ដោយ ពិន សំខុន
មិនថា មានលេសធ្វើឱ្យ“គេជឿបាន ឬមិនបាន” ក៏ដោយលោក ហ៊ុន សែន បានរឹតបន្តឹងអំណាចរបស់ខ្លួន មួយកំរឹតទៀតយ៉ាងខ្ពស់ទៅរកការកាន់ អំណាចតែម្នាក់ឯងដោយបញ្ជាឱ្យក្រសួង មហាផ្ទៃបញ្ជូនពាក្យបណ្តឹងឱ្យរំលាយគណបក្សសង្គ្រោះជាតិទៅតុលាការកំពូលនៅថ្ងៃ៦តុលា នេះរួច ហើយ។ នៅមុនឱកាសបោះឆ្នោតសាកលឆ្នាំ២០១៨ លោក ហ៊ុន សែន ត្រូវធ្វើឱ្យមានការធានាថា គណបក្សប្រជាជននឹងឈ្នះឆ្នោតជាស្វ័យប្រវត្តិ ហើយលោក ហ៊ុន សែន នៅតែកាន់អំណាចលើកម្ពុជាដដែល។
ចាប់ពីថ្ងៃទី៣ កក្កដា ថ្ងៃដែលប៉ូលិសរដ្ឋាភិបាលចូលចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅផ្ទះរបស់លោកមក ក៏មានការរកចាប់ ខ្លួនអ្នកដែលបានបញ្ចោញយោបល់ប្រឆាំង នឹងរដ្ឋអំណាចនៅគ្រប់ទីកន្លែងមានទាំងចាប់ យុវជន“ហ្វេសប៊ុក” –ចាប់ខ្លួនបាតុករ–បិទកាសែតប្រឆាំង ទាំងខ្មែរទាំងបរទេស–ប្រកាសបណ្តេញអង្គការមនុស្សធម៌នឹងសិទ្ធិមនុស្សអាមេរិកាំង–ចាប់ទាំងបាតុករដែលធ្វើការតវ៉ាពីសិទ្ធរស់នៅរបស់គេផង។ ចុងក្រោយបំផុត ហ៊ុន សែន គ្រោងចាប់សមាជិកសភាគណបក្សសង្គ្រោះជាតិច្រើនរូបទៀតនៅថ្ងៃទី៣ តុលានេះ ដោយនិយាយតាមបណ្តាញ ទូរទស្សន៍ថា “នឹងចាប់ខ្លួនបន្តទៅទៀត មិនមែនចាប់តែម្នាក់ហើយចប់នោះទេ!” ព័ត៌មាននេះ បានបន្តដោយដំណឹងបានធ្វើឱ្យសមាជិកសភា គណបក្សប្រឆាំងប្រមាន២០រូបទៀត បានចាកចេញពីប្រទេសទៅកាន់កន្លែងសុវត្ថិភាពស្ទើរអស់ រលីងនៅសល់តែ៣–៤រូបប៉ុណ្ណោះដែលនៅចាំ សម្បុក ដូចជាលោកអនុប្រធាននឹងជាតំណាងរាស្ត្រ ប៉ុល ហំ លោក សុន ឆៃ តំណាងរាស្ត្រលោក ម៉ៅ មនីវ៉ាន់ តំណាងរាស្ត្រ ជាដើម, ចុងបញ្ចប់ ត្រូវរំលាយគណបក្សប្រឆាំងដែលជាសម្រាមក្នុង ភ្នែករបស់រដ្ឋអំណាច។
ប្រតិកម្មតិចតួចពីគណបក្សសង្គ្រោះជាតិ តាមរយលោកស្រីសមាជិកសភា មួរ សុខហួរ នៅ លើវិទ្យុអាមេរីកាំង គឺ“ស្ថានការឥឡូវនេះវាធ្ងន់ធ្ងរ បំផុត សម្រាប់កម្ពុជាមិនមែនត្រឹមតែសម្រាប់គណបក្សប្រឆាំងតែប៉ុណ្ណោះទេ គឺជាបញ្ហាសម្រាប់ប្រជាជាតិទាំងមូល –យើងមិនអាចធ្វើអ្វីបានទេ មានតែសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ដែលមានលទ្ធភាពគាបសង្កត់លោក