ដោយ សូបិន ពិន
លោក ជន លីហ៊ី សមាជិកក្រុមប្រឹក្សាក្រុងឡូវែល បានផ្តល់បទសម្ភាសន៌ដល់ខ្មែរផុសស.រ.អា. ស្តីអំពីបណ្តឹងចំពោះសាលាក្រុងឡូវែលពីបទ‹រំលោភសិទ្ធធម្មនុញ្ញរបស់ក្រុមជនជាតិភាគតិច›កាលពីថ្ងៃអាទិត្យទី១១.កន្លងទៅ នៅ‹ប៊ូតមៀល›។
ចំពោះរឿងនេះ លោកអភិបាលក្រុង អេដ កេណ្ណឺឌី បានចាត់តំណាងរបស់លោក គឺលោក ជីម ឡេរី នឹងសមាជិក២រូបទៀត ឱ្យសិក្សាករណីបណ្តឹងនេះ ហើយធ្វើការស្នើរយោបល់ត្រឡប់មកសាលាក្រុងវិញ នៅខែកញ្ញា។ ផ្ទុយនឹងជំហ៊រលោក រ៉តនី អេលីយ៉ុត ដែលកាលពីសប្តាហ៍មុនបង្ហាញជំហ៊រកាពារជនភាគតិច, រីឯលោក ជនលីហ៊ីមានទស្សនៈនៅផ្ទុយគ្នាដាច់ស្រឡះ។ សូមស្តាប់បទសម្ភាសន៍លោកជាមួយ សូបិន ពិន ដូចតទៅ៖
សូបិន ពិនៈ ជម្រាបសួរលោកក្រុមប្រឹក្សា ! ខ្ញុំដឹងថាអនុគណកម្មការក្រុងបានជួប ខាងក្រុមអ្នកប្តឹងសាលាក្រុងហើយ តើការជួបគ្នានេះបានដំណើរការយ៉ាងណាដែរ?
ជន លីហ៊ីៈ គណកម្មការយើងបានជួបគ្នានឹងមេធាវីដើមបណ្តឹង កាលពីថ្ងៃចន្ទកន្លងទៅរួចហើយ តែខ្ញុំពុំទាន់បានទទួលសេចក្តីរាយការពិកិច្ចប្រជុំនោះនៅឡើយទេ ខ្ញុំគ្រាន់តែដឹងថា នេះជាកិច្ចប្រជុំដំបូង ដើម្បីឱ្យដឹងថា‹តើដើមបណ្តឹងគេចង់បានអ្វី?›
សូបិន ពិនៈ តាមខ្ញុំដឹង ក្រុមជនភាគតិចគេយល់ថា‹ប្រព័ន្ធបោះឆ្នោតនៅក្រុងឡូវែលសព្ទថ្ងៃ មិនយុត្តិធម្មចំពោះពួកគេទេ!› មើលតំបន់‹បែលវើឌៀ› មានដំណាងដល់ទៅ៦នាក់ រីឯសង្កាត់៥-៦ទៀត មានតំណាងតែ៣នាក់ប៉ុណ្ណោះ តើលោកយល់ថា‹ពាក្យបណ្តឹងរបស់ពួកគេជនជាតិភាគតិចនោះ សមរម្យដែរឬទេ?›
ជន លីហ៊ីៈ ខ្ញុំមានការចូលចិត្តប្រព័ន្ធបោះឆ្នោតសព្វថ្ងៃនេះជាង ពិព្រោះដើម្បីឱ្យបានទៅកាន់ដំណែងជាដំណាងគេនៅសាលាក្រុង គឺម្នាក់ៗធ្វើការច្រើន ទៅជួបម្ចាស់ឆ្នោតស្ទើរគ្រប់គ្នា ជួបអ្នករកស៊ី ជាពាណិជ្ជករ ជួបសមាគមគ្រប់សញ្ជាតិទម្រាំបានជាប់ឆ្នោត ហើយម្នាក់ៗតំណាងឱ្យឡូវែលទាំងមូល គិតពីផលប្រយោជន៍ឡូវែលដូចៗគ្នា ម្លោះហើយធ្វើការចុះសម្រុងគ្នាបានល្អ ។ ប្រព័ន្ធសព្វថ្ងៃវាអាស្រ័យទៅលើអ្នកបោះឆ្នោត ក្រុមជនភាគតិច មានការចូលរួមតិចនៅក្នុងនយោបាយ មិនចូលចិត្តទៅបោះឆ្នោត ដូច្នេះប្រាកដជាមានការលំបាកនឹងប្រកួតប្រជែង នោះគឺជារឿងធម្មតានៃការបោះឆ្នោត។ ប្រសិនបើមានការផ្លាស់ប្តូរប្រព័ន្ធ យកតំណាងពីសង្កាត់និមួយៗទៅវិញ ម្នាក់ៗនឹងគិតតែពីផលប្រយោជន៍នៃសង្កាត់តែរៀងៗខ្លួន នឹងមានការប្រទាញប្រទង់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាក្រុង គឺមិនមែនជាការល្អដែលបង្ហាញពីការប្រេះឆាក្នុងសាលាក្រុងនោះទេ …
