នៅឡូវែល ដោយ ពីន សំខុន
លោកអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិឆ្នាំ២០១៣ លឹម គឹមយ៉ា បានត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅទីក្រុងបាងកក កាលពីថ្ងៃទី៧មករា២០២៥ វេលាម៉ោង៥រសៀល នៅពេលលោកធ្វើដំណើរចេញពីខេត្តសៀមរាប តាមរថយន្តឈ្នួល មកដល់ទីក្រុងបាងកកនៃប្រទេសថៃ ជាមួយភរិយាជាតិបារាំង នឹងឳពុកមារបស់លោក។ ខ្មាន់កាំភ្លើងនោះ ជាជនជាតិថៃ បានត្រូវអាជ្ញាធរថៃ ចាប់ខ្លួនបាន នៅថ្ងៃបន្ទាប់ នៅពេលរត់គេចខ្លួនចូលមកដីខ្មែរ នឹងមានជនសង្ស័យម្នាក់ទៀត ជាជនជាតិខ្មែរ ដែលទំនងជាគេមានភស្តុតាងថា ជាអ្នកចង្អុលបង្ហាញ ពីភិនភាគជនដែលត្រូវរងគ្រោះ ដោយគ្រាប់កាំភ្លើងជនជាតិថៃនោះ, ខ្មែរម្នាក់នោះឈ្មោះ ពេជ គឹមស្រ៊ុន លាក់ខ្លួនជិះរថយន្តឈ្នួលជាមួយ លឹម គឹមយ៉ា ដែរ ហើយក៏ត្រឡប់មកកម្ពុជាវិញ ដោយយន្តហោះ នៅល្ងាចដដែលនោះ។ គេដឹងថា ជនជាតិថៃដៃដល់ គឺជាអតីតទាហ៊ានជើងទឹក ធ្លាប់ទទួលការវេរលុយចូលគណនីយរបស់ខ្លួន ដោយជនជាតិខ្មែរម្នាក់ទៀត ដែលមានឈ្មោះថា លីរតនៈ រស្មី នៅខេត្តបាត់ដំបង ។





សកម្មភាពស៊ើបអង្កេតរបស់ប៉ូលិសថៃ នៅតែបន្តរ ដូចគ្នានឹងសារពត៍មានថៃដែរ ដោយសារតែនេះជាករណីឃាដកម្មឆ្លងប្រទេសដ៏ធំជាលើកទីមួយ តែភាពសហការរបស់រដ្ឋបាលខ្មែរ នៅមិនទាន់មានជារហ័សរហួនសមរមនៅឡើយទេ ដោយមិនព្រមប្រគល់ខ្លួន ពេជ គឹមស្រ៊ុន តាមដីការចាប់ខ្លួន ដោយបុរសនេះមានទំនាក់ទំនងជីតស្និទ ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលកម្ពុជាផង។ ថ្វីត្បិតតែអ្នកនាំពាក្យរបស់រដ្ឋាភិបាលភ្នំពេញ ប្រកែកមិនព្រមទទួលថា ឃាដកម្មចំពោះ លឹម គឹមយ៉ា នេះមានទាក់ទងនឹងអ្នកនយោបាយនៅកម្ពុជាក៏ដោយ ក៏មតិសាធារណនៅតែចោទក្រកាន់ថា មានបញ្ជាឲ្យសម្លាប់ លឹម គឹមយ៉ា នោះ មកពីភ្នំពេញជាប្រាកដ។
តើលោក លឹម គឹមយ៉ា ជានរណា? នៅពេលលោកស្លាប់ទៅ លោកមានអាយុ៧៣ឆ្នាំ លោកបានរៀនចប់មហាវិទ្យាល័យវិទ្យាសាស្ត្រ ខាងផ្នែកគណិតវិជ្ជា នៅឆ្នាំ១៩៧២ ហើយចេញមកបន្តរការសិក្សា នៅទីក្រុងប៉ារីស, នៅទីនោះ លោកបានចេញទៅធ្វើការនៅក្រសួងហិរញ្ញវត្ថុបារាំង រហូតដល់ចូលនិវត្តន៍ រៀបការជាមួយភរិយាបារាំងរបស់លោក មានកូន៣នាក់។ លោកធ្លាប់ជាយុវជន ស្មោះត្រង់នឹងប្រជាជាតិ តែងតែឈឺឆ្អាល់ចំពោះវាស្នាជាតិខ្មែរ មិនព្រមឆ្អែតឆ្អន់។ នៅពេលមកដល់ស្រុកបារាំងភ្លាម លោកបានចូលរួមជាមួយចលនាសេរី ដឹកនាំដោយព្រឹទ្ធាចារ្យខ្មែរ៧រូប មានលោក ស៊ិម វ៉ា (អតីតនាយករដ្ឋមន្ត្រី) លោក សុខ ឆុង (អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ) … ដែលធ្វើសកម្មភាពជួយរំដោះជាតិខ្មែរ ចេញពីរបបនឹងនឹមកុម្មុយនីស្តក្រហម នាអម្លុងឆ្នាំ១៩៧៥។ ពេលនោះ លោក លឹម គឹមយ៉ា បានបង្កើតកាសែត«មូលខ្មែរ»ជាស្ថាបនិក ជាមួយលោក ស៊ិម វ៉ា ដែលតែងតែបញ្ចេញបតិមិនសំចៃមាត់ដូចគ្នា មិនដែលដាច់ រហូតដល់ខ្មែរមានចលនារំដោះនៅទល់ដែនខ្មែរថៃមួយ ដឹកនាំដោយលោក សឺង សាន(អតីតនាយករដ្ឋមន្ត្រី)នឹងឩត្តមសេនីយ ដៀន ដែល… ប៉ុន្តែក្រុមព្រឹទ្ធាចារ្យទាំងនោះ បានរំសាយខ្លួនចោលទៅវិញ ដោយសារតែក្រុមលោក សឺង សាន បានចូលរួមរំដោះ ជាមួយចលនាត្រីភាគី ដែលក្នុងនោះមានភាគីមួយ ជាក្រុមខ្មែរក្រហមកុម្មុយនីស្ត ប៉ុល ពត។ លោក លឹម គឹមយ៉ា នៅបន្តរផ្សព្វផ្សាយ «ព្រឹត្តប័ត្រមូលខ្មែរ»ជាច្រើនឆ្នាំបន្តរមក បើទោះជាលោក ស៊ឹម វ៉ា បានបាត់បង់ជីវិតទៅហើយក្តី។ លោកជាមនុស្សសាមញ្ញ សុច្ចរឹត ជាទីរាប់អានគ្រប់មិត្តសម្លាញ់ ឈឺឆ្អាលនឹងជាតិសាស្ត្រខ្មែរ ហ៊ានបង្ហាញឆន្ទៈខ្លួនដោយមិនដែលខ្លាចរអា និយាយតិចតែច្បាស់លាស់ មិនធ្វើឲ្យគេសង្ស័យឡើយ ទោះជាមកដល់សព្វថ្ងៃនេះក៏ដោយ។
ការចូលសភាខ្មែរ នៅឆ្នាំ២០១៣ បន្ទាប់ពីចូលនិវត្តន៍នៅស្រុកបារាំងមក គឺជាបំណងដ៏មោះមុត ក្នុងការជួយស្រោចស្រង់ប្រជាជាតិឲ្យរួចចាកពីអំណាចផ្តាច់ការ ឲ្យទទួលបាននូវអភីវឌ្ឍន៍ដូចបរទេសសេរីឯទៀតៗ តែលោកប្រឈមមុខ នឹងគ្រោះថ្នាក់ផ្ទាល់ខ្លួន ជាមួយមិត្រភ័ក្ត្រនយោបាយនៃបក្សសង្គ្រោះជាតិឯទៀត ដោយមិនតក់ស្លុត នឹងបរិយាកាសហឹង្សាយ៉ាងពេញទំហ៊ឹង ពិអតីតមេដឹកនាំរបបកុម្មុយនីស្ត ដែលកំពុងតែកាន់អំណាចនៅកម្ពុជា។ ជាបន្តរបន្ទាប់ទៅទៀត ទាំងគណបក្សសង្គ្រោះជាតិត្រូវរំលាយចោលក៏ដោយក្តី លឹម គឹមយ៉ា ក៏មិនបានបញ្ឈប់ខ្លួនពីការបញ្ចេញយោបល់ ទិទានចំពោះអ្វីដែលលោកយល់ថា«មិនគប្បីចំពោះប្រទេសនឹងពលរដ្ឋខ្មែរ ជារៀងរាល់ពេល ជាមួយនឹង«លិខិតខ្លីៗពណ៍លឿង»របស់លោក តែដដែល។ លោក លឹម គឹមយ៉ា ជាមនុស្សដែលមានលក្ខណៈសម្បត្ត