ដោយ ខ្មែរផុស ស.រ.អា.
នាង តារា សុខ ជាម្ចាស់នៃសហគ្រិនផ្តល់សេវ៉ាឯកសារពន្ធដារ នឹង លោក ស៊ុន ម៉ម ជាម្ចាស់ភោជនីយដ្ឋាន សំពៅមាស បានមកធ្វើជាវាគ្មិនពិសេស ក្នុងកម្មវិធី‹E. For All›របស់សមាគមខ្មែរដឹកនាំដោយ ទូច វ៉ាន កាលពីពាក់កណ្តាលខែកញ្ញាវេលាម៉ោង៦ល្ងាច។
កម្មវិធី‹E.For all›នោះជាកម្មវិធីសម្រាប់ជួយបង្ហាត់បង្ហាញពលរដ្ឋក្នុងសហគមន៍ ឱ្យមានចំណេះគ្រប់គ្រាន់សម្រាប់បើកនឹងគ្រប់គ្រងហាង ជាម្ចាស់ការខ្លួនឯងនៅពេលដែលមានជំនាញជាមុខរបរអ្វីមួយហើយ។
អ្នកស្រី វណ្ណា ហូវ៉ាត ជាពីធីករ បានណែនាំឱ្យគេស្គាល់វាគ្មិនរបស់ខ្លួន ហើយក៏អញ្ជើញអ្នកទាំង២និយាយអំពីដំណើរការនៃមុខរបរ ជូនភ្ញៀវដែលភាគច្រើនជាយុវជន មកស្តាប់សេចក្តីរាយការណ៍របស់វាគ្មិន។
នាង តារា សុខ ទើបនឹងបើកមុខជំនួញមួយ ខាងធ្វើ‹តាក់-Tax›ជូនពាណិជ្ជករនានាដែលត្រូវការអ្នកឯកទេស បន្ទាប់ពីនាងទៅសិក្សា ទទួលការណែរនាំពីអ្នកឯកទេសក្នុងសមាគមខ្មែរ ដើម្បីឱ្យមានការទុកចិត្ត ហ៊ានបើកជាមុខជំនួញមួយបានមក។ តារា សុខ បានរៀនចប់មហាវិទ្យាល័យខាងផ្នែកគណនីយ្យ បានឃើញកម្មវិធីរបស់សមាគមខ្មែរ មិនត្រឹមតែមិនមានបង់ប្រាក់កំរៃតែប៉ុណ្ណោះទេ ថែមទាំងមានរង្វាន់សម្រាប់ជាដើមទុនបើកហាងរបស់ខ្លួនទៀតផង។
លោក ស៊ុន ម៉ម បានថ្លែងថា‹លោកពីដើមកាលពីនៅស្រុកខ្មែរ ជាទាហ៊ានជើងទឹក មកអាមេរីកនេះរស់នៅរីវែរ ធ្វើការឱ្យគេនៅទីនោះ, តែដោយមិនចង់ធ្វើការឱ្យគេតទៅទៀត ក៏សម្រេចចិត្តបើកហាងលក់បន្លែមួយ ដោយមិនមានដើមទុនអ្វីច្រើនទេ។ ក្រោយមកទៀត ឱកាសបានហុចឱ្យប្តូរមុខរបរ បើកបានភោជនីយដ្ឋានមួយ ទាំងមិនចេះធ្វើម្ហូបផង។ តែដោយការព្យាយាម នឹងតស៊ូក្នុងជីវិត ម្តងបន្តិចៗ ហាងនោះក៏ដំណើរការបានរហូតដល់សព្វថ្ងៃ ។
សមាគមខ្មែរបានយកមកបង្ហាញនូវ ពាណិជ្ជករ២រូប ដែលមានការអប់រំពិមជ្ឈដ្ឋានខុសគ្នា តែធ្វើពាណិជ្ជកម្មបានប្រាក់ចំណេញដូចគ្នាៈ
