Top Mobile Banner

បទសម្ភាសន៍ជាមួយបេក្ខជនក្រុមប្រឹក្សាក្រុងឡូវែល សុខារី ឆាវ

ដោយ ខ្មែរផុសស.រ.អា.

យើងជួបសម្ភាសន៍ជាមួយបេក្ខជនទិប្រឹក្សាក្រុងឡូវែល សុខារី ឆាវ ដែលជាខ្មែរ-អាមេរីកាំងកាលពីថ្ងៃទី១៥តុលា២០១៧ វេលាម៉ោង៥រសៀល នៅ‹ប៊ូតមីល›។ លោកទើបនឹងឈរឈ្មោះជាលើកដំបូង ហើយនៅជុំទី១នេះ បានសន្លឹក

ឆ្នោត២១១៥សន្លឹក ទទួលបានលំដាប់ថ្នាក់ទី១៥ ដែលផ្តល់លទ្ធភាពឱ្យលោកបន្តរទៅជុំទី២ទៀតបាន តែមានសង្ឃឹមតិចថានឹងបានឈ្នះឆ្នោតនៅជុំទី២ទៀតនោះណាស់។ តើលោក សុខារី ឆាវ នៅមានយុទ្ធវិធីរបៀបណាដើម្បីអាចឈ្នះឆ្នោតនោះបាន?

ពិន សំខុនៈលោក សុខារី បានជាប់ឆ្នោតជុំទី១ ត្រៀមទៅជុំទី២ នៅថ្ងៃទី៧វិច្ឆិកាខាងមុខ តើលោកមានអ្វីនឹងប្រាប់អ្នកបោះឆ្នោតនៅឡូវែលទាំងអស់ថា លោកនឹងមានអ្វីសំខាន់ជាងគេសម្រាប់ឱ្យគេបោះឆ្នោតជូនលោក ម្តងទៀត?

សុខារី ឆាវៈ ខ្ញុំមានគំនិតថ្មី មានឋាមពលថ្មី សម្រាប់យកមកបំរើប្រជាជនគ្រប់គ្នា ខ្ញុំអាចទាក់ទងគ្រប់សមាជិកនៃសាលាក្រុង ឱ្យគេធ្វើផ្លូវ-ជួសជុលចិញ្ចើមថ្នល់-ធ្វើទីងងិតឱ្យទៅជាភ្លឺជាដើម…

ពិន សំខុនៈ ចុះសម្រាប់ប្រជាពលរដ្ឋដែលជាខ្មែរនោះ តើលោកនឹងនិយាយប្រាប់គេយ៉ាងណា ឱ្យខ្មែរយើងបោះឆ្នោតឱ្យ សុខារី ដែលជាបេក្ខជនដើមកំណើតខ្មែរដែរនោះ?

សុខារី ឆាវៈ ខ្ញុំស្រឡាញ់ខ្មែរយើងណាស់ ខ្ញុំកើតនៅបាត្តំបង មកដល់អាមេរីកឆ្នាំ១៩៨១ ធំឡើងនៅអាមេរីក រៀនសូត្របានល្អ មានកាងារធ្វើក៏បានល្អ ហើយខ្ញុំចង់ជួយបងប្អូនខ្មែរខ្លាំងណាស់… បើខ្ញុំបានចូលទៅធ្វើការនៅសាលាក្រុង ខ្ញុំនឹងនាំកម្មវិធីជាច្រើនដែលមាន មកជូនបងប្អូនខ្មែរដែលត្រូវការ ដើម្បីជីវភាពប្រសើរ…

ពិន សំខុនៈ តើបងប្អូនខ្មែរ អាចនឹងត្រូវការអ្វីខ្លាំងជាងគេ?

