លោក ហ៊ុន ម៉ាណែត៖ ការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីគឺដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ
ផ្សាយថ្ងៃទី២៤ ខែ០២ ឆ្នាំ២០២៤
នាយករដ្ឋមន្ត្រីបន្តអំណាចពីឪពុកគឺលោក ហ៊ុន ម៉ាណែត លើកឡើងថា ការតែងតាំងប្អូនប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីបន្ថែមពីលើមុខតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺដើម្បីឱ្យមានទម្ងន់ក្នុងការបំពេញការងារលើការកែទម្រង់រដ្ឋបាលសាធារណៈប៉ុណ្ណោះ មិនមែនដោយសារលោក ហ៊ុន ម៉ានី ជាប្អូនបង្កើតរបស់លោកនោះទេ។

នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ការដំឡើងឋានៈលោក ហ៊ុន ម៉ានី មិនមែនដោយសារតែគាត់ជាប្អូនបង្កើតរបស់លោកនោះទេ គឺធ្វើឡើងតាមលក្ខខណ្ឌជាក់ស្តែង ព្រោះថាមន្ត្រីដែលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទោះជាបុគ្គលរូបណាក៏ដោយ ក៏ត្រូវតែតែងតាំងជាឧបនាយករដ្ឋមន្ត្រីដែរ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ទោះបីលោក ហ៊ុន ម៉ានី ជាអ្នកណាក៏ដោយ ឱ្យតែកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺត្រូវតែតែងតាំងជាឧបនាយករដ្ឋមន្ត្រីដូចគ្នា ព្រោះថាក្រសួងនេះនឹងត្រូវដើរតួនាទីសំខាន់ណាស់ ត្បិតក្រសួងមុខងារសាធារណៈ គឺជាសេនាធិការដែលនាយករដ្ឋមន្ត្រីត្រូវដឹកនាំដោយផ្ទាល់ក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ ដែលពាក់ព័ន្ធគ្រប់ក្រសួងស្ថាប័នទាំងអស់។
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរូបនេះបញ្ជាក់ថា តម្រូវការចាំបាច់ក្នុងការកំណែទម្រង់ជាអាទិភាព រដ្ឋាភិបាលត្រូវបង្កើនប្រសិទ្ធភាព បង្កើនតួនាទីជាចាំបាច់ ដូច្នេះហើយបានជារដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការជាតិមួយទៀត ដែលនាយករដ្ឋមន្ត្រីដឹកនាំដោយផ្ទាល់ទៅលើការធ្វើកំណែទម្រង់មួយចំនួន ដូចជាមុខងារសាធារណៈ អប់រំ និងសុខាភិបាល ក្នុងនោះក្រសួងមុខងារសាធារណៈ ទទួលធ្វើកំណែទម្រង់ធំជាងគេ គឺរដ្ឋបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ក្រោយរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២១ កុម្ភៈ នេះថា ត្រកូលហ៊ុនកំពុងតែស្រវឹងនឹងអំណាចដែលពួកគេបានប្លន់ពីប្រជារាស្ត្រខ្មែរតាមគ្រប់វិធីជាង ៤០ឆ្នាំមកនេះ រហូតធ្វើឲ្យពួកគេគិតថា អំណាចនីតិប្បញ្ញត្តិ ឬរដ្ឋសភា មិនត្រូវតែឯករាជ្យពីអំណាចនីតិប្រតិបត្តិ ឬរដ្ឋាភិបាលនោះទេ។
លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន ដែលជាឪពុកបង្កើតរបស់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កំពុងត្រៀមខ្លួនកាន់កាប់អំណាចជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ ខណៈកូនៗទាំងពីរនាក់របស់គាត់ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កំពុងដឹកនាំរដ្ឋាភិបាលដែលជាអំណាចនីតិប្រតិបត្តិ ដែលម្នាក់ជានាយករដ្ឋមន្ត្រី និងម្នាក់ទៀតជាឧបនាយករដ្ឋមន្ត្រី។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ត្រកូលហ៊ុនកំពុងជាន់ឈ្លីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឲ្យមានការបែងចែកឲ្យដាច់ស្រឡះពីគ្នារវាងអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិយ៉ាងធ្ងន់ធ្ងរ ហើយទង្វើបែបនេះក៏បង្ហាញថា ពួកគេកំពុងមើលងាយប្រជារាស្ត្រខ្មែរទាំង ១៧លាននាក់ដែរ ដោយចាត់ទុកថាមានតែក្រុមគ្រួសារពួកគេទេដែលអាចដឹកនាំប្រទេសកម្ពុជាបាន ខណៈគ្រួសារល្មោភអំណាចមួយនេះកំពុងដឹកនាំប្រទេសកម្ពុជាតាមរបៀបផ្ដាច់ការ និងសក្ដិភូមិផ្ទុយពីរបបប្រជាធិបតេយ្យសព្វថ្ងៃនេះ។
ចំណែកអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះថា មេដឹកនាំនយោបាយនៅកម្ពុជា ជាពិសេសលោក ហ៊ុន សែន គ្រាន់តែជាអ្នកប្រកបមុខរបរក្នុងកិច្ចការនយោបាយ ដោយរកកន្លែងឈរជើងដើម្បីជីវភាពនយោបាយខ្លួនឯង និងពង្រីកអំណាចសម្រាប់ក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួកប៉ុណ្ណោះ។
លោកបន្ថែមថា ពួកគេមិនមែនប្រឡូកនយោបាយដើម្បីប្រទេសជាតិ ទឹកដី និងដើម្បីភាពសុខសាន្តរបស់ពលរដ្ឋខ្មែរនោះទេ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន សែន កំពុងរៀបឱ្យកម្ពុជាក្លាយជាការគ្រប់គ្រងអំណាចតាមបែបសន្តតិវង្សតាមការចងក្រងអំណាចជាបែបផែន ដូចជាលោក ហ៊ុន សែន ខ្លួនឯងគ្រប់គ្រងគណបក្ស និងស្ថាប័នជាតិកំពូលៗដូចជា ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ចំណែកលោក ហ៊ុន ម៉ាណែត គ្រប់គ្រងក្រសួងស្ថាប័ន និងអង្គភាពនានាក្នុងឋានៈជានាយករដ្ឋមន្ត្រី។
ការរៀបចំប្រព័ន្ធគ្រប់គ្រងអំណាចរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាង ៤០ឆ្នាំមកនេះ ត្រូវគេមើលឃើញថា លោក ហ៊ុន សែន បានចាប់យកប្រទេសកម្ពុជាទាំងមូលធ្វើជាកម្មសិទ្ធិផ្ដាច់មុខសម្រាប់គ្រួសាររបស់គាត់រួចទៅហើយ ដែលមានន័យថា អំណាចផ្ដាច់ការដោយការប្លន់អំណាចប្រជារាស្ត្រ និងបំផ្លិចបំផ្លាញជាតិនេះ នឹងបន្តជារៀងរហូតតាមរយៈផែនការរបស់គាត់ដែលចង់ឲ្យកូន និងចៅៗរបស់គាត់គ្រប់គ្រងប្រទេសកម្ពុជាបន្តពីខ្លួនទៅថ្ងៃមុខទៀត៕
ដកស្រង់ Cambodia Daily