Top Mobile Banner

សម្ភាសន៍ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ

ដោយ ពិន សំខុន ថ្ងៃទី៣វិច្ឆិកា២០១៧

ឡូវែលៈ ស្នាក់អាស្រ័យនៅរយៈពេល២សប្តាហ៍នៅឡូវែល ព្រះអង្គ ស៊ីសុវត្តិ ធម្មិកោ បានផ្តល់បទសម្ភាសន៍ដល់សារពត៌មានខ្មែរផុសស.រ.អា.ក្នុងពេលដែលគណបក្សសង្គ្រោះជាតិកំពុងរងនូវការវាយប្រហារ, ចាប់ខ្លួនប្រធាន នឹងប៉ងឃាត់ខ្លួនសមាជិកខ្លះទៀត ប៉ុនប៉ងរំលាយគណបក្សពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន, ទាំងនោះបានបង្ករលក្ខណៈស្មុកស្មាញផ្ទៃក្រៅ ដែលព្រះអង្គម្ចាស់ចេញមកស្វែងរកដំណោះស្រាយផ្លូវទូតនៅឯបរទេស… ស្រាប់តែបញ្ហាផ្ទៃក្នុងបក្ស បានផ្ទុះឡើង បង្ហាញការប្រេះឆាយ៉ាងគួរឱ្យព្រួយបារម្ម ចេញមកមួយទៀត នា៣ថ្ងៃចុងក្រោយនេះ។ លោក ហ៊ុន សែន រង់ចាំតែឱកាសរបៀបនេះ ដើម្បីយកជ័យជំនះជាស្ថាពរ… តើគណបក្សសង្គ្រោះជាតិគេចរួចពីការរំលាយ ឬក៏ការចាញ់ឆ្នោត បានដែរឬទេ? សូមតាមដានបទសម្ភាសន៍ខ្មែរផុស ជាមួយព្រះអង្គម្ចាស់ធម្មិកោ ដូចតទៅៈ

ខ្មែរផុសស.រ.អាៈ ថ្វាយបង្គំ ព្រះអង្គម្ចាស់ធម្មិកោ! តើព្រអង្គមានតួរនាទីអ្វីខ្លះនៅក្នុងបក្សសង្គ្រោះជាតិ?

ស៊ីសុវត្តិ ធម្មិកោៈ ជំរាបសួរបង! ខ្ញុំជាសមាជិកគណកម្មកានាយកគណបក្សផង, ជាប្រធានគណកម្មការកិច្ចការបេរទេសផង នឹងប្រធានក្រុមកាងារនៅខេត្តព្រះសីហនុផង។ ខ្ញុំមកនេះក្នុងតួរនាទីមកជួបមន្ត្រីកិច្ចការបរទេសផង ក៏មកជួបសមាជិកសមាជិកាសង្គ្រោះជាតិ ដែលបានភៀសខ្លួនមកពីកម្ពុជាមកអាមេរីក គេចពីការគៀបសង្កត់ពិសំណាក់រដ្ឋាភិបាលផងដែរ

ខ្មែរផុសស.រ.អាៈ តើគណកម្មការនាយកខុសគ្នាពីគណអចិន្ត្រៃយ៍យ៉ាងណា?

ស៊ីសុវត្តិ ធម្មិកោៈ គណកម្មការនាយកគឺជាអង្គការនិតិបញ្ញត្តិរបស់បក្ស ជាអ្នកអនុម័ទលើគោលនយោបាយឬគម្រោងនានា រីឯគណអចិន្ត្រៃយ៍ជាអ្នកអនុវត្តន៍នូវគម្រោង ដែលបានទទួលយល់ព្រមពីគណកម្មការនាយករួចហើយដូចគ្នានឹងរដ្ឋាភិបាលរបស់បក្សដែរ

ខ្មែរផុសស.រ.អាៈ ថ្មីៗនេះគណបក្សសង្គ្រោះជាតិ បានរងនៅ‹វិបត្តិផ្ទៃក្នុង›ដ៏សំខាន់មួយ គឺបញ្ជីឈ្មោះបេក្ខជនព្រឹទ្ធសភារបស់បក្ស  បានត្រូវរងការចោទប្រកាន់ថាមាន‹ជនបង្កប់›បានលួចកែរបន្លំបញ្ជីដែលបានយកទៅដាក់នៅគ.ជ.ប…រឿងនេះបានបង្ករជាវិបត្តិផ្ទៃក្នុងដ៍អស្ចារ្យមួយ ដែលនឹងធ្វើឱ្យលោកហ៊ុន សែន សប្បាយចិត្តមិនតិចទេ តើព្រះអង្គអាចពន្យល់រឿងនោះរបៀបណា?

