Top Mobile Banner

បទវិភាគ៖ តើ​ប៉ាឡេស្ទីន អាច​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ដែរ​ឬ​ទេ?

មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា បាន​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រ​ភាគច្រើន​លើសលប់​លើ​សំណើ​ចង់​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ពេញ​សិទ្ធិ​របស់​ដែនដី​ប៉ាឡេស្ទីន នៅ​តំបន់​មជ្ឈិមបូព៌ា។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា នៅ​ក្នុង​ចំណោម​សមាជិក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ១៩៣ មាន​ចំនួន ១៤៣​ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​ប៉ាឡេស្ទីន ចង់​បាន​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ ខណៈ​ប្រទេស​ចំនួន ៩ ក្នុង​នោះ​រួម​មាន​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បាន​បោះឆ្នោត​ជំទាស់ និង ២៥​ទៀត​បោះឆ្នោត​អនុបវាទ។

ទោះជា​យ៉ាងណា ការ​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រ​លើសលប់​នេះ មិន​អាច​ផ្ដល់​ឱ្យ​ប៉ាឡេស្ទីន នូវ​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​បាន​ទេ តែ​វា​បាន​បង្ហាញ​ថា ប្រទេស​ភាគច្រើន​លើសលប់​បាន​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន មួយ​ដែល​គួរតែ​ទទួល​បាន​ឋានៈ​ជា​សមាជិកភាព​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ។ តែ​ទន្ទឹម​នឹង​គ្នា​នេះ ប៉ាឡេស្ទីន ត្រូវ​រង់ចាំ​អនុសាសន៍​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​ថ្មី​ម្ដង​ទៀត។ នេះ​បើ​យោង​តាម​ក្រឹត្យក្រម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។
យោង​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ជំពូក​៥ ស្ដីពី​មុខងារ, សិទ្ធិ​សម្រេច និង​សិទ្ធិ​បោះឆ្នោត​វេតូ ឬ​ជំទាស់​របស់​ក្រុមប្រឹក្សា​សន្តិសុខ គឺជា​ការ​កំណត់​ទៅ​លើ​ឋានៈ​របស់​ប្រទេស​សាមី​ខ្លួន។
សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ ចាំបាច់​ត្រូវតែ​មាន​ការ​អនុម័ត​យល់ព្រម​ជា​មុន​ពី​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក ១៥​ប្រទេស ហើយ​ក្រោយ​មក​ទើប​គេ​ប្រគល់​កិច្ចការ​នេះ​ទៅ​ឱ្យ​មហាសន្និបាត​ជា​អ្នក​បោះឆ្នោត​សម្រេច​ម្ដង​ទៀត។

ជា​ច្រើន​ដង​មក​ហើយ ការ​ប្រឹងប្រែង​របស់​ប៉ាឡេស្ទីន តែង​ជួប​រឿង​បរាជ័យ ដោយសារតែ​ការ​បោះឆ្នោត​ជំទាស់​របស់​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល។

ជាក់ស្ដែង​កាលពី​ខែ​មេសា កន្លង​ទៅ តំណាង​រដ្ឋការ​សហរដ្ឋ​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​ជំទាស់​នឹង​ការ​ផ្ដល់​ជា​សមាជិកភាព​ពេញ​សិទ្ធិ​សម្រាប់​ប៉ាឡេស្ទីន ដោយ​អះអាង​ថា ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​ដំណោះស្រាយ​រដ្ឋ​ពីរ​នោះ​ទេ។
បើ​តាម​គោលការណ៍ សំណើសុំ​ទទួល​បាន​ឋានៈ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ពេញ​សិទ្ធិ ជា​ដំបូង​បំផុត គឺ​ចាំបាច់​ត្រូវតែ​ទទួល​បាន​ការ​អនុម័ត​យល់ព្រម​ពី​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​កំពូល​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ។ សំណុំរឿង​ប៉ាឡេស្ទីន នេះ មហាសន្និបាត​តែ​ឯង​មិន​អាច​ផ្តល់​សមាជិកភាព​ពេញ​សិទ្ធិ​បាន​ទេ។

សព្វថ្ងៃ​នេះ ប៉ាឡេស្ទីន មាន​ឈ្មោះ​ត្រឹម​ជា​រដ្ឋ​សង្កេតការណ៍ មិនមែន​សមាជិក​ដែល​ជា​ឋានៈ​មួយ​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ឆ្នាំ​២០១២ នោះ​ទេ។

