ដោយ ខ្មែរផុសស.រ.អា.
ឈ្មោះបេក្ខជនប្រធានាធិបតី២រូប គឺ‹ហ៊ីឡារី គ្លីងតុន›នៃគណបក្សប្រជាធិបតេយ្យ នឹង ‹ឌណល ត្រម›នៃគណបក្សសាធារណរដ្ឋ កំពុងឰខ្ទរខ្ទារពេញសកលលោក ដោយសារក្នងចំណោមនៃអ្នកទាំង២នោះ នឹងមានម្នាក់ក្លាយជាប្រធានាធិបតីនៃមហាប្រទេស ដ៏មានអំណាចកំពូល នាខែមករាឆ្នាំ២០១៧ខាងមុខ ដោយការបោះឆ្នោតសាលក នេះហើយ។ អ្នកទាំង២នឹងមិនគ្រប់គ្រងប្រទេស ក្នុងនយោបាយដូចគ្នាទេ ហេតុនេះហើយ បានជាសាធារណជនម្ចាសឆ្នោត អ្នកសារពត៌មាន ខិតខំស្វះស្វែងជជីករកយល់ ពីជំរៅនៃអ្នកនយោបាយ ដើម្បីខ្លួនអាចជ្រើសរើស ឱ្យត្រូវតាមបំណងរបស់ខ្លួន។
តើកម្លាំងគាំទ្រពីអង្គការគណបក្សផ្ទាល់ខ្លួនមានប៉ុណ្ណាៈ?
*‹ហ៊ីឡារី គ្លីងតុន› មានបញ្ហាមួយចំនួនជាមួយ‹សែនឌឺ› នាឱកាសឃោសនាមុនមហាសន្និបាទ ដោយ‹សែនឌឺ›បានទាក់ទាញយកក្រុមយុវជនចរន្តរឹងមាំក្នុងចលនាប្រជាធិបតេយ្យសម័យថ្មីបាន ដោយគេចោទថាការអនុវត្តប្រជាធិបតេយ្យបែប‹គ្លីងតុង›ជាអភិរក្សនិយម ដែលនឹងមិនធ្វើឱ្យមានការចូលរួមទូលំទូលាយបានទេ។ ‹សែនឌឺ›បានពង្រឹងចរន្តនោះយូរពេកទៅ ធ្វើឱ្យអ្នកគាំទ្រលោក លែងអាចត្រឡប់មករួមក្នុងចលនារួបរួមគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីមហាសន្និបាទវិញបាន។ មានបាតុកម្មក្រុមយុវជនប្រជាធិបតេយ្យប្រឆាំងនឹង‹ហ៊ីឡារី›នៅឡើយនាពេលនេះ ដែលបង្ខំឱ្យ‹ហ៊ីឡារិ›បន្ទន់ឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចុះបញ្ជូលចរន្ត‹សែនឌឺ›នេះឱ្យបាន។ គុណសម្បត្តិនៃសន្លឹកឆ្នោត‹ហ៊ីឡារី› គឺលោកស្រីជាបេក្ខជនប្រធានាធិបតីស្ត្រី ដំបូងបង្អស់នៅសហរដ្ឋអាមេរីកនេះ ប៉ុន្តែលោកស្រីស្ថិតនៅពីក្រោយអាណត្តិ‹អូបាម៉ា›ជាគណបក្សប្រជាធីតេយ្យដូចគ្នា៨ឆ្នាំហើយ ដែលករណីនេះធ្វើឱ្យប្រជាពលរដ្ឋជាច្រើន មិនចូលចិត្តទុកឱ្យនៅដដែលៗនោះឡើយ។
*‹ឌណល ត្រម›បានបង្កើតចរន្តគណបក្សសាធារណរដ្ឋដោយខ្លួនឯង ពីព្រោះបន្ទាប់ពីបានវាយរំលំគូរប្រកួត១៦នាក់ នៃគណបក្សសាធារណរដ្ឋរួចមក បន្ទាប់ពីយកជ័យជំនះលើរដ្ឋម្តងមួយៗរួចមក ‹ឌណល›ហាក់ដូចជានៅម្នាក់ឯង មិនសម្របសម្រួលជាមួយក្រុមប្រឹក្សាគណបក្សរបស់ខ្លួន ជាហេតុធ្វើឱ្យថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ ខឹងសម្បារនឹងខ្លួនគ្រប់គ្នា មានទាំងអ្នករៀបចំប្រឆាំងហើយទម្លាក់‹ឌណល›នៅមហាសន្និបាទ ឬក៏បង្កើតបេក្ខជនឯករាជ្យម្នាក់ ដើម្បីកុំឱ្យ‹ឌណល›អាចជាប់ឆ្នោតបានទៀតផង។ យោងតាមសេចក្តីថ្លែងការណ៍បន្តរបន្ទាប់ ក្រុមប្រឹក្សាភិបាលយល់ថា‹ឌណល ត្រម›បានចេញឆ្ងាយពីគោលការចំបង របស់គណបក្ស ហើយទៅខិតជីតក្រុម‹KKK›ដែលជាក្រុមប្រកាន់ពណ៌សម្បុរ តែនៅពេលមហាសន្និបាទ ការសម្រុះសម្រួលមួយបានធ្វើសម្រេច តែងតាំង‹ឌណល›ជាបេក្ខជនប្រធានាធីបតិ នៃគណបក្សសាធារណរដ្ឋបាន។
តើអាចនឹងមានកំហុសបច្ចេកទេសរំខានបេក្ខជនមិនឱ្យគេបោះឆ្នោតឱ្យបានទេ?