១-នាង តារា សុខ មានចំណេះវិជ្ជាចេញពិសាលារៀនអាមេរីកាំង ជាតំណាងឱ្យយុវជនយុវនារីជាច្រើនដែលធាត់ធំនៅសហរដ្ឋអាមេរីក ដែលមានឱកាសបានរៀនសូត្រមុខវិជ្ជាទំនើប ដែលមានក្បួនខ្នាត បន្តរពិអ្នកសិក្សា អ្នកកត់ត្រាការចងចាំនឹងបទពិសោធន៍មនុស្សច្រើនជំនាន់ ។ យុវជន តែងពឹងពាក់ទៅលើសម្ភារៈបច្ចេកទេសទំនើប ទំនាក់ទំនង នឹង វិជ្ជាខាងទីផ្សារសេរី នឹងប្រជែងគ្នាក្នុងភាពទូលំទូលាយ ។ល។
២-លោក ស៊ុន ម៉ម មានចំណេះពាណិជ្ជកម្ម តាមការពិសោធន៍ផ្ទាល់ខ្លួន យកជ័យជំនះលើភាពក្រីក្រ នឹងការអត់ឃ្លានក្នុងជិវភាពនៃជនភៀសខ្លួន ដោយខ្លួនឯង, ដោយមានការណែនាំបន្ទាប់បន្សំ ពីអ្នកឯកទេសខ្លះៗផង ដោយដកស្រង់បទពិសោធន៍នៃអ្នកជិតខាងផង ក៏អាចធ្វើកាងារចិញ្ចិមជីវិតបាន ដែលចំណេះនេះ ជាវិជ្ជាផ្ទាល់ខ្លួនពិបាកនឹងបង្ហាត់បង្ហាញបន្តរទៅយុវជនជំនាន់ក្រោយទៀតបាន, គឺជាវិជ្ចារបស់អ្នកមានមុខរបរ នៃមនុស្សជំនាន់ចាស់ ប្រចាំត្រកូល ពិស្រុកកំណើត ពឹងទៅលើការព្យាយាម ទៅលើការអត់ធ្មត់ ទៅលើការសន្សំ នឹងការចំណាំ។
នៅទិផ្សារអាស៊ី គេតែងសង្កេតឃើញអ្នកមានវិជ្ជាជីវៈទាំង២យ៉ាងនេះ កំពុងប្រកបមុខរបរយ៉ាងមមាញឹក ដែលទាក់ទាញភ្ញៀវមិនដូចទីផ្សារបរទេសនោះទេ ឧទាហរណ៍ ដូចជាផ្សារអាស៊ី មានភ្ញៀវយ៉ាងរវល់ នៅថ្ងៃសៅរ៍ ឬ អាទិត្យ តែផ្សារអាមេរីកាំង គេបិទទ្វារនៅថ្ងៃទាំង២នោះទៅវិញ ។
បើទោះជាមានចំណេះផ្សេងពីគ្នាក៏ដោយ ការប្រកបមុខរបរនៅទីផ្សាអាស៊ិ កំពុងបំរើភ្ញៀវរបស់ខ្លួន បានយ៉ាងគាប់ចិត្ត ក្នុងលក្ខណៈពិសេស នៃទំនៀមទំលាប់មិនដូចគេ ក្នុងភាសាមិនដូចគ្នា… ប៉ុន្តែគេក៏សង្កេតឃើញដែរថា‹កូនចៅនៃម្ចាស់ហាង មិនចង់បន្តរការងាររបស់ឳពុកម្តាយខ្លួនទេ បើទោះជាឳពុកម្តាយខ្លួនរកលុយបានច្រើនក៏ដោយ› ។ ករណីនេះបានចោទជាបញ្ហាមួយ នៃអនាគតរបស់អាជិវកម្មជនជាតិអាស៊ី ដូចជាខ្មែរ យួន លាវ ជាដើម តើនឹងរស់យូរទៅអនាគត តទៅទៀតបានប៉ុណ្ណា? នេះជាសំនួរមួយដែលពុំទាន់មានចម្លើយនៅឡើយទេ ប៉ុន្តែការសិក្សារក្នុងក្របខណ្ឌ‹E For All›ទំនងជាអាចរកចម្លើយ ជូនអនាគតរបស់អាជីវករ របស់សហគមន៍អាស៊ិយើងបានជាប្រាកដ៕