ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៧ ខែសីហាលោកទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាមលោក វ៉ា គឹមហុង ឲ្យដឹងថាភាគីទាំងពីរនឹងពិភាក្សាគ្នាលើលិខិតសុំជំនួយបច្ចេកទេសផ្នែកការគូសចម្លងផែនទីបោនខ្នាតមួយលើមួយរយពាន់ (1/100.000) និងផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000)។
ការពិភាក្សាគ្នាគឺលើលិខិតសុំជំនួយបច្ចេកទេសផ្នែកការគូសចម្លងផែនទីបោនខ្នាតមួយលើមួយរយពាន់ (1/100.000) និងផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000) បានសេចក្តីថាផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000) ដែលយកទៅប្រើការបោះបង្គោលទល់ដែនគឺអត់ត្រឹមត្រូវ បានជាពិចារណាសម្រេចលើសំណើសុំអន្តរាគមន៍ពីប្រទេសបារាំង។
ក្រោយពីកិច្ចប្រជុំរវាងគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនរបស់កម្ពុជា និងវៀតណាមនាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦លោក វ៉ា គឹមហុង បានឲ្យដឹងថាភាគីទាំងពីរបានជជែកគ្នារយៈពេលលើសពី២០នាទីទាក់ទងនឹងសេចក្ដីព្រាងសំណើសុំអន្តរាគមន៍ពីប្រទេសបារាំង។លោកបន្តថា ភាគីវៀតណាម ស្នើសុំឲ្យប្រធានាធិបតីបារាំង ជួយ ៧ចំណុច។លោកមិនបង្ហើបឲ្យដឹងលម្អិតពីចំណុចទាំងនេះឡើយ ក៏ប៉ុន្តែលោកថាភាគីកម្ពុជា សុំបារាំង ជួយតែលើពីរចំណុចដែលក្នុងនោះមានការស្នើអ្នកជំនាញបច្ចេកទេសបារាំងផ្នែកការគូសចម្លងផែនទី។
លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាមដែលចូលរួមកិច្ចប្រជុំទ្វេភាគីនៅថ្ងៃនេះដែរមានប្រសាសន៍ថា ភាគីវៀតណាម បានឆ្លើយតបនឹងកំណត់ទូតនិងលិខិតរបស់ភាគីកម្ពុជា ថា វៀតណាមកន្លងមកធ្វើសំណង់ទាំងអស់មិនបានរំលោភចូលដីកម្ពុជា នោះទេ។តែយ៉ាងណា លោកសង្កត់ធ្ងន់ថា កម្ពុជានឹងតវ៉ារាល់ការរំលោភបំពានរបស់វៀតណាម លើទឹកដីកម្ពុជា៖«ខ្ញុំបានតវ៉ាថា បើហ៊ានធ្វើខ្ញុំឲ្យរុះចេញ…»។ បើយើងស្តាប់សំដីរបស់លោកឡុង វិសាលោ វៀតណាមបានរំលោភ និង ធ្វើសំណង់ជាច្រើនដងមកហើយលើដីខ្មែរ ដែលមានកំណត់ទូតខ្មែរជាច្រើនដង ជាភស្តុតាង ។ តែយើងមិនដែលឃើញ លោកឡុង វិសាលោបញ្ជាឲ្យរុះចេញនៃសំណង់ទាំងនោះទេ ។ នេះលោកនិយាយឲ្យតែឮ និង កម្លាតែប៉ុណ្ណោះឬ?
បើផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000) មិនត្រឹមត្រូវ គេអាចសន្មត់ថាជាក្លែងក្លាយក៏បាន ពីព្រោះវាមិនត្រឹមត្រូវ ហេតុនេះការសន្និដ្ឋានរបស់លោក អ៊ុំសំអាន ថា រដ្ឋាភិបាលខ្មែរប្រើផែនទីក្លែងក្លាយអត់ខុសទេ ការដែលលោកអ៊ុំ សំអានអះអាងនេះហើយដែលលោកហ៊ុនសែនបញ្ជាឲ្យចាប់ដាក់គុក ។ នេះជាភស្តុតាងមួយដែលតុលាការត្រូវតែពិចារណា ហើយដោះលែងឲ្យមានសេរីភាពមកវិញ ពីព្រោះលោកអ៊ុំ សំអានអត់បំភ្លើសអ្វី គឺនិយាយការពិត ពីព្រោះលោក វ៉ា គឹមហុងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាមបានសារភាពជាផ្លូវការណ៍ទៅហើយនោះ។
ហេតុអី្វបានជាលោក វ៉ា គឹមហុងទេសរដ្ឋមន្ត្រីសារភាពយ៉ាងដូច្នេះ ឬមួយគាត់បានពីគ្រោះជាមួយនឹងរាជរដ្ឋាភិបាលហើយឬនៅ? ឬ មួយគាត់និយាយដោយត្រង់មិនបានគិតដូចកាលពីព្រឹកថ្ងៃទី ២ កក្កដា ឆ្នាំ ២០១៥ គាត់បានធ្វើសន្និសីទសារព៌តមាននៅទីស្តីការគណៈរដ្ឋមន្ត្រីដោយថ្លែងថា ៖ «ខ្ញុំសូមជម្រាបថាអ្វីដែលយើងបានស្នើសុំ [វៀតណាម] ធ្វើយើងបានចែងនៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ក្នុងការកំណត់ព្រំដែន។ យើងត្រូវការផែនទីសដែលយកខ្សែបន្ទាត់ផែនទី 1/100.000 លើផែនទី UTM។ ផែនទីដែលយើងស្នើវៀតណាមឲ្យថតចម្លងគឺជាផែនទីពណ៌សដោយគ្មានខ្សែបន្ទាត់ព្រំដែន។ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាយើងបានអនុញ្ញាតឲ្យប្រតិភូយើងធ្វើការពេញមួយខែនៅទីក្រុងហាណូយ»។នេះបញ្ជាក់យ៉ាងច្បាស់ថាខ្សែបន្ទាត់ព្រំដែនបានគូសសារជាថ្មី ។
កាលពីថ្ងៃទី ២០ សីហា ឆ្នាំ ២០១៥រាជរដ្ឋាភិបាលរៀបចំពីធីប្រៀបធៀបផែនទីដែលបង្ហាញដោយរាជរដ្ឋាភិបាល និង ផែនទីដែលខ្ចីពីអង្គការសហប្រជាជាតិនៅវិមានសន្តិភាព ។
កាលពីថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៥រាជរដ្ឋាភិបាលរៀបចំពីធីប្រៀបធៀបផែនទីដែលបង្ហាញដោយរាជរដ្ឋាភិបាល និង ផែនទីដែលខ្ចីពីសាធារណរដ្ឋបារាំងនៅវិមានសន្តិភាព ។
ការប្រៀបធៀបផែនទីគឺអត់មានអីចំឡែក គឺដូចគ្នា ពីព្រោះផែនទីនេះចេញពីប្រភព័តែមួយ ។ តែយើងឆ្ងល់បើអត់អីចំឡែក ហេតុដូចម្តេចបានជានៅ ថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៥ តំណាងគណបក្សសង្គ្រោះជាតិសុំសួរសំណួរ តែលោក វ៉ា គឹមហុងទេសរដ្ឋមន្ត្រី បែរទៅសួរយោបល់លោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ពេលនោះលោកហោណាំហុងអត់អនុញ្ញាឲ្យមានសំណួរអ្វីឡើយ ។ បានសេចក្តីថាពិធីនេះជាការឡប់ឡែរគ្មានតម្លាភាពអី្វទេ ត្រូវដឹងថារឿងទល់ដែន ជារឿងបូរណភាពទឹកដី ហេតុនេះប្រជាពលរដ្ឋទាំងអស់ត្រូវតែដឹង ។
ខ្ញុំបានលើករឿងនេះមកនិយាយនៅសភាកាលពីថ្ងៃទី ២០ តុលា ឆ្នាំ ២០១៥ ថា ប្រទេសមានលទ្ធិប្រជាធិបតេយ្យ គឺយើងត្រូវមានវប្បធម៌ជជែកគ្នា បើប្រសិនជាពេលនោះបើកឲ្យសួរសំណួរ ឲ្យអស់ចំងល់ទៅ ប្រហែលជារឿងទល់ដែនចប់សព្ធគ្រប់ហើយ មិនចាំបាច់មានបញ្ហាមកដល់សព្ធថ្ងៃនេះទេ ។ សំនួរដែលយើងចង់សួរ តើផែនទីណាមួយដែលយកទៅបោះបង្គោលទល់ដែននោះ ។ ផែនទីដែលបង្ហាញនេះ ឬ ផែនទីគូសារជាថ្មី ។
បើតាមលោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ទទួលបន្ទុកព្រំដែន បានសំភាសន៍ជាមួយវិទ្យុបារាំង RFI កាលពីថ្ងៃទី ០៧ សីហា ឆ្នាំ ២០១៥ ត្រង់ចំណុច ១០ នាទី ៥០ វិនាទី លោកជំទាវប្រកាសថា កិច្ចបោះបង្គោលទល់ដែន គឺយកតាមផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000) ពីព្រោះវាច្បាស់ជាង។
បើផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000) ដែលយកទៅប្រើការបោះបង្គោលទល់ដែន អត់ត្រឹមត្រូវ តើការបោះបង្គោលជាង ៨០ ភាគរយរួចទៅហើយនោះ តើគិតយ៉ាងដូចម្តេច?
