Top Mobile Banner

គណបក្សស្តាំផុតបារាំងឈ្នះដាច់នៅសភាអឺរ៉ុប

អឺរ៉ុប ទី១២មិថុនា២០២៤
នៅថ្ងៃប្រកាសលទ្ធផលឆ្នោតនៅ«សភាសហភាពអឺរ៉ុប»កាលពីថ្ងៃទិ៩មិថុនាមក ប្រធានាធិបតី ម៉ាក្រុង នៃប្រទេសបារាំង បានប្រកាសតាមទូរទស្សន៍«រំលាយសភាបារាំង»មុនអាណត្តិចោល ដោយយោងទៅតាមលទ្ធផលឈ្នះដាច់គេ របស់គណបក្សស្តំាផុតនិយមបារាំង របស់ម៉ារីន ឡឺប៉ិន នៅសភាអឺរ៉ុបនោះ។ លោក ម៉ាក្រុង បានសម្រេចយកថ្ងៃទី៣០មិថុនា ជាថ្ងៃបោះឆ្នោតសភាជុំទី១ នឹងថ្ងៃទី៩កក្កដា ជាថ្ងៃ

បោះឆ្នោតសភាផ្តាច់ព្រ័ត្រ។ ជោគជ័យនេះ ធ្វើឲ្យអតីតជនភៀសខ្លួនខ្មែរនៅបារាំងគីតយ៉ាងម៉េចដែរ? ប្រសិនបើគណបក្សស្តាំផុតនោះ ជាប់ឆ្នោតភាគច្រើន នៅសភាបារាំង ហើយការបារម្មរបៀបគ្នានោះ ក៏កំពុងតែរីកធំកើតឡើងដូចគ្នា នៅសហរដ្ឋអាមេរីក ប្រសិនបើជាគណបក្សសាធារណរដ្ឋ ស្តាំផុតនិយម របស់លោក ឌណល ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរីកម្តងទៀត នៅខែវិច្ឆិកា២០២៤ខាងមុខ?
នៅប្រទេសបារាំងក្រុមស្តាំផុតនិយម មិនដែលបានទទួលការគាំទ្រច្រើនយ៉ាងនេះ(បាន៣១,៤% នៅសភាអឺរ៉ុបពេលនេះ)ទេ ប៉ុន្តែដោយសារតែ ក្រុមមួយនេះមាននយោបាយមិនចូលចិត្តជួយពួកអន្តោប្រវេសន៍ មិនចូលចិត្តជួយក្រុមសាសនាមូស្លីម មិនចូលចិត្តពលដ្ឋមកពិប្រទេសម៉ាក្រេប(អាហ្វ្រីកខាងជើង)ទេ, ពិសេសនោះ មិនចូលចិត្តឲ្យរដ្ឋាភិបាលយកថវិការជាតិទៅជួយប្រទេសដ៏ទៃ ដូចជាទៅជួយប្រទេសអ៊ូក្រែនជាដើម ធ្វើឲ្យអ្នកប្រកាន់នយោបាយ ស្តាំកណ្តាលនិយម ឬអ្នកប្រកាន់សង្គមឆ្វេងនិយម មានការមិនពេញចិត្ត ពីព្រោះជាការគ្រោះថ្នាក់ ដល់ភាពវិជ្ជមានអ្វីៗដែលទទួលបានរួចពីមុនមកហើយ។ ក្រុមប្រជាពលរដ្ឋតូចតាច បារម្ភពីស្ថានភាពសង្គមកិច្ច លំនៅឋាន ឬក៏សន្តិសុខរបស់ពួកខ្លួន ត្រូវរងគ្រោះដោយរដ្ឋអំណាចដែលមានអំណាចផ្តាច់ការ រីឯសេរីភាពពលរដ្ឋ ក៏នឹងត្រូវប្រវ័ញ្ញដោយប៉ូលិសឬយោធាប្រដាប់អាវុធ។ ក្រុមស្តាំផុតនិយមបារាំងនោះទៀតសោត មានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយលោកប្រធានាធិបតី ពូទីន នៃប្រទេសរុស្សី ដែលកំពុងធ្វើសង្គ្រាមឈ្លានពានលើអ៊ូក្រែន ដែលជាហេតុធ្វើឲ្យគេយល់ថា ភាពសុច្ចរឹត ភាពស្មោះត្រង់ នឹងភាពយុត្តិធម្ម នឹងពុំមានទៀតទេ នៅក្នុងរបបស្តាំផុតនិយម ដែលអាចនឹងមកដល់នោះ!