ក្រុមប្រឹក្សា​សន្តិសុខ គឺជា​ស្ថាប័ន​កំពូល​មួយ​ក្នុង​ចំណោម​ទាំង ៥ នៃ​អង្គការ​សហប្រជាជាតិ។ ស្ថាប័ន​នេះ​មាន​សមាជិក ១៥​ប្រទេស ក្នុង​នោះ​សមាជិក​អចិន្ត្រៃយ៍​មាន ៥​ប្រទេស ដែល​ទំនួល​ខុសត្រូវ​លើ​ការ​ធានា​នូវ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ និង​ផ្តល់​អនុសាសន៍​ឱ្យ​ទទួល​សមាជិក​ថ្មី​ទៅ​កាន់​មហាសន្និបាត។ អំណាច​របស់​ស្ថាប័ន​នេះ​រួម​មាន ការ​បង្កើត​ប្រតិបត្តិការ​រក្សា​សន្តិភាព ការ​ដាក់​ទណ្ឌកម្ម​ជា​អន្តរជាតិ និង​ការ​អនុញ្ញាត​សកម្មភាព​យោធា​ក្រោម​ក្របខ័ណ្ឌ​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅថា «ទ័ព​រក្សា​សន្តិភាព»។

ក្រុមប្រឹក្សា​សន្តិសុខ គឺជា​ស្ថាប័ន​តែ​មួយ​គត់​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ចេញ​សេចក្តី​សម្រេច​ដាក់​ការ​បង្ខំ​ទៅ​ណា​ប្រទេស​ណា​មួយ​ដែល​ត្រូវតែ​អនុវត្ត​តាម។ តែ​បើ​ការ​សម្រេច​វិធានការ​ណា​មួយ​ធ្វើ​ទៅ​បាន លុះត្រា​មាន​សំឡេង​ឯកច្ឆន្ទ​ដោយ​គ្មាន​សំឡេង​ជំទាស់​ពី​សមាជិក​អចិន្ត្រៃយ៍​ណា​មួយ។ សមាជិក​អចិន្ត្រៃយ៍​មាន ៥​ប្រទេស គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និង​ចិន។ សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ភាសា​អង់គ្លេស​ថា «Resolution»។
ប៉ាឡេស្ទីន ឆក់​ឱកាស​ម្ដង​ទៀត​សុំ​ឋានៈ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ ចំ​ពេល​សង្គ្រាម​ផ្ទុះ​ពេញ​ទំហឹង​នៅ​ដែនដី​ហ្កាហ្សា។

កិច្ច​ប្រឹងប្រែង​ស្នើសុំ​សមាជិកភាព​អង្គការ​សហប្រជាជាតិ​ពេញ​សិទ្ធិ​របស់​ប៉ាឡេស្ទីន កើត​មាន​ឡើង​ចំ​ពេល​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា បាន​អូស​បន្លាយ​ជាង ៧​ខែ​មក​ហើយ។ នៅ​ក្នុង​ការ​បោះឆ្នោត​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ទាំង​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក បាន​បោះឆ្នោត​ជំទាស់។ ខណៈ​នេះ អ៊ីស្រាអែល​នៅតែ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​សម្ព័ន្ធមិត្ត​ស្លាប់​រស់​នឹង​គ្នា ដើម្បី​ភូមិសាស្ត្រ​នយោបាយ និង​យោធា​នៅ​មជ្ឈិមបូព៌ា។
ចំពោះ​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា ដែនដី​ប៉ាឡេស្ទីន គឺជា​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក ព្រោះ​តែ​ក្រុម​ហាម៉ាស​ជ្រកកោន​លើ​ដែនដី​ហ្កាហ្សា បាន​លួច​វាយប្រហារ​បាញ់​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជា ៥០០​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣។ ទង្វើ​របស់​ពួក​ហាម៉ាស ដូចនេះ បាន​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​អំពើ​ភេរវកម្ម ដែល​សម្លាប់​ប្រជាជន​អ៊ីស្រាអែល ជាង ១២០០​នាក់។
យ៉ាងណា សង្គ្រាម​នៅ​ហ្កាហ្សា-ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល លើក​ទ័ព​ចូល​លុកលុយ​វាយ​បាន​ស្ទើរ​ទាំងស្រុង​ហើយ តែ​សង្គ្រាម​នេះ អ៊ីស្រាអែល​មាន​ផែនការ​កាត់​ឫសគល់ និង​វាយ​បំបែក​សម្បុក​អង្គការ​ចាត់តាំង​របស់​ពួក​ហាម៉ាស ដែល​អ៊ីស្រាអែល​ហៅថា​ជា​កម្លាំង​ភេរវកម្ម​និយម​ជ្រក​ក្រោម​ផ្ទាំង​ផ្លាក​ការពារ​ដែនដី​ប៉ាឡេស្ទីន។