មិនដែលប្រាថ្នាបុណ្យសក្តិឬកិត្តិយសខ្ពង់ខ្ពស់ អ្វីនោះទេ តែលោកស្វែងរកកម្លាំងមកជួយប្រជាពលរដ្ឋខ្មែរ ដែលពេលនោះ មានតែគណបក្សសង្គ្រោះជាតិតែ១គត់ ដែលបង្ហាញខ្លួនជាគណបក្សប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស នឹងជាកន្លែងរួបរួមផ្គុំអ្នកស្នេហាជាតិ មកធ្វើសកម្មភាពដើម្បីជាប្រយោជន៍ដល់ជាតិបាន ប៉ុន្តែការប្រឆាំងដ៏លេចធ្លោរបស់លោក ក៏បណ្តាលឲ្យលោកក្លាយជា«ផ្ទាំងស៊ីប»ដ៏សំខាន់ របស់របបដែលចូលចិត្តឈាម ជាដំណោះស្រាយ។
ករណីឃាដកម្មនោះនឹងទៅជាយ៉ាងណា? នៅថ្ងៃទី១៥នេះ ប៉ូលីសថៃបានរកឃើញនឹងតាមចាប់ជនសង្ស័យថ្មីទៀត ដែលជាអ្នកវេរលុយច្រើនម៉ឺនបាត ច្រើនដងទៅឲ្យជនដៃដល់ ។ គេដឹងថា អ្នកវេរលុយនោះ ជាជនសង្ស័យទី២ជាជនជាតិខ្មែរ គឺជាបច្ចុប្បន្នទីប្រឹក្សារបស់លោក អតីតនាយករដ្ឋមន្ត្រី ដែលមិនទាន់ដកខ្លួនពីអំណាចបាន រីឯជនសង្ស័យទី១វិញ ក៏ជាប្អូនបង្កើតរបស់មន្ត្រីជាទីប្រឹក្សារបស់លោក ហ៊ុន សែន ដែរ គឺលោក ពេជ្រ ស្រស់ ម្នាក់ក្រោយនេះ ធ្លាប់ជាមេដើមបណ្តឹងធ្វើឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិចោល។ ប៉ូលីសថៃ មិនទាន់មានសហការពិតប្រាកដ ពីរដ្ឋាភិបាលខ្មែរទេ ដែលជាហេតុធ្វើឲ្យគេយល់ថា ជាឃាដកម្មនយោបាយ ទំនងជាមានខ្សែរទាក់ទងដោយចំពោះ ទៅថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសកម្ពុជាផង។
នៅប៉ារីស ក្រុមមិត្តភក្ត្រនឹងសមាជិកបក្សសង្គ្រោះជាតិ មានសេចក្តីសោកស្តាយចំពោះការបាត់បង់ជិវិតលោក លឹម គឹមយ៉ា បាននាំគ្នាចូលរួមមរណទុក្ខជាមួយគ្រួសារ លឹម គឹមយ៉ា នឹងធ្វើបុណ្យគម្រប់៧ថ្ងៃ ឩទ្ទិសកុសលជូនសព តាមគន្លងព្រះពុទ្ទសាសនា នៅវត្តពោធិវង្ស។ រីឯនៅទីក្រុងឡុងប៊ីច នៃសហរដ្ឋអាមេរីកវិញ ក៏សមាគមខ្មែរនៅទីនោះក៏ប្រារព្ធការគោរពវិញ្ញាណក្ខន្ធដូចគ្នា, ហើយទំនងជាមានធ្វើពិធីរំលឹកការបាត់បង់ជីវិតលោក លឹម គឹមយ៉ា នៅច្រើនកន្លែងទៀត ដែលធ្វើឲ្យការស្លាប់នេះ មានទំហ៊ំជា«វិរបុរសខ្មែរ» ហើយក៏ធ្វើឲ្យសាធារណជននឹកទៅដល់«វិរបុរសក្លាហាន»ម្នាក់ទៀតគឺលោកបណ្ឌិត កឹម ឡី ដែលបានបានបង់ជិវិត ដោយការបាញ់សម្លាប់ដែរ កាលពីពេលមុននោះ មិនអាចឲ្យកូនខ្មែរ បំភ្លេចនូអំពើបំផ្លាញធនធានបញ្ញាវន្ត របស់ខ្មែរ បានឡើយ ៕