ក្រោយពីឆាកល្ខោនប្រៀបធៀបផែនទីនេះមក លោកហ៊ុន សែន និយាយ ៣ ម៉ោងដោយមានឯកសារ ២៩ ទំព័របញ្ចប់បញ្ហាផែនទី កាលពីថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៥ ។
លោកហ៊ុនសែនបានបញ្ជាឲ្យទូរទស្សន៍ជាតិ និង ឯកជនទាំង ១៤ ប៉ុស្តិ៍ចាក់សេចក្តីថ្លែងការណ៍របស់ខ្លួនថា ៖ “ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនអត់ឳនឲ្យនរណាមួយដែលបន្តប្រើពាក្យផែនទីមិនត្រឹមត្រូវ ផែនទីក្លែងក្លាយ ផែនទីចោរ ហើយក៏សុំបញ្ជាក់ បើគេមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យគេសុខដែរ អីចឹងមន្ត្រីទាំងអស់ អ្នកអនុវត្តច្បាប់ទាំងអស់ត្រូវចាប់ខ្លួននៅនឹង ចំពោះអ្នកណាក៏ដោយដែលប្រើពាក្យនេះ ។ បើគេមិនឲ្យខ្ញុំសុខទេ ខ្ញុំក៏មិនឲ្យគេសុខដែរ ។ យោគយល់ដល់អ្នកដ៏ទៃ ព្រៃផ្សៃចំពោះខ្លួនឯង ។ ….. ។ ខ្ញុំព្រះករុណាខ្ញុំបានប្តេជ្ញាចិត្តរួចហើយថា ប្រសិនបើផែនទីមកពីបារាំងខុសគ្នាទៅនឹងផែនទីដែលចុះហត្ថលេខាជាមួយវៀតណាម ខ្ញុំព្រះករុណាខ្ញុំនឹងចុះចេញពីតំណែងភ្លាម មិនធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត ហើយក៏ស្មគ្រ័ចិត្តចូលទៅមន្ទីរឃុំឃាំង រង់ចាំតុលាការកាត់ទោស ព្រោះនេះជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ។ ក្នុងនាមជាកូនប្រុស ហ៊ានស៊ី ហ៊ានសង “ ។
តើលោកហ៊ុនសែនគិតយ៉ាងដូចម្តេច បើ លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាមបានឲ្យដឹងថាគំនូសចម្លងផែនទីបោនខ្នាតមួយលើមួយរយពាន់ (1/100.000) និងផែនទីយូ.ធី.អឹម (UTM) ខ្នាតមួយលើហាសិបពាន់ (1/50.000) ដែលយកទៅបោះបង្គោលមានបញ្ហា។
ហេតុអ្វីក៏មានព្រឹត្តការណ៍អស់នេះ បើអាជ្ញាតែងតែអះអាង ដូចសំដីលោកហ៊ុន សែន ថា គ្មានបញ្ហាអ្វីទេពីរឿងទល់ដែន ហើយគេហាមមិនឲ្យនិយាយ ព្រមទាំងគេបន្លឿនបោះបង្គោលទល់ដែនថែមទៅទៀត ឬមួយជិតដល់ពេលបោះឆ្នោតនៅឆ្នាំក្រោយ នៅតែ ១០ខែទៀតនិង នៅឆ្នាំ២០១៨ ?
លិម គិមយ៉ា
តំណាងរាស្ត្រមណ្ឌលកំពង់ធំ
សមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភា