ភ្នំពេញ៖ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងគោរមងារ ជា«សម្ដេចព្រះឧត្តមវង្សា»។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៥ កក្កដានេះ។
សម្ដេចសង្ឃ គូ សុភាព ត្រូវបានគេស្គាល់ថាជាបញ្ញវន្តសង្ឃ មានចំណេះដឹងខ្ពង់ខ្ពស់ ដែលតែងចែករំលែកពីព្រះធម៌អប់រំផ្លូវចិត្តដល់ពុទ្ធបរិស័ទចាស់ក្មេង។ សម្ដេចសង្ឃ គូ សុភាព គឺជាគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ គល់ទទឹង និងអតីតជាសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ព្រះអង្គ គូ សុភាព ជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើត៩នាក់ ក្នុងគ្រួសារកសិករមួយ នៅឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ៕