អារម្ភកថា
‹ចៅពិន›ជារឿងរ៉ាវរបស់ក្មេងតូចម្នាក់ ទំនងជាអាយុ៥ឆ្នាំនាឆ្នាំ១៩៥០ គឺជារឿងក្នុងអត្ថបទសិក្សា ដែលគ្រប់ក្មេងទើបនឹងចូលសាលាថ្នាក់កុមារដ្ឋាននាម្តុំពេលនោះ បានស្គាល់នឹងបានរៀនគ្រប់ៗគ្នា ពីព្រោះសៀវភៅថ្នាក់កុមារដ្ឋាននេះ បានត្រូវប្រើច្រើនឆ្នាំ នាជំនាន់ឆ្នាំ១៩៥០ ពុំមានផ្លាស់ប្តូរទេ។ ហេតុនេះហើយបានជា‹ខ្មែរផុសស.រ.អា.›ចាប់យករឿង‹ចៅពិន›មកសរសេរជារឿងជីវិតកុមារ នាជំនាន់ឆ្នាំ ដែលខ្មែរកំពុងចេញពីអនានិគមបារាំង តើមានស្ថានភាពជីវិតយ៉ាងណា? វប្បធម៌ខ្មែរនាពេលនោះមានរូបរាងដូចម្តេច? ខ្ញុំពុំទាន់ឃើញមានអ្នកនិពន្ធណាសរសេរកំណត់រឿងនេះនៅឡើយទេ។ ដូច្នេះ យើងសូមនាំអារម្មណ៏លោកអ្នក ត្រឡប់ទៅរស់នៅជាមួយអតីតកាលរបស់‹ចៅពិន›ដែលថ្វីត្បិតតែជារឿងសិប្បនិមិត្ត តែបានដកស្រង់ពីជីវិតពិត នៃសង្គមខ្មែរជំនាន់មួយ ដែលគេកំពុងតែភ្លេចបន្តិចម្តងៗទៅហើយនោះ ដូចតទៅ៖
ខ្មែរផុសស.រ.អា.
ចៅពិនៈ ភាគ១
១១-ផ្សារកំពុងស្ពឺ
ផ្សារនៃទីប្រជុំជនខេត្តកំពុងស្ពី, ចៅពិនដូចក្មេងដ៏ទៃឯទៀត គ្មានតុក្កតាឬល្បែងអ្វីលេងច្រើនទេ ម្លោះហើយនៅពេលរើសបានខ្នងកង់កញ្ចាស់មួយ ដែលគេបោះចោលនាព្រៃសង្កែ ត្រង់ផ្លូវចុះទៅភូមិ‹អូរឬស្សី› យកមកលេងធ្វើជាល្បែងប្រចាំថ្ងៃបាន, គឺគេយកខ្នងកង់ដែលគ្មានកាំនោះហើយ រួមនឹងបំណែកមែកឈើមួយមកវាយកង់នោះឱ្យវិលទៅមុខ ហើយខ្លួនប្រដេញតាមវាយពីក្រោយ រត់ពេញជាយក្រុង ដូចជាគ្មានអ្វីធ្វើឱ្យរីករាយជាងនេះទៀតទេ, ស្លៀកខោខ្លីមួយចង្កេះកៅស៊ូ ឥតអាវ គ្មានស្បែកជើង ជាម្ចាស់នៃល្បែងលេងដ៏សំខាន់មួយ ហើយអាចរត់ផងលេងតាមមាត់ស្ទឹង‹ព្រែកត្នោត›ក្បែរផ្សារផង ធ្វើឱ្យក្មេងៗឯទៀតដែលនៅជុំវិញផ្សារ ដណ្តើមលេងគួរឱ្យច្រណែនមិនតិចទេ។
ព្រឹកនេះចៅពិនរត់បែកញើសពេញខ្លួន នៅពេលឃើញក្មេងៗឆ្លងស្ពានដែក ត្រឡប់ចេញពីរៀនថ្ងៃត្រង់ ទើបរត់មកផ្ទះបងស្រីខ្លួន ដែលនៅក្បែរផ្សារដែរនោះវិញ។ ឃើញបែកញើសគឃាយ៉ាងនេះ បងនីស្រែកដេញចៅពិន‹ឱ្យទៅងូតទឹករួចមកញ៉ាំបាយ› ហើយឧទ្ទានថាៈ
-អូនពិនឯងធំប៉ុណ្ណឹងហើយមិនជួយធ្វើការអីបងសោះ គិតតែពីរត់លេង!
-អ្នកបងចង់ឱ្យខ្ញុំធ្វើអី ប្រាប់ខ្ញុំមក
-អឺញ៉ាំបាយឱ្យហើយទៅ ចាំបងប្រាប់!
