ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី១៣ ខែកក្កដានេះ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នឹងមានការសម្ដែងល្ខោនបាសាក់រឿង «តេជោយ៉ត»។ នេះជាការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអំពាវនាវដល់លរដ្ឋ ជាពិសេសអ្នកស្នេហាវិស័យល្ខោនបាសាក់ ចូលរួមទស្សនាឱ្យបានច្រើនកុះករ។
ផ្លូវថ្មើរជើងចតុមុខ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី២១ ខែមិថុនា។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តជាបន្តបន្ទាប់ ដូចជា ការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ និងបណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ផ្លូវថ្មើរជើងចតុមុខ ត្រូវបានរៀបចំឡើងនៅលើផ្ទៃដី ៥៧ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ តាមបណ្ដោយវិថីព្រះស៊ីសុវិត្ថ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០។ តាមគម្រោងផ្លូវថ្មើរជើងនេះ ត្រូវបែងចែកជា ៣តំបន់ផ្សេងគ្នា ដោយមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជា Pub street ដើម្បីបម្រើដល់ការកម្សាន្ត និងដើរទិញទំនិញនៅពេលយប់របស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទាំង ៣នេះ នឹងបិទមិនឱ្យឡាន និងម៉ូតូ ចូលធ្វើចរាចណ៍នោះទេ ដើម្បីបង្កភាពងាយស្រួលការដើរកម្សាន្តរបស់ពលរដ្ឋ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