ហ៊ុន សែន ឱ្យត្រឡប់មករកការបោះឆ្នោតដោយសេរីនឹងយុត្តធម៌ឱ្យ បានមកវិញ”គេមិនបានឮសម្លេងលោក អេង ឆៃអៀង ឬលោក យឹម សុវណ្ណ ចេញមកតវ៉ាដូច ពេលមុនៗទេ។ ពេលនេះ លោកស្រី មួ សុខហួរ កំពុងបន្តដំណើរទៅរកជួបលោកស្រីប្រធានាធិបតី អាឡឺម៉ង់ នឹងមេដឹកនាំសហគមន៍អឺរ៉ុប ដើម្បីសុំឱ្យជួយបញ្ចប់ស្ថានការតឹងតែងនៅកម្ពុជានេះ។
ចំណែកប្រតិកម្មរបស់សហគមន៍បរទេសមានៈ មានអូស្ត្រាលី –មានអង្គការសិទ្ធិមនុស្សរបស់អ.ស.ប. – មានស.រ.អា –មានសហភាពអឺរ៉ុប គេចាប់អារម្មណ៍ជាខ្លាំង ចំពោះការវិវត្តន៍ថយក្រោយរបស់កម្ពុជាទៅរករបបផ្តាច់ការនិយមនេះ –ហើយកំពុងតែរកវិធានការយ៉ាងឆាប់រហ័សទប់ ស្កាត់ការវិវត្តន៍នៅកម្ពុជានេះដោយសកម្មភាព ទណ្ឌកម្មសេដ្ឋកិច្ចនឹងនយោបាយដ៏តឹងតែងមកលើកម្ពុជារបស់លោក ហ៊ុន សែន មានការកាត់ ជំនួយដោយចំពោះកាត់ផ្តាច់ទំនាក់ទំនងឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយកម្ពុជា។ លោក ហ៊ុន សែន ដែលបានទទួលជំនួយចិន៥០០ លាន ដើម្បីផ្ទេរការគាំទ្ររបបផ្តាច់ការពីចិនប្រជាមានិត បែរជានឹងបាត់បង់ប្រាក់ចំណូលឧស្សាហកម្ម៥០០០លានដុល្លាទៅវិញ ដែលជាការគាំទ្រ របស់ប្រទេសសេរីដល់រោងចក្រទាំងឡាយនឹងដល់កម្មករដែលត្រូវការប្រាក់បៀវត្សរ៍ចាំបាច់ សម្រាប់ចិញ្ចឹមជីវិតគ្រួសារ –គឺនៅពេលដែលកម្មករ ឥតមានការធ្វើ ហើយបាត់បង់ប្រាក់បៀវត្សរ៍របស់ខ្លួន ពេលនោះហើយដែលទណ្ឌកម្មពិតប្រាកដនឹងមកដល់លើរដ្ឋបាលលោក ហ៊ុន សែន។ ចំណែក ឯទណ្ឌកម្មនយោបាយវិញ សហគមន៍អន្តរជាតិបានគ្រោងថា “បើគ្មានគណបក្សសង្គ្រោះជាតិចូលរួមទេនោះ ការបោះឆ្នោតនឹងគ្មានភាពយុត្តិធម៌ មិនអាចឱ្យគេគាំទ្របានទេ”។ គេនៅចាំបានថា “កាលពីឆ្នាំ១៩៩៨ អ.ស.ប. បានដកអាសនៈកម្ពុជាចេញពីការទទួលស្គាល់, ដោយលោក ហ៊ុន សែន បានដាក់រដ្ឋាភិបាលបន្តុបគឺលោក អ៊ឹង ហួត ជា នាយករដ្ឋមន្ត្រីជំនួសទ្រង់ រណឫទ្ធិ ជានាយករដ្ឋមន្ត្រីជាប់ឆ្នោត” ពេលនោះ អ៊ឹង ហួត បានត្រឹមតែអង្គុយត្រឹមតែអសនៈអ្នកសង្កេតការនៅអ.ស.