Top Mobile Banner

ចលនា​មាតា​ធម្មជាតិ​អំពាវនាវ ​ឱ្យ​សាធារណជន​បរិច្ចាគ​សប្បុរស​ទាន ​ដល់​ការ​តស៊ូ​ពី​ពន្ធនាគារ

#ចលនាមាតាធម្មជាតិ​កម្ពុជា (#MotherNature #Cambodia) អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ដល់​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥​នាក់​ដែល​កំពុង​តស៊ូ​នឹង​ភាព​អយុត្តិធម៌​ក្នុង​ពន្ធនាគារ។
ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា សូម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​#បរិស្ថាន ចូលរួម​គាំទ្រ​សកម្មជន​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ដើម្បី​អនាគត​ភព​ផែនដី​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ព្រោះ​ថវិកា​បរិច្ចាគ​ពី​អ្នក​ចូលរួម​ទាំងអស់ ពិត​ជា​មាន​តម្លៃ​អស្ចារ្យ​ណាស់​ក្នុង​កិច្ចការងារ​ដើម្បី​បរិស្ថាន។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​គាំទ្រ​សកម្មជន​បរិស្ថាន​កម្ពុជា​ទាំង ៥​នាក់ ដែល​កំពុង​តស៊ូ​ក្នុង​#ពន្ធនាគារ តទល់​នឹង​ប្រព័ន្ធ​យុត្តិធម៌​នៃ​របប​ក្រុង​ភ្នំពេញ​ដែល​បាន​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពួកគេ​ទាំង​អយុត្តិធម៌​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ ១០​នាក់ និង​បាន​ចាប់​ឃុំ​ខ្លួន​ចំនួន ៥​នាក់ ក្រោម​បទ​ចោទប្រកាន់ #រួមគំនិតក្បត់ និង​#ប្រមាថព្រះមហាក្សត្រ ដែល​ត្រូវ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំ ព្រមទាំង​តម្រូវ​ឱ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​តាម​ខេត្ត​ចំនួន​ប្រាំ​ខុសៗ​គ្នា​ផង​ដែរ។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក​ចំនួន ៦៧​ស្ថាប័ន ដូចជា អង្គការ​បណ្ដាញ​សេរីភាព​បញ្ចេញមតិ​អាស៊ីអាគ្នេយ៍ (Southeast Asia Freedom of Expression Network) អង្គការ​បណ្ដាញ​យុវជន​អាកាសធាតុ​រស់​ឡើងវិញ (Youth Climate Resilience Network) និង​អង្គការ​យុវជន​ដើម្បី​សហគមន៍​បៃតង (Youth for Green Communities) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២៤ នេះ ដោយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ទាំង ៥​នាក់​ដោយ​ឥត​លក្ខខណ្ឌ។

ចំណែកឯ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​ជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ហើយក៏​ជា​កត្តា​មួយ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា សកម្មជន​បរិស្ថាន​មិនមែន​ជា​ឧក្រិដ្ឋជន​ព្រៃឈើ​ទេ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ទាំង​អយុត្តិធម៌។ ផ្ទុយទៅវិញ ឧក្រិដ្ឋជន​ព្រៃឈើ ដូចជា ឧកញ៉ា ទ្រី ភាព ឧកញ៉ា លី យ៉ុងផាត់ ជាដើម មិន​ត្រឹមតែ​គ្មាន​ទោស​ទេ ថែមទាំង​ត្រូវ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឱ្យ​ពួកគេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កាន់តែ​ខ្លាំង​ថែមទៀត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ចាប់​សកម្មជន​បរិស្ថាន​ដាក់​គុក គឺ​មាន​ន័យ​ស្មើ​នឹង​បើក​ដៃ​ឱ្យ​ឧក្រិដ្ឋជន​ព្រៃឈើ​បំផ្លាញ​បរិស្ថាន​បន្ត​ទៀត ដូច្នេះ​ហើយ​បាន​ជា​ព្រៃឈើ​ខ្មែរ​តែង​រង​នូវ​ការ​បំផ្លាញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយសារតែ​មាន​ការ​គប់គិត​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

កាលពី​អំឡុង​ឆ្នាំ​២០២១ សកម្មជន​ចលនា​មាតា​ធម្មជាតិ ធ្លាប់​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ជួរមុខ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Frontline Defender for Asia Pacific) ពី​អង្គការ Frontline Defender ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

ក្រៅពី​នោះ សកម្មជន​បរិស្ថាន​ទាំងនេះ​ក៏​បាន​ទទួល​ពានរង្វាន់ Rights Livelihood Award ជុំវិញ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ពី​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​ដែរ៕

ព័ត៌មានទាក់ទង