ស៊ីសុវត្តិ ធម្មិកោៈ ខ្ញុំពុំទាន់ដឹងថា រឿងនោះវាកើតរបៀបណានៅឡើយទេ នៅពេលដែលលោកសម រង្សី និយាយថាមានជនបង្កប់នោះ តើជារឿងបុគ្គល ឬក៏ជារឿងគណបក្ស?–បើជារឿងបុគ្គលតើវាកើតពីពេលណាមក?គឺលោក ម៉ៅ ម៉ានីវ៉ាន់ ធ្លាប់បានចាកចេញពីគណបក្សសម រង្សី បំរុងទៅចុះចូលគណបក្សប្រជាជន តែបានត្រូវគណបក្សសិទ្ធិមនុស្សយកបានមុន ក៏មកគណបក្សសិទ្ធមនុស្សវិញ បើគំនុំនេះកើតពិរឿងបុគ្គល យើងដោះមិនរួចទេ- រីឯរឿងគណបក្សវិញ គឺគណអចិន្ត្រៃយ៍ត្រូវពិនិត្យលើករណីយនោះ រកមើលថាតើមានកំហុសត្រង់ណា ហើយដាក់ជូនលោកប្រធាន កឹម សុខា សម្រេច លោកនៅតែជាប្រធាននៅឡើយ ពីព្រោះលោកទទួលត្រឹមតែកាចោទប្រកាន់នៅឡើយទេ មិនទាន់មានកំហុសទេ។

ខ្មែរផុសស.រ.អាៈ លោក កឹម សុខា នៅពេលដែលបញ្ជាឱ្យដកយកបញ្ជីឈ្មោះបេក្ខជនមកធ្វើសារជាថ្មីវិញ តើចង់ជំរះបញ្ជីដើម្បីបញ្ចប់ការបែកបាក់ដែឬទេ?

ស៊ីសុវត្តិ ធម្មិកោៈ រឿងនេះមាន២ ដែលត្រូវចែកឱ្យដាច់ គឺ១រឿងបញ្ជីឈ្មោះ យើងបានធ្វើរួចហើយ គឺរៀបតាមរូបមន្តនៃកិច្ចព្រមព្រាងសមរង្សី-កឹមសុខាពេលបង្កើតសង្គ្រោះជាតិនោះឡើង – ទី២គឺរឿងម៉ៅ ម៉ានីវ៉ាន់ ដែលរចនាសម្ព័ន្ធគណបក្សត្រូវពិនិត្យ ហើយអនុវត្តន៍តាមច្បាប់គណបក្ស ដែលយើងត្រូវរង់ចាំជំហ៊រលោកប្រធាន កឹម សុខា…

ខ្មែរផុសស.រ.អា. នៅពេលដកបញ្ជីមកមើល តើមានឃើញថា អ្នកណាជាប្តូរបញ្ជីដែរឬទេ?

ស៊ីសុវត្តិ ធម្មិកោៈអត់មានទេ! គេឈូសបញ្ជីឈ្មោះចាស់នោះតែម្តង ហើយដាក់ឈ្នោះថ្មីទៅតាមរូបមន្តដែលបានព្រមព្រាងគ្នារួចហើយ

ខ្មែរផុសស.រ.អាៈដូច្នេះ តើអាចមានកំហុសរបស់គណអចិន្ត្រៃយ៍ ដែលដាក់បញ្ជីឈ្មោះឱ្យគេយកទៅគ.ជ.ប. បែរជាមានកំហុសអ្នកនាំសារទៅវិញ អានេះគេហៅថា‹ស្វាបានបាយស៊ី យកទៅលាបមាត់ពពែ›មែនទេ?

