្រភព ៖ The Nation

ព័ត៌មានទាក់ទង