សូបិន ពិនៈមានប្រជាពលរដ្ឋជាច្រើននៃតំបន់ជនភាគតិច មិនហ៊ានប្រស្រ័យទាក់ទងទៅតំណាងនៅសាលាក្រុងទេ, តែបើមានតំណាងពីខាងជនជាតិភាគតិចជាសមាជិកទៅវិញ ការដោះស្រាយបញ្ហានៅសាលាក្រុង ប្រហែលជាធ្វើទៅត្រូវនឹងការខ្វះខាតបានច្រើនជាង…
ជន លីហ៊ីៈ ខ្ញុំឃើញថា ពីខាងសហគមន៍ខ្មែរ ក៏ធ្លាប់មាន រឹទ្ធី អ៊ុង បានជាប់ឆ្នោត២អាណត្តិ វាស្នា នួន ក៏ធ្លាប់ជាប់ឆ្នោត ឥឡូវមាន រ៉ាឌី ម៉ម ក៏បានជាប់ឆ្នោតចេញពីសហគមន៍ភាគតិចនេះក្នុងប្រព័ន្ធនេះបានដែរ… ខ្ញុំធ្លាប់ធ្វើការជាមួយ វាស្នា នួន ជា‹ខងសឺល័រ›ដូចគ្នា យើងធ្វើការបានល្អជាមួយគ្នា តែនៅពេល វាស្នា នួន មានបញ្ហាពីផ្ទះសម្បែងរបស់ខ្លួន ហើយ‹ឡូសាន់›បានសរសេររឿងនេះឡើង បានធ្វើឱ្យ វាស្នា នួន បាត់បង់សម្លេងឆ្នោតរបស់ខ្លួន ពីព្រោះជាតំណាងគេ មិនអាចឱ្យមានរឿងយ៉ាងនេះកើតឡើងបានទេ…
សូបិន ពិនៈត្រឡប់មកករណីបេក្ខជននៃជនជាតិភាគតិច វាស្នានួន កាលពីអាណត្តិមុន បើទោះបីជាធ្លាប់មានរៀងពីមុនមកក៏ដោយ ក៏វាស្នា នួន បានឈ្នះឆ្នោតស្ទើរតែគ្រប់សង្កាត់ទាំងអស់… ឈ្នះបានលេខ១នៅ១៤សង្កាត់ ក្នុងចំណោមសង្កាត់៣០ មានតែសង្កាត់‹បែលវើឌៀ›មួយទប់ ក៏មិនបានជាប់ឆ្នោត… នេះគឺជាករណីដែលជាដើមហេតុនៃបណ្តឹង ជាភាពអយុត្តិធម៌ ដែលគេថាវាផ្ទុយនឹងទស្សនៈនៃរដ្ឋធម្មនុញ្ញ… ពីព្រោះថា‹បែលវឺឌៀ›ចង់ឱ្យនរណាជាប់ក៏ជាប់ ចង់ឱ្យនរណាធ្លាក់ក៏បានដែរ…
ជន លីហ៊ីៈខ្ញុំដឹងតែប៉ុណ្ណេះថា វាស្នា នួន បានសម្លេងឆ្នោតច្រើន តែមិនចាំថាដោយសារតែ‹បែលវឺឌៀ›ទើបចាញ់ឆ្នោតទៅវិញនោះទេ..
សូបិន ពិនៈ ខ្ញុំនៅចងចាំថា មានការពិភក្សាច្រើនពិរឿងនេះ ឌីក ហាវ បានលើកឡើងពិរឿងនេះ ក្នុងប្លុករបស់លោក ហើយពិសេសទៅទៀត ក៏បានក្លាយទៅជារឿងសហរដ្ឋ ថាជា‹រឿងអាស្រូវនៅម៉ាសឈូសិត›ទៅហើយ…
ជន លីហ៊ីៈ ខ្ញុំមិនបានចាំចំនួនជាលទ្ធផលនៃការបោះឆ្នោតពេលនោះ បានច្បាស់លាស់ទេ …
សូបិន ពិនៈ លោកធ្វើ‹ខងសឺល័រ›បានប៉ុន្មានឆ្នាំហើយ? ហើយមានបំណងធ្វើទៅមុខ ប៉ុន្មានឆ្នាំទៀត?
ជន លីហ៊ីៈ ៥ឆ្នាំហើយ! បន្ទាប់ពីធ្វើនៅគណកម្មការសាលារៀន១០ឆ្នាំ ដូច្នេះខ្ញុំនៅ៥ឆ្នាំទៀតឱ្យគ្រប់១០ឆ្នាំ ប៉ុណ្ណឹងបានហើយ! ឳពុករបស់ខ្ញុំ ក៏បានធ្វើ១០ឆ្នាំដូចគ្នាដែរ…
សូបិន ពិន ខ្មែរផុសស.រ.អា៖ សូមអរគុណលោក ជន លីហ៊ី…។