សុខារី ឆាវៈ ទី១ ខ្ញុំដឹងថាទំនៀមទំលាប់ខ្មែរយើង មិនទុកឳពុក ម្តាយ ជរា ឱ្យនៅម្នាក់ឯងទេ តែងតែបីបាច់ថែរលោកឱ្យបានប្រសើរជានិច្ច តែពេលខ្លះក៏ប្រឈមមុខនឹងការខ្វះខាត

ពិន សំខុនៈ នៅពេលឃោសនាសូមសន្លឹកឆ្នោតពីប្រជាពលរដ្ឋ លោក សុខារី បានជ្រើសយកការសង់វិទ្យាល័យឡូវែលជាសំណង់ថ្មី នៅ‹ខលី› បេក្ខជនមួយក្រុមទៀតនោះ គេជ្រើសយក‹ដោនថោន› តើហតុអ្វីបានជា សុខារី ជ្រើសយក‹ខលី›?

សុខារី ឆាវៈ សំនួរនេះសំខាន់ណាស់! ខ្ញុំបានសាកសួរប្រជាពលរដ្ឋ នៅពេលខ្ញុំទៅគោះទ្វារផ្ទះគេធ្វើការឃោសនា ខ្ញុំឃើញថាប្រជាពលរដ្ឋពាក់កណ្តាលចង់បាន‹ដោនថោន› រីឯពាក់កណ្តាលទៀតចង់បានឱ្យទៅ‹ខលី› វាល្អដូចតែគ្នា, ពីព្រោះការជ្រើសយកសង់សាលាពីមុនមក គឺសម្រាប់ប្រជាពលរដ្ឋដែលមានចំនួនតិចជាងពេលនេះ សង់ជូនពលរដ្ឋអន្តោប្រវេសន៍ នឹងបន្ទាប់មកសម្រាប់ពលរដ្ឋភៀសខ្លួន, ប៉ុន្តែខ្ញុំយល់ថាសម្រាប់តទៅថ្ងៃមុខការសង់សាលនៅ‹ខលី›នឹងប្រសើរជាង ពីព្រោះមនុស្សឥឡូវវាច្រើនជាងមុន ហើយចំនួនថវិការដូចគ្នា បើទៅសង់នៅកន្លែងចាស់វាមិនបានផ្ទះថ្មីទេ បើទៅកន្លែងថ្មី គឺបានសាលាថ្មីហើយបានធំជាងមុន បានដីក៏ទូលាយសម្រាប់សិស្ស មានដើមឈើ សួនច្បារ ជាពិសេសមានសុវត្ថិភាពសម្រាប់សិស្ស ជាងសាលាចាស់… ក្នុងជីវិតមនុស្សសំខាន់ណាស់ដែលមានសាលារៀនល្អ សម្រាប់ក្មេងអាយុពី១៤-១៨ឆ្នាំបានកន្លែងល្អសម្រាប់ជីវិតសិក្សាដូចជាសាលាឯកជន ឬ ក៏ជា‹ខមភើស Campus›របស់ពួកគេ… វិទ្យាល័យថ្មីនៅ‹ខលី›នោះគឺជាបរិឋានដ៏ល្អបំផុតសម្រាប់ការលូតលាស់របស់‹យុវជន› ដែលកំពុងត្រៀមខ្លួនក្លាយទៅជា‹មនុស្សធំ›មានសមត្ថភាពនឹងបន្តរវិជ្ជានៅមហាវិទ្យាល័យ ឬក៏ទៅប្រកបកាងារចិញ្ចឹមជីវិត … បើនៅសាលាចាស់វិញ ដីក៏ចង្អៀត មិនអាចសង់សាលាសម្រាប់អនាគតបានទេ,ហើយពេលកំពុងសង់ វារញីរញៃដោយសម្លេងនៃសំណង់ ដោយក្លិននឹងធូលីនៃជញ្ជាំងបាក់បែក… សិស្សរៀនមិនបានពេញលេញ ពី៤-៦ឆ្នាំ ខ្ញុំយល់ថាវាមិនជាការល្អសម្រាប់កូនសិស្សទេ…

ពិន សំខុនៈលោកថាចង់ជួយសហគមន៍ខ្មែរ តើលោកមានចំណេះនឹងជំនាញអ្វីខ្លះ ដើម្បីមកជួយសហគមន៍ខ្មែរបាន បើនៅសាលាក្រុងគេសុទ្ធតែជាអ្នកមានចំណេះខាងច្បាប់ខ្ពង់ខ្ពស់ មានបទពិសោធន៍ច្រើនសិបឆ្នាំនៅសាលាក្រុងនោះ?