ស៊ីសុវត្តិ ធម្មិកោៈ នេះគេអាចថា មានមនុស្សមានកំហុសច្រើនគ្នា គេឈូសចោលតែម្តងទៅ កុំឱ្យខាតពេលច្រើន…

ខ្មែរផុសស.រ.អាៈ ខ្ញុំបានឃើញសេចក្តីថ្លែងការខ្វែងគ្នា្ ដូចជាលោករង្សីថា ‹លោកសុខានៅក្នុងគុក កុំសូវទុកចិត្តខ្លាំងពេក ខ្លាចមានពាក្យក្លែងក្លាយ› ឯលោកសុខាវិញថា កុំឱ្យលោករង្សីនិយាយពាក្យអ្វីដែលបំបែកបំបាក់ផ្ទៃក្នុង ជាសញ្ញាថា‹អ្នកទាំងពីរបានបែកគ្នាហើយ› មែនទេ?

ស៊ីសុវត្តិ ធម្មិកោៈ បើជាគោលការ ឬទិសដៅ អ្នកទាំងពីឥតមានបែកគ្នាទេ – ហើយបើជាប្រយោជន៏ ក៏ឥតបែកគ្នាដែរ ពីព្រោះតែខុសគ្នាទាំងអស់គ្នានឹងស្លាប់ហើយ, នៅសល់តែយុទ្ធសាស្ត្រ ដែលខ្ញុំមានឧទាហរណ៍ថា លោក សុខា ចង់បានដំណោះស្រាយ‹ឱ្យគេដោះលែងលោក ដើម្បីឱ្យបានទៅបោះឆ្នោតមួយដែលត្រឹមត្រូវ› ចំណែកលោករង្សី ចង់បានដំណោះស្រាយជា‹កញ្ចប់មួយដែលមានការដោះលែងលោកសុខាផង បោះឆ្នោតត្រឹមត្រូវផង នឹងរូបលោកក៏អាចត្រឡប់ទៅស្រុកខ្មែរធ្វើនយោបាយវិញដែរ… ហ្នឹងហើយដែលខុសគ្នាសម្រាប់ដំនោះស្រាយកម្ពុជានោះ…

ខ្មែរផុសស.រ.អាៈក្នុងឧទាហរណ៍នេះ ខ្ញុំក៏ឃើញថាមានអយុត្តិធម៌ចំពោះ សម រង្សី ដែរ ដែលគាត់លាលែងដោយសារតែគណបក្ស តស៊ូក៏ដើម្បីគណបក្សគួរតែទាមទារជាកញ្ចប់រាប់ទាំងរូបគាត់ផង ទើបសម តើព្រះអង្គគំនិតដូចទូលបង្គំទេ?

ស៊ីសុវត្តិ ធម្មិកោៈ ខ្ញូំមិនអាចជូនយោ ស៊ូជូបល់ពិរឿងនេះបានទេ លើទស្សនៈបុគ្គលរបស់មនុស្ស្ ដែលជាប្រធានរបស់ខ្ញុំ ខ្ញុំសូមលើកពីករណី អូនសាំន់ស៊ូជី នៃប្រទេសភូមា គាត់ជាប់គុកច្រើនឆ្នាំណាស់ ដល់គណបក្សគាត់ជាប់ឆ្នោត ទើបបានគាត់បានរួចពីកគុក អន្តរជាតិគេឥតជួយបុគ្គលទេ តែគេជួយឱ្យមានការបោះឆ្នោតត្រឹមត្រូវ…នៅមានឧទាហរណ៍មួយទៀត ដូចជាលោក ណេលសុន ម៉ង់ដែឡា នៃអហ្វ្រីកខាងឈ្នះត្បូង ជាប់គុកច្រើនឆ្នាំ គេជូយឱ្យមានការបោះឆ្នោតមន តែឥតបានជួយជាបុគ្គលទេ ទាល់តែគណបក្សឈ្នះ ទើបបានគាត់ចេញមក…ខ្ញុំសុំទោសលោកប្រធានទាំងពិរ ចំពោះទស្សនៈរបស់ខ្ញុំនេះ ខ្ញុំមិនជឿថា‹គេនឹងមកជួយជាបុគ្គលទេ គេអាចនឹងមកជួយយើងឱ្យមានការបោះឆ្នោតមួយ ដោយសេរីនឹងយុត្តិធម៌បាន›…តែខ្ញុំនៅតែជម្រុញឱ្យមានដំណោះស្រាយជាកញ្ចប់តែដដែលទេ…