ប្រធានាធិបតីបារាំង ម៉ាក្រុង
ប្រធានាធិបតីបារាំង ម៉ាក្រុង


លោកប្រធានាធិបតី ម៉ាក្រុង នៅពេលប្រកាសរំលាយសភាបារាំង ពុំបានបញ្ជាក់ពីបុព្វហេតុនៃវត្ថុបំណងរបស់លោកនោះទេ ដូច្នោះហើយបានជាមានសំនួរថា ហេតុអ្វីក៏លោកធ្វើឲ្យមានភាពច្រួលច្របល់យ៉ាងនេះ? ពីព្រោះគេមើលឃើញថា ពុំទាន់មានភាពចាំបាច់នៅឡើយទេ ដោយសារ ១ ឥតទាន់មានការគម្រាមកំហែងដល់អំណាច គណបក្សលោកម៉ាក្រុង នឹងសម្ព័ន្ធមិត្តលោក នៅឡើយទេ ២ គណបក្សស្តាំផុតនិយមបារាំង បានឡើងច្រើនមែន ប៉ុន្តែពុំមែនឡើងរហូតដល់ ឲ្យមានរង្គោះរង្គើអំណាចចាស់ នៅពេញអឺរ៉ុបនោះទេ នៅប្រទេសដ៏ទៃ ក្រុមនោះឡើងចំនួនតិចតួចប៉ុណ្ណោះ ៣ ដូច្នេះគេអាចសន្និដ្ឋានថា គឺនយោបាយប្រទេសបារាំងខ្លួនឯង ដែលធ្វើឲ្យគណបក្សស្តាំផុតនិយមនោះ លេចធ្លោនៅក្នុងប្រទេសបារាំងបាន។
នៅសហរដ្ឋអាមេរីកនៃលោក ឌណល ត្រាំ វិញ គេអាចលើកវិរៈភាពនៃគណបក្សស្តាំផុតនិយមបារាំងរបស់ ម៉ារីន ឡឺប៉ិន សម្រាប់ការឃោសនា របស់លោក នៅឯអាមេរីកនោះបាន ប៉ុន្តែភាពស្ងាត់ស្ងៀមរបស់ប្រទេសទាំង៣២ នៃសហភាពអឺរ៉ុបផ្សេងទៀត មិនបានឲ្យតម្លៃនៃទំនាក់ទំនង ជាមួយនឹង ពូទីន នោះទេ ពីព្រោះ«សហភាពអឺរ៉ុបត្រូវការអាមេរីក ឲ្យនៅជាមួយនឹងពួកគេ» ដូច្នេះពេលនេះ គឺគេត្រូវការ«ជោគជ័យរបស់ លោក ជោ បាយដិន» ដើម្បីយកជ័យជំនះឲ្យអ៊ូក្រែន នឹងឲ្យអឺរ៉ុប ទើបមានសន្តិភាព។
តើបារាំងបានធ្វើអ្វីខុសក្នុងនយោបាយឬ ទើបបានក្រុមស្តាំផុតនិយមបែប«ណាស៊ី»លេចឡើងនៅប្រទេសបារាំងបាន?
ដំបូងពួកស្តាំផុតនិយមបានផុសឡើងខ្លាំងនៅអាមេរីកជាមួយក្រុម ខេខេខេ ឬ នៅអាល្លឺម៉ង់ជាមួយ ណាស៊ី, ក្រោយមកបន្ទាប់ពីរបបណាស៊ីស្លាប់ទៅជាមួយនឹង«ហ៊ីត្លែ» ក៏នៅសេសសល់គំនិត«អ្នកស្អប់ពូជសាសន៍ដ៏ទៃ ហើយមិនអាចទប់ចិត្តមិនបំផ្លាញចោលមិនបាន»នៅឡើយ ហើយគំនិតនោះ នៅដិតជាប់នឹងអ្នកដែលមាននយោបានគ្រប់គ្រងផ្តាច់ការនិយម ក៏នៅរីករាយសុះសាយ រហូតមកដល់ថ្ងៃនេះ ជាមួយក្រុមអតីត ណាស៊ី ឬក្រុម ខេខេខេ ជាដើម, ហើយមានបារាំងខ្លះយល់ថាក្រុមទាំងនោះធ្វើត្រូវ។
បារាំងជាច្រើន នៅពេលបោះឆ្នោត ដោយខឹងនឹងរដ្ឋាភិបាលបារាំងលោក ម៉ាក្រុង ដែលមាននយោបាយរឹតត្បិត ឬមិនមានចិត្តទូលាយ ក៏បោះ«ឆ្នោតកំហឹង»នោះទៅឲ្យក្រុមផ្តាច់ការនិយមមាន ក្រុម ម៉ារីន ឡឺប៉ិន ឬក៏ក្រុមកុម្មយនិស្តជាដើម ដែលធ្វើឲ្យលទ្ធផលឆ្នោតចេញជាយ៉ាងគ្រោះថ្នាក់ជាទីបំផុតនេះ ដែលជាការខូចប្រយោជន៍ដល់ ជនជាតិឯទៀត ដែលបានចូលមករស់នៅកសាងប្រទេសបារាំងជាមួយគ្នា ដល់ប្រទេសបារាំងទាំងមូល នឹងដល់សហភាពអឺរ៉ុបផង ៕

ព័ត៌មានទាក់ទង