‹ហ៊ីឡារី គ្លិងតុន› នៅកំពុងទទួលការចោទប្រកាន់ថា បានប្រើ‹អិនទ័រនេត›ឯកជន សម្រាប់បញ្ជូនឯកសារផ្លូវការ កាលពីលោកស្រីនៅជារដ្ឋលេខាធិការម្លេះ ការស៊ើបអង្កេតកំពុងបន្តរ មិនទាន់ចប់នៅឡើយទេ។ ប្រសិនបើគេរកទៅឃើញថាមានកំហុសមែន លោកស្រីអាចនឹងមានទោស ហើយមិនអាចឈរឈ្មោះបានទៀតទេ។ ស្ត្រីបញ្ញាវន្តជាច្រើន បន្ទោសនឹងចំអក‹ហ៊ីឡារី›ថាមិនអាចដោះស្រាយស្ត្រីបានទេ ពីព្រោះ‹គ្មានប្រាជ្ញាហើយទន់ជ្រាយ› រីឯ‹ឌណល›វិញបានលើកបញ្ហា‹ឡូវិនស្គី›ដែលជាសាហាយលោក‹គ្លីងតុន›នៅសេដ្ឋវិមាន ក៏បានលើកយកមកលាតត្រដាង បង្ហាញពីអសមត្ថភាពរបស់ស្វាមីភរិយា‹គ្លីងតុន›ជាសាធារណដែរ។ តែការឃោសនាជាស្ត្រីប្រធានាធិបតី នៅតែបន្តរ ពេញទំហ៊ឹង គ្រប់តំបន់នៃសហរដ្ឋអាមេរីក។
‹ឌណល់ ត្រម› មានប្រជាប្រីយចំពោះប្រជាពលករ ដែលជឿថា‹ត្រម›នឹងមានសមត្ថភាពលើកដំកើងសេដ្ឋកិច្ចសហរដ្ឋអាមេរីកវិញបាន ដោយយករោងចក្រពីក្រៅចូលមកឱ្យដើរនៅក្នុងប្រទេសវិញ តម្លើងប្រាក់បៀវត្តអ្នកធ្វើការ បន្ថយអ្នកមិនធ្វើការ – ទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ ដោយសង់ជញ្ជាំងតាមព្រុំដែន ប្រទេសក្រៅជាអ្នកចេញចំណាយ… ទ្រឹស្តីនេះមិនបានទទួលអបអរសាទរដោយ អ្នកបច្ចេកទេសទេ ជាពិសេសរដ្ឋបាល‹អូបាម៉ា›មិនបានយល់ស្របទេ ដោយថាជាគំនិតមិនប្រាកដនិយម… តែប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅស្រម័យលើសមត្ថភាពជាមហាសេដ្ឋីរបស‹ត្រម› ថានឹងផ្លាស់ប្ទូរជីវភាពខ្លួនបាន។ ចុងក្រោយបង្អស់ គេសង្កេតឃើងការមិនចុះសម្រុងគ្នារវាង‹ត្រម›នឹងបេក្ខជនអនុប្រធានាធិបតីរបស់គាត់‹ម៉ាយ ផែនសឺ›អំពីការគាំទ្របេក្ខភាពរបស់‹ផល រ៉ាយ៉ាន់›នឹង ‹ចន ម៉ាក់កេន›, ម៉ាយបានគាំទ្រពេញមួយថ្ងៃមុន ទើប‹ត្រម›សម្រេចចិត្តតាម‹ម៉ាយ›ជាក្រោយយ៉ាងល៉បាក។
អ្នកនយោបាយទាំង២ស្គាល់នយោបាយកម្ពុជាបានច្បាស់ប៉ុណ្ណា?
ជាទូទៅការបោះឆ្នោតប្រព្រឹត្តទៅតាមឆន្ទៈពលរដ្ឋអាមេរីកាំង ជាជនជាតិភាគតិច ខ្មែរ-អាមេរីកាំងជាច្រើននឹងបោះឆ្នោតទៅតាមលទ្ធភាពដែលសហរដ្ឋអាមេរីកអាចជួយស្រោចស្រង់ដល់កម្ពុជា, គេតែងមានជំនឿថាគណបក្សសាធារណរដ្ឋ នឹងតឹងតែងចំពោះនយោបាយកម្ពុជា បើម្បីបន្ទូរសង្គៀប‹ប្តាច់ការហ៊ុនសែន›ឱ្យបាន… ការពិតគណបក្សសាធារណរដ្ឋច្រើនមានសេចក្តីសម្រេចចិត្ត នឹងបំណងដូច្នោះមែន…, តែពេលនេះ បទពិសោធន៍បង្ហាញថា‹ហ៊ីឡារី›គណបក្សប្រជាធិបតេយ្យ បានដើរច្រើនជំហ៊ាន នៅលើថ្នាលនយោបាយខ្មែរ មុន‹ត្រម›ទៅហើយ កាលពីនៅជារដ្ឋលេខាធិការម្លេះ។ មុននេះបន្តិច‹ហ៊ីឡារី›នឹង‹អូបាម៉ា›បានឆ្លាក់សន្តិភាពនៅ‹ភូមា›បានយ៉ាងគួរឱ្យស្ងើចសរសើរ…, ‹ហ៊ីឡារី›មានអំណាច មានក្រុមពិគ្រោះ អាចនឹងផ្តល់សន្តិភាពឱ្យកម្ពុជា ដ៏កំសត់របស់យើងបាន។