ក្នុងកិច្ចប្រជុំណែនាំការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច និងការរៀបចំ កែលម្អឆ្នេរសមុទ្រនៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិសាលភាពនៃការងាររបស់ ក្រសួង មានទំហំធំធេងហើយការងារដែលធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្ន ក៏កាន់តែមានទំហំ ធំធេងជាងមុនទៅទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា ដូច្នេះសូមកុំគិតត្រឹមតែការងារស្នូលតែមួយជ្រុង ប៉ុន្តែត្រូវពង្រីកការគិតគូរបន្ថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍ លើកស្ទួយគុណភាព ជីវិតរបស់មនុស្ស ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យប្រសើរ ឡើងផងដែរ ។
ចំពោះការងាររៀបចំកែលម្អឆ្នេរសមុទ្រ ឯកឧត្តម សាយ សំអាល់ បានណែនាំថ្នាក់ដឹក នាំក្រសួង ត្រូវជជែកពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែនការ ថវិកាកែលម្អឆ្នេរសមុទ្រ បន្ទាប់មកត្រូវពិភាក្សាជាមួយបណ្ដាឃុំនៅតាមតំបន់ឆ្នេរ ថាតើយើងត្រូវរៀបចំកែលំអរអ្វីខ្លះនៅតំបន់ឆ្នេរ ដើម្បីតំបន់ឆ្នេរកាន់តែមាន សោភណភាព មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សំដៅ ឱ្យទទួលបានប្រាក់ចំណូល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាព ប្រជាពលរដ្ឋ ៕