ប. តែប៉ុណ្ណោះ, មិនត្រឹមតែមិនទទួលស្គាល់ទេ ថែម ទាំងគេកាត់ជំនួយទៅកម្ពុជា អស់រលីងទៅទៀត –ក្រោយមកយើងក៏បានឃើញលោក ហ៊ុន សែន បានបន្ទន់ឥរិយាបទយ៉ាងណាទេ? ដើម្បីឱ្យបានតែនៅកាន់អំណាចបន្ត ទៅទៀត…ដើម្បីពង្រឹង មកវិញម្តងទៀតនៅពេលនេះ។ រីឯទ្រង់នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្តីទ្រី១ កន្លះអាណត្តិវិញពុំបានចងចាំមេរៀន នៃអតីតកាលទេ ស្តេចវិញ្ញាណខ្លីអង្គនេះ បានប្តឹងឱ្យរំលាយ–សម្លាប់គណបក្សសង្គ្រោះជាតិ ដូចដែលលោកបានធ្វើជាមួយមិត្តរួមអាវុធច្រើនរយ នាក់របស់គណបក្សហ៊្វុនស៊ិនប៉ិចរបស់លោក កាលពីឆ្នាំ១៩៩៧នោះដែរ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាមន្ត្រីជាន់ ខ្ពស់ខាងគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើទស្សនកិច្ចនៅឡូវែល ព្រះអង្គទើបនឹងបានជួបលោក សម រង្សី នឹងតំណាងរាស្ត្រ ជូឡុង សូមួរ៉ា ជាភរិយានៅទីក្រុងប៉ារីស, នៅពេលសួរថា “តើនៅពេលដឹងថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ ភ្លាមនោះ តើមានប្រតិកម្មយ៉ាងណា?” ព្រះអង្គតបថា“លោក រង្សី មិនបានធ្វើអត្ថាធិប្បាយពីការរំលាយគណបក្សនេះទេ លោករវល់នឹងការ បង្កើតសមាគមថ្មីរបស់លោក ដើម្បីបង្កលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់លោក…” ព្រះអង្គបន្តថា “លោក រង្សី គួរតែជួបសមាជិកសភា ទាំងអស់ ដែលបានចាកចេញពីកម្ពុជាដោយ ការគម្រាមកំហែង ដើម្បីពិចារណាលើស្ថានការថ្មីដែលទើបនឹងមកដល់”។
លោកតំណាងរាស្ត្រ យឹម សុវណ្ណ បាន និយាយប្រាប់ប្រជាពលរដ្ឋនៅឡូវែលកាលពី២សប្តាហ៍មុននេះថា“បំណងរំលាយគណបក្ស សង្គ្រោះជាតិ វាមានផលវិបាកធ្ងន់ធ្ងរណាស់ គឺសមាជិកសភាជាតិជិតពាក់កណ្តាលមកពីសង្គ្រោះជាតិត្រូវរលាយ –សមាជិកឃុំសង្កាត់ជាង៥ពាន់ នាក់ ក៏ត្រូវរលាយ –សមាជិក៤រូប នៅគ.ជ.ប. ក៏ត្រូវរលាយ បើទោះជាការពារដោយរដ្ឋធម្មនុញ្ញក៏ដោយ –ជាពិសេសគណបក្សសង្គ្រោះជាតិជា តំណាងឱ្យប្រជាពលរដ្ឋជាង៣លាននាក់ក្នុងប្រទេស តើប្រទេសកម្ពុជានឹងក្លាយទៅជាអ្វី? លោក យឹម សុវណ្ណ បានសន្និដ្ឋានថា“មិនអាច ធ្វើទៅរួចទេ!” តែលោក ហ៊ុន សែន មិនបានខ្វល់ពីភាពស្របច្បាប់ នៃស្ថាប័នប្រទេសប្រជាធិបតេយ្យនោះទេ។