សុខារី ឆាវៈ ដូចខ្ញុំបាននិយាយពិចំណេះខ្ញុំពីខាងដើម ខ្ញុំអាចនិយាយភាសាបានត្រឹមត្រូវ ខ្ញុំមានអាហារូបករមកសិក្សា‹អាកាដេមីនៅហានដូវើ›រួចបន្ទររៀននៅមហាវិទ្យាល័យ‹ម៉ាខាលីស› នៅរដ្ឋ‹មីណេសូតា› រៀនចប់ខ្ញុំក៏ត្រឡប់មកឡូវែលវិញ ដោយសារចង់មកនៅថែរម្តាយរបស់ខ្ញុំ នឹងរៀបចំជីវិតគ្រួសារនៅឡូវែល នេះ។ ខ្ញុំបានបើកពាណិជ្ជកម្ម‹រាលអេស្តេត› ដែលអាចជួយរកផ្ទះសម្បែងជូនបងប្អូនបាន ជួយរកប្រាក់សម្រាប់ដាក់ទិញផ្ទះ ហើយខ្ញុំអាចយល់នឹងនិយាយភាសាបានស្រួល អាចចចារគ្រប់កំរឹត នឹងគ្រប់ផ្នែកនៃការរស់នៅបាន ។ ខ្ញុំក៏អាចចរចាក្នុងតួរនាទីនៅសាលាក្រុង ជាមួយអ្នកឯកទេស អ្នកបច្ចេកទេស សម្រាប់សេចក្តីត្រូវការរបស់បងប្អូនខ្មែរយើងបាន តាមបំណង ខ្ញុំរីករាយណាស់នឹងបានមកជួយបងប្អូនខ្មែរយើង…

ពិន សំខុនៈ នៅក្នុងកិច្ចសម្ភោធព្រហ្មបាយ័នព្រឹកមិញនេះ មានបងប្អូនខ្មែរយើងខ្លះសួរខ្ញុំអំពីវត្តនៅឡូវែលនេះ ថាឥឡូវបានបែកប្រេសជា១០វត្តទៅហើយ ខ្ញុំពុំបានដឹងច្បាស់ថាមានចំនួនប៉ុន្មានទេឥឡូវនេះ, ប៉ុន្តែខ្ញុំចង់ដឹងពីយោបល់របស់លោកថា‹តើចំនួនវត្តនៅឡូវែល ដែលកំពុងតែបែងភាគនេះ លោកមានយោបល់យ៉ាងណាដែរ?›

សុខារី ឆាវៈព្រះពុទ្ធសាសនាខ្មែរគឺជាវប្បធម៌ផងជាជំនឿផង ដោយសារនៅឡូវែលនេះមានប្រជាពលរដ្ឋកាន់តែច្រើន ជាការធម្មតាទេដែលគេឃើញមានវត្តក៏ច្រើនដែរនោះ គេនាំគ្នាទៅវត្តណាដែលគេចូលចិត្តជាងគេ ឬក៏ជិតផ្ទះគេ… សាសន៍ដ៏ទៃដូចជា‹ស្បានីស›ឬ‹កូកាស›ក៏មានវិហ៊ារ‹ឈើជ›ក៏ច្រើនដែរនៅឡូវែលនេះ…ខ្ញុំមិនយល់ទាស់ទេ ចំពោះវត្តដែលមានចំនួនច្រើននោះឱ្យតែព្រះសង្ឃនឹងអាចារ្យវត្ត ចេះបំរើផលប្រយោជន៍ពុទ្ធសាសនិករបស់ខ្លួនឯងឱ្យបានត្រឹមត្រូវ…