នៅ​ពេល​ដែល​អ៊ីស្រាអែល វាយ​បែក​សម្បុក​ពួក​ហាម៉ាស​ស្ទើរ​ទាំងស្រុង​មក​ដល់​ពេលនេះ ប្រធានាធិបតី​ប៉ាឡេស្ទីន ម៉ាមួតអាម៉ាស បាន​ថ្លែង​ដោះ​ដៃ​ថា ក្រុម​ហាម៉ាស មិន​ស្ថិត​ក្នុង​កម្លាំង​អាវុធ​ជាតិ​របស់​ប៉ាឡេស្ទីន នោះ​ទេ។ តាម​មើល​ទៅ ប្រធានាធិបតី​ប៉ាឡេស្ទីន ចង់​ប្រាប់​ពិភពលោក​ថា ក្រុម​នេះ​មាន​វត្តមាន​នៅ​លើ​ទឹកដី​ហ្កាហ្សា​ជា​ទង្វើ​ខុស​ច្បាប់។ តែ​គេ​ថា ក្រុម​នេះ​ទទួល​បាន​ការ​ផ្គត់ផ្គង់​អាវុធ និង​ទ្រទ្រង់​ថវិកា​ពង្រឹង​កម្លាំង​ដោយ​ប្រទេស​អ៊ីរ៉ង់។
ដូច​នេះ​ហើយ មើល​ទៅ​បាន​ជា​សហរដ្ឋ​អាមេរិក​សម្រេច​បោះឆ្នោត​ជំទាស់​ប្រឆាំង​នឹង​សំឡេង​ភាគច្រើន​របស់​ប្រទេស​ដែល​គាំទ្រ​សំណើ​សុំ​ឋានៈ​ជា​សមាជិក​របស់​អាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​១០ ឧសភា កន្លង​មក​នេះ។

យ៉ាងណា ជោគវាសនា​របស់​ប៉ាឡេស្ទីន ដែល​ចង់​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ គឺ​ត្រូវ​ឆ្លងកាត់​ឆន្ទៈ​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​ថ្មី​ម្ដង​ទៀត។