ថាហើយក៏ប្តើមញ៉ាំបាយយ៉ាងរីករាយ អង្គុយបត់ជើងនៅក្តារងឿធំមួយ ជាមួយនឹងក្មួយស្រីតូចៗ២នាក់ទៀត, បងប្រុសជាបងថ្លៃមិនទាន់មកពីធ្វើការនៅឡើយទេ គាត់តែងតែពិសារបាយតែម្នាក់ឯង ពេលគាត់មកដល់ នៅតុបាយម្ខាងទៀត នៅពេលបន្តិចទៀតនោះ។ បាយរួចហើយ បងសូនីគាត់ថាៈ
-អូនពិនឯងបន្តិចទៀតមកនៅជាមួយបងហើយ ត្រូវចេះជួយកាងារបងផងណា ខ្លួនឯងក៏ធំហើយដែរ! អូនឯងទៅលាហាលខោអាវក្មួយ លើស្នួរឯណោះ បងបានបោកវារួចហើយ!
-ម៉ាក់បានប្រាប់ខ្ញុំរួចហើយ ហើយថាបន្តិចទៀតខ្ញុំនឹងចូលរៀនផង មែនទេអ្នកបង?
-មែនហើយ ឯងនឹងគ្រប់អាយុចូលរៀនហើយណា! មើលវាស់ត្រចៀកទៅមើល? ចៅពិនក៏យកដៃឆ្វេងខ្លួន បោះរំលងក្បាលទៅស្ទាបត្រចៀកស្តាំ រាល់ដងមិនដែលប៉ះត្រចៀកនោះសោះ តែពេលនេះក៏ស្រែកថា‹ខ្ញុំវាស់ត្រចៀកដល់ហើយ! ខ្ញុំចូលរៀនបានហើយៗ!›។
ថាផង រត់ផង លោតកញ្ឆេងផង ទៅហាលខោអាវដែលបងស្រីឱ្យធ្វើ។
ចៅពិនសប្បាយចិត្តណាស់ នៅពេលមកលេងផ្ទះបងស្រីខ្លួនម្តងៗ ឥឡូវគេអាយុ៦ឆ្នាំហើយ, ឳពុកធ្វើជានាយទាហ៊ានបារាំង តែងតែផ្លាស់ទីតាំង ពីកន្លែងមួយទៅកន្លែងមួយទៀតជារឿយៗ កូនចៅក៏ត្រូវតែរកកន្លែងឱ្យវាជ្រកហ្នឹងហ្ន ដើម្បីឱ្យរៀនបាន។ បងស្រីសូនី បានត្រូវរៀបចំឱ្យមានប្តី តាំងតែពីអាយុ១៦ឆ្នាំមកម្លេះ ឥឡូវបានកូនស្រីពីរនាក់ហើយ ឈ្មោះ អាធា(អាយុ៣ឆ្នាំ) នឹង អាព្រឿង(ទើបដើរតិតាក់) តែនៅតូចៗណាស់នៅឡើយ។ បងថ្លៃចៅពិនធ្វើការនៅក្រសួងសុរិយោដីកំពុងស្ពឺ តែងតែជិះកង់‹ឌីរ៉ា›ពណ៌ប្រាក់របស់គាត់ទៅធ្វើការរាល់ថ្ងៃ, ហើយនៅរៀងរាល់ថ្ងៃឈប់សម្រាក គាត់តែងតែយកកង់គាត់មកខាត់សំអាតឱ្យឡើងភ្លឺរលោង។ បងវ៉ាន់ថន ចូលចិត្តស្លៀកពាក់មានពណ៌ អាវដាក់ក្នុងខោជានិច្ច ពាក់ស្បែកជើង‹គ្លុប› មិនចូលចិត្តពាក់ស្បែកជើង‹ផ្ទាត់›ចេញក្រៅទេ, គាត់មានគ្រួសារជាអ្នករាចការ នៅផ្ទះឈើខ្ពស់ពីដីមួយ ជាសម្បុកគ្រួសារបង្កើតរបស់គាត់ នៅ‹រកាធំ›ជាឃុំមួយនៅខាងជើង មិនឆ្ងាយពីប្រជុំជនខេត្តកំពុងស្ពឺទេ, ចៅពិនក៏ចូលចិត្តទៅលេងទីនោះណាស់ដែរ ពីព្រោះសម្បូរដើមស្វាយ ដើមពុទ្រា ដើមចេក ដែលខ្លួនអាចបេះបរិភោគបាន។ ក្រុមគ្រួសារបងវ៉ាន់ថន ដែលនៅឯជើងនោះគឺជាបងៗស្រី២នាក់របស់គាត់ រីឯបងប្រុសជាប្តីបងស្រីម្នាក់នោះ គាត់ជាមេឃុំម្នាក់ ធ្វើការនៅឃុំ‹ស្គុះ›ជាតំបន់ផ្នែកខាងត្បូងក្រុងកំពុងស្ពី។ បងមេឃុំតែងតែជិះម៉ូតូម៉ាក‹ពុជ›ពណ៌ឈាមជ្រូករបស់គាត់ ទៅធ្វើការជារាល់ថ្ងៃ តែដើម្បីទៅសាលាឃុំរបស់គាត់ដែរ, ម៉ូតូនោះលាន់ឮសម្លេងម៉ាស៊ីនខ្លាំងបន្តិចមែន តែមិនងាយខូចទេ។ បងមេឃុំស្គុះ តែងតែទៅធ្វើការនៅឯត្បូង ម៉ោង៦កន្លះជានិច្ច គាត់ត្រូវជិះម៉ូតូធ្វើដំណើរតាមផ្លូវជាតិ កាត់តាមុខផ្ទះបងវ៉ាន់ថន ដែលជាផ្លូវតែមួយគត់ដែលចាក់កៅស៊ូខ្មៅរលើប នាទីក្រុងកំពុងស្ពឺ, ជិះកាត់តាមស្ពានថ្ម រួចទៅចូលកាត់ផ្សារ មុននឹងឆ្លងស្ទឹងព្រែកថ្នោត តាមស្ពានដែកមួយទៀតដែលនៅលើផ្លូវស្ពាននោះ គេក្រាលបន្ទះក្តារក្រាស់ៗឱ្យឡានតូចធំក៏អាចឆ្លងបានដែរ។ ផ្នែកខាងត្បូងនៃស្ពានដែក លែងជាតំបន់សេដ្ឋកិច្ចខេត្តទៀតហើយ គឺជាដំបន់រដ្ឋបាល ដែលមានទីស្នាក់ការនគរបាលខេត្ត គ្រប់គ្រងដោយលោក‹កុម្មីស៊ែ›ខ្មែរម្នាក់ដ៏មានអំណាច នៅជាប់របងគ្នានោះគឺបន្ទាយទាហ៊ាន‹ជើងក្រហម›ជាទីបញ្ជាការដោយសក្កិ៣បារាំង ដែលទល់មុខគ្នានោះ មានបរិវេណដ៏ធំទូលាយ ជាជម្រកនៃរដ្ឋធានាគ៌ាក្រុង- សាលាខេត្តកំពុងស្ពឺ នឹង វិមានលោកចៅហ្វាយខេត្ត ប៊ុន ចាន់ប្លង់ ដែលគេអាចឃើញម្តងម្កាលនាពិធីបុណ្យជាតិក្នុងក្រុងម្តងៗ គាត់មានមាឌធំសាច់សដូចបារាំង តែមុខមាត់ជាកូនចៅចិន តែទទួលកាគោរពយ៉ាងខ្លាំងពីពលរដ្ឋ នឹង ពីបារាំងផងដែរ។ បងមេឃុំត្រូវជិះម៉ូតូត្រង់ កាត់តំបន់អស់ទាំងនោះហើយ តែត្រូវឆ្លងបន្ទាយទាហ៊ានបារាំងមួយទៀត គេតែងហៅថាបន្ទាយ‹សក្តិ២តូម៉ា›, ពីត្រឹមនេះទៅ គ្មានផ្លូវចាច់កៅស៊ូទៀតទេ គឺផ្លូវដីឆ្លងវាលស្រែបន្តិចទៀត ទើបដល់សាលាឃុំ‹ស្គុះ›នោះ, ជាទីកន្លែងដែលគាត់ត្រូវប្តើមធ្វើការរាល់ថ្ងៃ នៅម៉ោង៧ព្រឹក ដូចគ្នានឹងកន្លែងធ្វើការបង វ៉ាន់ថន ដែរ។
ញ៉ាំបាយថ្ងៃត្រង់រួចហើយ ចៅពិន ជួយបងស្រីជញ្ជូនចានទៅលាង រួចសម្អាតលន្លែងបាយរបស់ខ្លួននឹងមូរកន្ទេលយកទៅទុក ការនេះចៅពិនធ្វើមិនខ្ជិលច្រអូសទេ ហើយក៏សប្បាយចិត្តនឹងជួយសម្រាលកាងារបងស្រីជាទីស្រឡាញ់របស់ខ្លួនផង។ តទៅលេខក្រោយ