ពិន សំខុនៈ ប្រជាពលរដ្ឋខ្មែរនៅទីនេះមានអារម្មណ៍នៅជាប់នឹងនយោបាយកម្ពុជាច្រើន ដោយសារប្រជាពលរដ្ឋខ្មែរនៅឯនាយ នៅតែក្រីក្រហើយរងគ្រោះដោយសារអ្នកនយោបាយ អ្នកទាំងនោះចង់ឃើញមានការផ្លាស់ប្តូរនយោបាយនៅកម្ពុជាយើង, អ្នកបោះឆ្នោតចង់ដឹងពីការយល់ឃើញរបស់លោក ក្នុងរឿងនយោបាយនៅកម្ពុជានេះ តើលោកអាចនិយាយប្រាប់លោកអ្នកអានបានទេ?

សុខារី ឆាវៈ នេះជាសំនួរដ៏ពិបាកឆ្លើយសម្រាប់ខ្ញុំ ដោយខ្ញុំបានមកដល់អាមេរិកតាំងតែពិអាយុ៨ឆ្នាំ ខ្ញុំធំឡើងនៅទីនេះ ចង់បំរើអ្នកទាំងអស់ដែលរស់នៅទីនេះ, ហើយបើខ្ញុំជាប់ឆ្នោតទូទាំងតំបន់ ខ្ញុំត្រូវបំរើនយោបាយប្រជាពលរដ្ឋឡូវែលទាំងអស់ ក្នុងនោះមានខ្មែរ-អាមេរីកាំង មានស្បានីស មានកូកាស៊ាន មានអាហ្រីកកាំង… ដែលខ្ញុំប្រាកដជាមានភារកិច្ចច្រើនណាស់សម្រាប់ដោះស្រាយជូនអ្នកនៅទីនេះជាមុនអ្វីទាំងអស់, ខ្ញុំតែងមានមនោសញ្ចេតនាចំពោះប្រទេសជាតិខ្ញុំ ដោយខ្ញុំជាខ្មែរ ខ្ញុំធំឡើងស្រឡាញ់សេរីភាពក្នុងការនិយាយស្តី យុត្តិធម៌ក្នុងសង្គម ហើយអ្នកដែលមកដល់សហរដ្ឋនេះដូចជារូបខ្ញុំ មានជំនឿយ៉ាងមាំលើលទ្ធិប្រជាធិតេយ្យ នឹងការគោរពសិទ្ធិមនុស្ស ស្អប់ខ្ពើមអំពើហឹង្សា… ដូច្នេះខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្ហាញជាមួយនឹងបងប្អូនពីទស្សនៈនឹងឆន្ទៈរបស់ខ្ញុំ… ដូចជានៅពេលនេះ ខ្ញុំំមានឱកាសពិសេសមួយ ដោយកាលពីខែមុន ខ្ញុំបានចូលរួមសកម្មភាពជាមួយនឹងអង្គការ‹USA-Cambodia Basket ball Association ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត វីលាម ហែក គឹនាំក្រុមកីឡា‹បាស្កិតបូល›ខ្មែរពីអាមេរីក ទៅចូលរួម កីឡា‹កីឡាអាស៊ីអគ្នេយ៍› យើងបានជជែកគ្នាពីបញ្ហានយោបាយនៅកម្ពុជាខ្ញុំនៅពិក្រោយខ្នងលោក ហែក ១០០%គឺយើងចង់ឃើញលទ្ធីប្រជាធិបតេយ្យមួយ រីកដុសដាលដោយគ្មានហឹង្សានៅកម្ពុជា

ពិនសំខុនៈ លោក សុខារី បាននិយាយថា‹សង្ឃឹមថានឹងឈ្នះ› តើនឹងឈ្នះនៅលើចំណុចណាមួយ?