តើ​ប៉ាឡេស្ទីន អាច​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​ដែរ​ឬ​ទេ?
នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ គេ​រំពឹង​ថា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​បើក​កិច្ចប្រជុំ​ម្ដង​ទៀត​តាម​សំណើ​របស់​ប្រទេស​ណា​មួយ​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ធ្វើ​តាម​ការ​សុំ​អនុសាសន៍​ចេញពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​លើ​សំណុំរឿង​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន ដែល​ទទួល​បាន​ការ​គាំទ្រ​លើសលប់​ពី​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ រហូត​ដល់ ១៤៣​ប្រទេស​ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៩៣​ប្រទេស កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មក​នេះ។ តែ​យ៉ាងណា ជោគវាសនា​របស់​ប៉ាឡេស្ទីន គឺ​ពិត​ណាស់​ត្រូវ​ពឹងផ្អែក​សហរដ្ឋ​អាមេរិក​ទាំងស្រុង។
ក្នុង​គោលការណ៍​នៃ​ការ​បោះឆ្នោត​របស់​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន ៣​ប្រភេទ គឺ​ដូច​នឹង​ការ​បោះឆ្នោត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែរ គឺ​មាន​ទម្រង់​បោះឆ្នោត​គាំទ្រ ការ​បោះឆ្នោត​អនុប្បវាទ និង​ការ​បោះឆ្នោត​ជំទាស់។
ក្នុង​ទម្រង់​បោះឆ្នោត ៣​ប្រភេទ​នេះ សន្លឹកឆ្នោត​ដែល​មាន​ទម្ងន់ មាន​សន្លឹកឆ្នោត​គាំទ្រ និង​សន្លឹកឆ្នោត​ជំទាស់ ឬ​ប្រឆាំង។ ចំណែក​សន្លឹកឆ្នោត​អនុប្បវាទ មិន​មាន​ទម្ងន់​នោះ​ទេ។ គេ​ចាត់ទុក​សន្លឹកឆ្នោត​អនុប្បវាទ គ្រាន់តែ​ជា​ការ​បញ្ចេញ​ឆន្ទៈ​ដើម្បី​បញ្ជាក់​ពី​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​កិច្ចប្រជុំ ហើយ​ម្យ៉ាង​ទៀត​មិន​ចង់​ឱ្យ​ខ្លួន​គេ​ជាប់​ពាក់ព័ន្ធ​អ្វី​ឡើយ។ មាន​ន័យ​ថា ពួកគេ​ចង់​ឈរ​នៅ​ចំណុច​កណ្ដាល។
នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​១០ ខែ​ឧសភា មាន​ប្រទេស​ចំនួន ២៥ បោះឆ្នោត​អនុប្បវាទ។
យោង​តាម​ជំពូក​៥ នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​បុព្វសិទ្ធិ​នៃ​ការ​បោះឆ្នោត​វេតូ ឬ​ជំទាស់ គឺ​គេ​តម្រូវ​បាន​គ្រប់​សមាជិក​ទាំង ១៥​ប្រទេស ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​រាប់​ទាំង​សមាជិក​អចិន្ត្រៃយ៍ ៥​ប្រទេស​ផង​ដែរ។
តែ​ការ​បោះឆ្នោត​ជំទាស់ គេ​ផ្ដល់​សិទ្ធិ​ខ្លាំង​បំផុត​សម្រាប់​តែ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ ៥​ប្រទេស​ប៉ុណ្ណោះ ដែល​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និង​ចិន។ បើ​ប្រទេស​ណា​មួយ​ក្នុង​ចំណោម ៥​ប្រទេស​នេះ​បោះឆ្នោត​ជំទាស់ គឺជា​ការ​រាំង​ខ្ទប់ Resolution ឬ​សេចក្ដី​សម្រេច​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នេះ។ ឧទាហរណ៍ រុស្ស៊ី​បោះឆ្នោត​ជំទាស់​ចំពោះ​ការ​ទាមទារ​ឱ្យ​ដក​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន គឺ​មាន​ប្រសិទ្ធភាព បើ​ទោះជា​ប្រទេស​ចិន បោះឆ្នោត​អនុប្បវាទ​ក៏ដោយ។
ការ​បោះឆ្នោត​ជំទាស់ ឬ​វេតូ​របស់​រុស្ស៊ី បាន​នាំ​ទៅ​រក​ការ​រាំង​ខ្ទប់​សេចក្ដី​សម្រេច​ទាំងស្រុង​របស់​អង្គការ​សហប្រជាជាតិ ជួយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ ចំណែក​សន្លឹកឆ្នោត​អនុប្បវាទ​របស់​ចិន គេ​ថា​ក្រុង​ប៉េកាំង បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​មិន​ដាក់​ទម្ងន់​ទៅ​លើ​ប្រទេស​រុស្ស៊ី ដែល​លើក​ទ័ព​ឈ្លានពាន​របស់​អ៊ុយក្រែន នោះ​ទេ។
យ៉ាងណាមិញ គេ​ថា​ជោគវាសនា​របស់​ប៉ាឡេស្ទីន គឺ​ស្ថិត​ក្នុង​ដៃ​របស់​សហរដ្ឋ​អាមេរិក។ ករណី​នេះ បើ​សហរដ្ឋ​អាមេរិក​ជំទាស់ គឺ​ប៉ាឡេស្ទីន នៅតែ​មិន​អាច​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឡើយ។ តែ​បើ​សហរដ្ឋ​អាមេរិក​បោះឆ្នោត​អនុប្បវាទ គឺជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ម្ដង​ទៀត​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។
តាម​គោលការណ៍​នៃ​ការ​បោះឆ្នោត គេ​តម្រូវ​ឱ្យ​មាន​សន្លឹកឆ្នោត​គាំទ្រ​ភាគច្រើន​ជាង​សំឡេង​អនុប្បវាទ គឺ​គេ​តម្រូវ​ថា​មាន​សំឡេង ៩​រូប​ឡើង​ទៅ ទើប​មាន​ទម្ងន់​គ្រប់គ្រាន់​នៃ​ការ​គាំទ្រ តែ​បើ​មាន​សំឡេង​វេតូ ឬ​ជំទាស់​ណា​មួយ​ពី​សមាជិក​អចិន្ត្រៃយ៍ គឺជា​ការ​បិទ​ខ្ទប់​សេចក្ដី​សម្រេច​ទាំងស្រុង។
ឧទាហរណ៍​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ម្ដង​ទៀត​ខាងមុខ​នេះ បើ​មាន​សំឡេង​អនុប្បវាទ​ដោយ​រាប់​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ នឹង​មិន​អាច​រាំង​ខ្ទប់​សំណុំរឿង​របស់​អាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន បាន​ឡើយ។ និយាយ​ទៅ លុះត្រាតែ​សមាជិក​អចិន្ត្រយ៍​ណា​មួយ​បោះឆ្នោត​ជំទាស់ ទោះ​ជា​មិនមែន​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​អាច​បិទ​ខ្ទប់​សំណើ​របស់​ប៉ាឡេស្ទីន បាន​ដែរ។
តែ​រាល់​ករណី​ទាំងអស់ ទាំង​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ កម្រ​នឹង​កើត​មាន​សំឡេង​ឆ្នោត​អនុប្បវាទ​មាន​ច្រើន​ជាង​សំឡេង​គាំទ្រ។ ដូច្នេះ សំណើ​សុំ​ឋានៈ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន គឺ​ស្ថិត​ក្នុង​ដៃ​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​អចិន្ត្រៃយ៍​ណា​មួយ ប្រសិនបើ​ពួកគេ​បោះឆ្នោត​វេតូ ឬ​ជំទាស់៕

ព័ត៌មានទាក់ទង