Top Mobile Banner

អតីត​មេ​បក្ស​ជំទាស់​ជំរុញ​ឱ្យ​មាន​ចលនា​តស៊ូ​ប្រឆាំង​ ដើម្បី​ផ្លាស់ប្ដូរ​ការ​គ្រប់គ្រង​នៃ​របប​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ ចលនាតស៊ូ​មួយ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​តាម​របប​ផ្ដាច់ការពុករលួយ និង​ក្បត់ជាតិខ្មែរ។
អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ ពុករលួយ និង​ក្បត់​ជាតិ ដែល​កំពុង​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុនសែន ជាង ៤០​ឆ្នាំ​មក​នេះ។


លោក​ថា ចលនា​តស៊ូ​នេះ​ត្រូវតែ​បង្ខំ​ឲ្យ​របប​ដឹកនាំ​ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ពិតប្រាកដ ត្រឹមត្រូវ ដោយ​មាន​ការ​ឃ្លាំមើល​ពី​សហគមន៍​អន្តរជាតិ​តាមរយៈ​អង្គការ​សហប្រជាជាតិ ជាដើម។
លោក​បន្ត​ថា ឱ្យ​តែ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ របប​ផ្ដាច់ការ​នឹង​មិន​អាច​ក្តោប​ក្តាប់​អំណាច​តទៅទៀត​បាន​ឡើយ គឺ​មាន​ន័យ​ថា​នឹង​ត្រូវ​ធ្លាក់​ពី​តំណែង​មួយ​រំពេច។
លោក សម រង្ស៊ី លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ដែល​ស្រឡាញ់​សេរីភាព និង​យុត្តិធម៌ ត្រូវ​យល់​ថា​របប​ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន នឹង​មិន​រៀបចំ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ ដែល​ទង្វើ​បែប​នេះ​គឺ​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំងស្រុង។
អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​រង់ចាំ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​រដ្ឋ​អំណាច​សព្វថ្ងៃ​នេះ​ទេ ព្រោះ​ថា​រាល់​ការ​បោះឆ្នោត​ម្តងៗ​ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន សុទ្ធតែ​ជា​ការ​បោះឆ្នោត​ក្លែង​បន្លំ បំភ្លៃ និង​រំលោភ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​តែប៉ុណ្ណោះ។
អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា ប្រព័ន្ធ​ដឹកនាំ​កុម្មុយនីស្ត​ត្រកូល​ហ៊ុន​នៅ​ប្រទេស​កម្ពុជា គឺ​ស្ថិត​នៅ​ក្រោម​អំណាច​ផ្ដាច់ការ​អាជ្ញា​ទំនើង​ចិត្ត​របស់​បុគ្គល​តែ​ម្នាក់​គត់ គឺ​លោក ហ៊ុន សែន។
លោក​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​ដែល​មាន​គោលការណ៍​អាត្មានិយម​ដឹកនាំ​ដើម្បី​តែ​ផល​ប្រយោជន៍​អំណាច​គ្រួសារ​ហ៊ុន​តែ​មួយ​មុខ​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ពី​គ្រោះ​មហន្តរាយ​ចំពោះ​ប្រទេស​ជាតិ​ឡើយ។
លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​សព្វថ្ងៃ​នេះ គ្រាន់តែ​ជា​ជំនួយការ​ឲ្យ​លោក ហ៊ុន សែន ជា​ឪពុក​ប៉ុណ្ណោះ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ដឹកនាំ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ជា​ប្រព័ន្ធ​កុម្មុយនីស្ត​សុទ្ធសាធ ព្រោះ​អំណាច​ដឹកនាំ​ទាំងស្រុង​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​បុគ្គល​តែ​ម្នាក់ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​ជាក់ច្បាស់។
ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ក៏​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ដើម្បី​ឱ្យ​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់បាន​ប្រជាធិបតេយ្យ​លេច​ចេញ​ជា​រូបរាង​ពិតប្រាកដ ទាល់​តែ​មាន​ក្រុមប្រឹក្សា​ជាតិ​បង្រួបបង្រួម​កម្ពុជា​មួយ​ដែល​ជា​តំណាង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ទាំងមូល៕

ព័ត៌មានទាក់ទង