សុខារី ឆាវៈ ខ្ញុំជឿថាខ្ញុំនឹងឈ្នះ មិនថាខ្ញុំនៅលំដាប់ថ្នាក់ណាទេឱ្យតែបាននៅចន្លោះទី១នឹងទី៩បានហើយ ខ្ញុំនឹងប្រឹងប្រែងលើសពីមុន ដើរទៅគោះទ្វារសុំឱ្យគេស្គាល់ហើយបោះឆ្នោតឱ្យខ្ញុំ, នៅសង្កាត់ធំសង្កាត់អ្នកមាន គេចេញទៅបោះឆ្នោតដល់ទៅ៣៥% រីសង្កាត់ផ្សេងៗចេញទៅបោះឆ្នោតតែ៨-៩% ឬក៏យ៉ាងច្រើន១៧% ឃើញថានៅតិចណាស់ …បើអ្នកទាំងនោះចេញទៅបោះឆ្នោត ខ្ញុំមុខជានឹងឈ្នះជាមិនខាន…

ពិន សំខុនៈ បើលោកចង់ឱ្យខ្មែរទៅបោះឆ្នោត តើលោកនិយាយប្រាប់គេយ៉ាងណា?

សុខារី ឆាវៈ  ខ្ញុំសូមអង្វរឱ្យបងប្អូនទៅបោះឆ្នោត!  ឆ្នោត១សន្លឹករបស់បងប្អូនមានតម្លៃណាស់ សហគមន៍នឹងមានកម្លាំង គេនឹងស្តាប់យើងពីព្រោះយើងចេញទៅបោះឆ្នោត បើមិនទៅទេនោះសហគមន៍យើងនឹងនៅតែខ្សោយ, ពិសេសទៅទៀត នៅលើកនេះមានខ្មែរយើងដល់ទៅ២នាក់អាចនឹងជាប់ឆ្នោត គឺជាឱកាសប្រវត្តិសាស្ត្រថ្មីមួយទៀតមិនដែលមានពីមុនមកទេ បើមានខ្មែរយើង២នាក់នៅសាលាក្រុង ខ្មែរយើងនឹងមានកម្លាំងខ្លាំងណាស់ មិនដែលមានពិមុនមកទេនៅសហរដ្ឋអាមេរីកយើងនេះ…

ពិន សំខុនៈ សហគមន៍ខ្មែរកំពុងប្រជែងក្នុងរឿង២ គឺ១វិទ្យាល័យនៅ‹ខលី› ទី២គឺបណ្តឹងឱ្យមានតំណាងនៅក្នុងសាលាក្រុង បើលោកឈ្នះឆ្នោត តើនឹងបានឈ្នះទាំង២ហ្នុងទេ?

សុខារី ឆាវៈ ខ្ញុំកំពុងផ្តោតអារម្មណ៍ខ្លាំង ទៅលើសុខុមាលភាពនៃការរស់នៅរាល់ថ្ងៃ របស់ពលរដ្ឋ មានការកែរលំអទិកន្លែងរស់នៅឱ្យបានស្អាត-សមរម្យ-មានសុវត្ថិភាព នៅតំបន់ក្រីក្រហើយនឹងការគាំទ្រ-ជួយដល់ការលំបាកនៃមនុស្សចាស់នឹងកូនក្មេង រីឯការប្រជែងយកវិទ្យាល័យនៅ‹ខលី›ហើយនឹងតំណាងនៃជនភាគតិច គឺនៅនឹងសម្លេងឆ្នោតដែលបងប្អូនចេញទៅបោះថា‹ចង់បានអ្វី›នោះហើយ…ដូច្នេះសូមបងប្អូនចេញទៅបោះឆ្នោតឱ្យបានទាំងអស់គ្នា!

ពិន សំខុនៈ សូមអរគុណលោក សុខារី ឆាវ សូមជូនពរឱ្យលោកបានជោគជ័យ!

ព័ត៌មានទាក់ទង