Top Mobile Banner

រឿងប្រលោមលោក “រឿងចៅពិន”តពីលេខមុខ

តពីលេខមុន

រៀនបារាំងទាំងអស់គ្មានវិញ្ញាសាខ្មែរទៀតទេដូច្នេះសិស្សទាំងអស់គេនិយាយបារាំងសរសេរបារាំងបានច្បាស់លាស់តាំងពីថ្នាក់ទី៦ ទៅ ហើយ។ មានសិស្សច្បងដែលគេរៀនមុនៗ ឥឡូវក្លាយជាបញ្ញាវន្តនយោបាយគេជួយណែនាំយើងច្រើន ដូចជាលោក សឺង ង៉ុកថាន់ ជាសិស្ស សាលាច្បាប់ពីមុនមានលោក ឌុក រ៉ាស៊ី លោក ស៊ិម វ៉ា អ្នកនយោបាយល្បីៗទាំងនោះ យកចិត្តទុកដាក់នឹងសិស្សប្អូនគេណាស់

អើ គេឃើញយើងជាសិស្សក្រីក្រមកពីស្រុកស្រែចំការឥតប្រកែរប្រកាន់យើងនោះ វាប្រសើរណាស់ទៅហើយលោកគ្រូតបដោយឃើញថា អ្នកធំជាច្រើន មានចរឹកជាអ្នកខ្ពស់មើលងាយអ្នកក្រធ្វើឱ្យអាចារ្យៗនឹងកូនសិស្សលោកដែលអង្គយជុំចាំស្តាប់ការឆ្លើយឆ្លងដ៏ពិរោះនេះ ឡើង ច្រហរមាត់

កូណា អ្នកធំដែលបានរៀនសូត្រច្រើនៗតែស្លូតបូតចេះជួយយកអាសារគេឯងណាស់ លោកគ្រូ! សុផានតបវិញ

អាត្មាជូនពរឱ្យឯងធ្វើដំណើរឱ្យបានសុខសប្បាយ ហើយរៀនចប់ឆាប់ត្រឡប់មកជួយជាតិវិញណាលោកគ្រូសង្ឃដីការហើយ ក៏និមន្តបន្ត កាងារទៀតទៅរីឯសុផានក៏ទៅរកកុដិលោកគ្រូសូត្រដែលខ្លួនធ្លាប់នៅបំរើលោកពីក្មេងៗ ដើម្បីសម្រាកមួយរាត្រីមុននឹងបន្តដំណើរ នាព្រហ៊ាមស្រាងៗតាមរថយន្តឈ្នួលបន្តពេញមួយថ្ងៃទៅភូមិកំណើតខ្លួនទៀត។

ចៅពិននៅដក់អារម្មណ៍លើព្រឹត្តិការជាមួយ សុផាន យ៉ាងជ្រាលជ្រៅពីព្រោះយុវជននោះ រៀនដល់ថ្នាក់មន្ត្រីធំរៀនបានខ្ពស់ជាងឪពុករបស់ ខ្លួនទៅទៀត តែមកដេកនៅវត្តមិនដូចមន្ត្រីស៊ីវិល ឬទាហ៊ានរបស់រាជការដែលមានឋាន្តរសក្តិធំ មានផ្ទះក៏ធំគេមិនដេកនៅវត្តទេ ពិសេស ទៅទៀតនោះ ចៅពិនមិនបាននឹកដល់ថា ក្មេងវត្តសោះ តែមានលទ្ធភាពតស៊ូរហូតដល់រៀនចប់ថ្នាក់ខ្ពស់បំផុតនៅកម្ពុជាទៀតផង គួរឱ្យ រំភើបណាស់ដែលបានមកជួបមនុស្សកំពូលរបៀបនេះ។

ព្រឹកឡើងចៅពិនក្រោកពីដំណេកសម្លឹងទៅកុដិដែលសុផានដេកពីយប់ក្រែងបានឃើញបុរសដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត តែឃើញតែ តាៗបោសសម្រាមជុំវិញកុដិជាមួយនឹងអំបោសដងវែងឮក្រោកៗតែមិនហុយដូចពេលថ្ងៃរសៀលទេ តើពូល្ងាចមិញនោះទៅបាត់ហើយឬនៅហ្ន? លោកគ្រូសូម៉េតនៅពីក្រោយខ្នងពាក់អាវក្នុងនឹងទាញយកស្នូករបស់លោករៀបនឹងចេញទៅបង្គន់ ក៏ឆ្លៀតមកសួរចៅពិនថាៈ

តើឯងកំពុងរកមើលអីហ្នឹង អាចៅពិន?

កូណាលោកគ្រូរកមើលពូល្ងាចមិញ តើគាត់ទៅបាត់ហើយឬនៅ? ចៅពិនតប…-តើ ហេតុអ្វីក៏ឯងរកគេធ្វើអ្វីធ្លាប់ស្គាល់គេដែរឬអ្វី? លោកគ្រូសួរបន្ត

អត់ទេលោកគ្រូ, ចៅពិនតបម្តងទៀត, គ្រាន់តែនឹកថា ពូម្នាក់នោះគាត់នៅវត្តសោះតែរៀនសូត្របានច្រើនណាស់ គាត់គួរតែធ្វើជាអ្នកធំហើយ!

មែនហើយ! មិនយូរមិនឆាប់ សុផាន មុខជានឹងក្លាយជាមន្ត្រីធំហើយ! លោកគ្រូឆ្លើយតប, តែវត្តយើងក៏បានជួយក្មេងវត្តយើងបាន ច្រើននាក់ហើយណាគ្រាន់តែភាគច្រើនមិនបានរៀនច្រើនដូចចៅសូផាននេះទេ ពីព្រោះប្រញាប់ទៅជួយឪពុកម្តាយគ្រួសារគេពេកណា

ចុះពូសុផាននោះ ម្តេចក៏មិនទាន់ទៅជួយឪពុកម្តាយគាត់ក្រែងគ្រួសារគាត់ក៏ជាអ្នកក្រដែរទេតើ? ចៅពិនរឹតតែឆ្ងល់

លោកគ្រូរៀងទាល់ក៏តបថាៈ ប្រហែលជាគេស្រឡាញ់ចំណេះវិជ្ជាខ្លាំងណាស់ហើយមើលទៅ ហើយឪពុកម្តាយគេក៏មិនចង់ឱ្យកូនឈប់រៀន នៅពេលរៀនបានខ្ពស់ណាស់ទៅហើយ ក៏មិនដឹង!

តែពូសុផាននោះ ស្លូតបូតណាស់ ហើយគាត់នៅស្រឡាញ់វត្តយើងណាស់នៅឡើយណា! ចៅពិនឧទ្ទាន

ឯងធ្លាប់ឃើញថា អ្នកដែលបានធ្វើធំតែងមិនចូលចិត្តវត្តយើងឬ? លោកគ្រូសួរទៅវិញ ហើយក៏បន្តដំណើរដោយមិនរងចាំចម្លើយ… ចៅពិន ក៏មិនបានឆ្លើយ រួចលោកគ្រូក៏បន្តថាៈ ទៅនាំអាចៅថាចទៅលុបមុខស្លៀកពាក់ទៅព្រឹកណាស់ ហើយ

សូមអានបន្តនៅលេខក្រោយ

ព័ត៌មានទាក់ទង