ដោយ ឌឹ ខេមបូឌា ដេលី November 8, 2023
តំណាងរាស្ត្រអតីតបក្សប្រឆាំង ថាសមាគមវៀតណាមដែលបានបង្កើតឡើងនៅកម្ពុជាគ្រប់ ២៥រាជធានី-ខេត្តនៅទូទាំងប្រទេសជាហូរហែមកនេះ គឺជាផែនការដើម្បីជួយសម្រួលដល់ជនជាតិវៀតណាម ដែលបានរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់កន្លងមក ឱ្យទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រយ៍ និងចូលសញ្ជាតិខ្មែរ ដើម្បីឱ្យពួកគេបន្តរស់នៅលើទឹកដីខ្មែររាប់ពាន់ឆ្នាំទៅមុខទៀត។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ វិច្ឆិកា នេះថា សមាគមវៀតណាមនៅកម្ពុជាសព្វថ្ងៃនេះ គឺជាអង្គភាពដែលមានតួនាទីតំណាងឱ្យរដ្ឋាភិបាលវៀតណាមដោយស្របច្បាប់ ក្នុងការអនុវត្តផែនការដំណើរឆ្ពោះទៅទិសខាងលិចរបស់មេដឹកនាំវៀតណាម លោក ហូ ជី មិញ ឱ្យបានសម្រេចនាពេលអនាគត ក្នុងការគ្រប់គ្រងទឹកដីខ្មែរតាមផែនការប្រជាសាស្ត្រ ដោយការបង្ហូរជនជាតិរបស់ពួកគេឱ្យទៅរស់នៅលើទឹកដីខ្មែរដូចដែលពួកគេបានអនុវត្តតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។
លោក អ៊ុំ សំអាន បញ្ជាក់ថា សមាគមវៀតណាមនៅកម្ពុជាបច្ចុប្បន្ននេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាជ្ញាធរកម្ពុជា ហើយអាជ្ញាធរកម្ពុជាក៏មិនហ៊ានប៉ះពាល់ដល់សមាគមវៀតណាមនោះដែរ ស្របពេលដែលសមាគមវៀតណាមទាំងនោះធ្វើអ្វីៗស្រេចតែអំពើចិត្ត ខណៈរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក៏គាំទ្ររាល់សកម្មភាពរបស់សមាគមវៀតណាមទាំងនោះថែមទៀត។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មេដឹកនាំវៀតណាម លោក ង្វៀន ស៊ុនហ្វុក (Nguyen Xuan Phuc) បានអះអាងថា នៅកម្ពុជាគ្មានសហគមន៍ណាជួបការលំបាកច្រើនដូចសហគមន៍ជនជាតិវៀតណាម នោះទេ គឺដោយសារតែពួកគេមានស្ថានភាពមិនច្បាស់លាស់អំពីភាពស្របច្បាប់ ហើយភាគច្រើនជនជាតិវៀតណាមទាំងនោះមិនមានឯកសារសម្គាល់ខ្លួនទេ ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ជាដើម។
យ៉ាងណាក៏ដោយ ក្នុងជំនួបរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក ផាម មីញជីញ ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយក្នុងឱកាសនៃកិច្ចប្រជុំមេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យលោក ហ៊ុន សែន ជួយសម្រួលការរស់នៅដោយខុសច្បាប់របស់ប្រជាជនវៀតណាមឲ្យបានល្អប្រសើរបន្តទៀត ខណៈមេដឹកនាំខ្មែរលោក ហ៊ុន សែន ក៏បានឯកភាពនឹងសំណើនេះដែរ។
ជាងនេះទៀត ប្រធានរដ្ឋវៀតណាម លោក វ៉ វ៉ាន់ធឿង ក៏បានស្នើឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ឱ្យជួយសម្រួលការរស់នៅដោយខុសច្បាប់របស់ប្រជាជនវៀតណាម ឲ្យបានល្អប្រសើរបន្តទៀតដែរកាលពីពេលថ្មីៗនេះ ហើយសំណើនេះក៏មិនត្រូវបានលោក ហ៊ុន ម៉ាណែត បដិសេធដែរ។
ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា ក្នុងនាមបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងរូបលោកផ្ទាល់ តែងយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គី ភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់ ស្របតាមទិសស្លោកថា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ លោក ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំស្ដីពីការអនុវត្តគោលនយោបាយចំពោះអាណិកជនវៀតណាមនៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ ដែលសារាចរនេះនៅតែមានសុពលភាពរហូតដល់ពេលនេះ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ស្របពេលដែលគេមើលឃើញថា ជនអន្តោប្រវេសន៍ដែលរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ច្រើនលើសលប់សព្វថ្ងៃនេះ គឺមានតែជនជាតិវៀតណាមប៉ុណ្ណោះ។ ជាងនេះទៀត នៅដើមឆ្នាំ២០២៣ នេះ លោក ហ៊ុន សែន ក៏បានស្នើសុំព្រះមហាក្សត្រខ្មែរឱ្យផ្តល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាមជាបន្តបន្ទាប់ ដោយកែប្រែពីឈ្មោះវៀតណាម មកប្រើឈ្មោះលំនាំខ្មែរថែមទៀត។
ជុំវិញបញ្ហានេះ កាលពីខែកក្កដា ឆ្នាំ២០០៣ ព្រះបាទនរោត្តម សីហនុ បានចេញព្រះរាជសារមួយទៅកាន់ជនរួមជាតិខ្មែរដោយប្រកាសថា ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់បានចូលទៅរស់នៅកម្ពុជាមានចំនួនដល់ទៅរាប់លាននាក់ឯណោះ៕