នៅពេលដែលរំលឹកពីការចាប់នាវាដែលមានទង់ជាតិខ្មែរ ដឹករត់ពន្ធអាវុធ “រ៉ុកែក”៣ម៉ឺន គ្រាប់ព្រះអង្គមានបន្ទូលថា “ជារឿងចាស់ដែលកើត ឡើងពីខែមេសាមកម៉្លេះ ស្រាប់តែវាផុស ឡើងចំពេលនេះ នៅលើទំព័រកាសែត“វ៉ស៊ីនតោនផូស” វាប្រាកដជាមិនមែនជារឿងចៃដន្យទេ វានឹង ធ្វើឱ្យមានការស៊ើបអង្កេតរបស់“ស៊ីអាយអេ ឬក៏ អាំងទៃប៉ូល”ធំៗ យ៉ាងគគ្រឹកកគ្រេងមិនថា ប៉ះ លើក្រុមលោក ហ៊ុន ម៉ាណែត ឬក្រុមជូស្ហែហ្វ ទេ អ្នកនោះនឹងត្រូវប៉ូលីសអន្តរជាតិតាមចាប់ខ្លួនជាមិនខាន។
ដូចដែលយើងធ្វើអត្ថាធិប្បាយពីមុនមកដែរ ការភ័យស្លន់ស្លោខ្លាចចាញ់របស់លោក ហ៊ុន សែន ពេលនេះ គឺលោកគិតតែពីចង់ឈ្នះពុំបានធ្វើឱ្យ លោកគិតថា“នឹងមានពេលចាញ់ផងទេ” ដូច្នេះ លោកត្រូវ“ចាក់ផុក”យកតែពីខាងឈ្នះ។ មតិ កាន់តែច្រើន បានឱ្យយោបល់ថា “លោក ហ៊ុន សែន កំពុងតែធ្វើឱ្យមានការគ្រោះថ្នាក់ដល់ក្រុមគ្រួសារគាត់ ព្រមទាំងដល់មិត្តភ័ក្ត្រនៃគណបក្សប្រជាជន រួមអាវុធរបស់គាត់ថែមទៀត នៅពេលដែល គណបក្សប្រជាជនត្រូវ រងការទណ្ឌកម្មរបស់ សហប្រជាជាតិផង –ពីការសងសឹករបស់ប្រ–ជាជនខ្មែរក្រីក្រផង នឹងពីការចាញ់ឆ្នោតផង”។ នយោបាយរបស់ ហ៊ុន សែន កំពុងបង្កសត្រូវជុំវិញខ្លួនមានរាប់ទាំងគ្នាគាត់ផងដែរ… ទ្រង់ ធម្មិកោធ្លាប់មានបន្ទូលថា “កាលពីលោក ហ៊ុន សែន ឈ្នះ៩៣ អាសនៈនៅសភាគាត់យកពេលជាច្រើនសម្រាប់កំចាត់គ្នាគាត់មានតាំងពីកំចាត់លោក ជា ស៊ីម ជាប្រធានគណបក្ស, លោក កែ គឹមយ៉ាន អគ្គមេបញ្ជាការកងទ័ពជាតិ, ដាក់មនុស្សរបស់លោកទៅអែបនឹងនឹងលោក ស ខេង… ៘ បញ្ចោញកងប្រដាប់អាវុធច្រើនដង គឺ ដើម្បីគម្រាមគ្នាគាត់កុំឱ្យហ៊ានងើបតតាំងនឹង គាត់ដូចជាថ្មីៗនេះ បញ្ចោញទ័ពទាំងប្រទេសទៅទប់ទល់នឹងការឈ្លៀនពានរបស់ទ័ពឡាវប្រមាណ ៤០នាក់ប៉ុណ្ណោះជាដើម។ នៅពេលណាមួយដែលសម្បត្តិរបស់គាត់ត្រូវបានគេ“បង្កក”បាន, កងទ័ពលក់ជីវិតរបស់គាត់ក៏ប្រើលែងកើត, មិត្តរួមអាវុធ ក៏គេមិននៅជិត, ពេលនោះនៅសល់តែមនុស្សដែលមានវាសនាដូចគ្នាតែម្នាក់ដែលនៅជិតគាត់ គឺ សាដាម ហ៊ូសែន គ្រាន់សាទុក្ខដាក់គ្នាបាន ។