ភ្នំពេញ៖ ស្ត្រីខ្មែរចំនួន ១៨០នាក់ ដែលចាញ់បោកមេខ្យល់រៀបការទៅប្រទេសចិន ត្រូវបានអាជ្ញាធរកម្ពុជាជួយសង្គ្រោះបាននៅក្នុងឆ្នាំឆមាសទី១ ឆ្នាំ២០២៥។ តួរលេខនេះ ត្រូវបានដោយផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
បើតាម លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឆមាសទី១ មានពលរដ្ឋខ្មែរជាង៥ពាន់នាក់ បានប្រព្រឹត្តបទល្មើសនៅក្រៅប្រទេស។ ពួកគេទាំងនោះ ត្រូវបានអាជ្ញាធរបរទេស បញ្ជូនមកកម្ពុជាវិញ។
ក្នុងរយៈពេលដូចគ្នា ប៉ូលិសកម្ពុជា បានជួយស្ត្រីខ្មែរ១៨០នាក់ ពីចិនផងដែរ។ ករណីនេះ លោក សុខ វាសនា លើកឡើងយ៉ាងដូច្នេះ៖ «សមត្ថកិច្ចកម្ពុជា បានសហការជួយ សង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់ អូសទាញនាំទៅរៀបការជាមួយជនបរទេស»។
ចំពោះព័ត៌មានលម្អិត ពាក់ព័ន្ធការជួយសង្គ្រោះ ស្ត្រីរងគ្រោះនិងការគាំពារដល់ស្ត្រីខាងលើ សារព័ត៌មានថ្មីៗ (ThmeyThmey) ពុំអាចទាក់ទងលោក សុខ សុមនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឡើយ រហូតមកដល់ពេលចុះផ្សាយនេះ។
សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាក៏បានបណ្ដេញជនបរទេសជិត ៥ពាន់នាក់ ចេញពីកម្ពុជា ដែលមាន៨៨សញ្ជាតិ។ ពួកគេ ត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជា ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើស លួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា។ នេះបើតាម លោក សុខ វាសនា។
សូមជម្រាបថា កម្ពុជាបានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ លើការឆ្លងដែនចូលខុសច្បាប់ ការស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំជាដើម៕