ខ្មែរផុសស.រ.អាៈ ឥឡូវយើងងាកមកមើល ពីខាងគណបក្សប្រជាជនវិញម្តង គេបណ្តេញលោករង្សីឱ្យចេញមកនៅក្រៅប្រទេស ចាប់លោកសុខាដាក់ពន្ធនាគារ…។ល។ ថា‹តើគណបក្សនេះនឹងធ្វើអ្វី ដើម្បីឱ្យនៅតែកាន់អំណាចដដែល?

ស៊ីសុវត្តិ ធម្មិកោៈ សម រង្សី – កឹម សុខា រួមគ្នាមានកម្លាំងខ្លាំងខ្លាណាស់ ដូច្នេះត្រូវបំបែកឱ្យចេញពីគ្នា គឺរុញលោក សម រង្សីឱ្យចេញមកក្រៅ ដើម្បីស្រួលគេខ្សិបម្ខាងម្តង… ចំណែកឯ កឹម សុខា ជាប់គុក ជារឿងមួយទៀត, លោករាជរដ្ឋាភិបាល បានអញ្ជើញអ្នកឯកទេសអ៊ីស្រាអែល ឱ្យមកធ្វើការស្ទង់មតិមួយជុំវិញការបោះឆ្នោតឃុំសង្កាត់ផង នឹងបោះឆ្នោតជាតិផង សម្រាប់ឆ្នាំ២០១៧-១៨- លទ្ធផលទទួលបានគឺ ១-គណបក្សប្រជាជនទល់នឹងសង្គ្រោះជាតិដែលមានសមរង្សី លទ្ធផលគឺបាន ៣២ ទល់នឹងរង្សី ៤៦% ២-គណបក្សប្រជាជន ទល់នឹងសង្គ្រោះជាតិដែលមានតែកឺមសុខា តែម្នាក់ឯង នឹងបាន ៣៣% ទល់នឹងសុខា ៤២% ៣-គណបក្សប្រជាជន ទល់នឹង សង្ក្រោះជាតិ ដែលឥតសមរង្សី-ឥតកឹមសុខា នឹងបាន៣២% ទល់នឹងសង្គ្រោះជាតិ ៣៣% ដូច្នេះករណីដែលលោក ហ៊ុន សែន អាចធ្វើការយកជ័យជំនះបាន លុះត្រាតែគ្មានសមរង្សិផង នឹងគ្មានកឹមសុខាថែមទៀត – ហើយបើបោះឆ្នោតមានអ្នកទាំង២នាក់ចូលប្រឡូកនឹងនយោបាយ គឺលោកហ៊ុន សែន នឹងធ្វើអត្តឃាដ ដូច្នេះលោកនឹងធ្វើយ៉ាងណាមិនឱ្យការបោះឆ្នោតដោយមាន‹សមរង្សីនឹងកឹមសុខា›ចូលរួមបានឡើយ…ជម្រើសមានតែមួយហ្នឹងទេដែលជារូបភាពនយោបាយលោកហ៊ុន សែនទៅថ្ងៃមុខ គឺមិនរំលាយគណបក្សសង្គ្រោះជាតិទេ តែទុក សម រង្សី នៅក្រៅ នឹងទុក កឹម សុខា ក្នុងគុក …

ខ្មែរផុសស.រ.អាៈចុះបើសិនបើសិនជាត្រូវ‹រំលាយគណបក្សសង្គ្រោះជាតិ›ទៅវិញ រូបភាពនោះវាអាចទៅជាយ៉ាងណាទៅវិញ?

ស៊ីសុវត្ថិ ធម្មិកោៈ ខ្ញុំពិបាកនឹងទាយណាស់ថាអ្វីនឹងកើតមានឡើងតែខាងសង្គ្រោះជាតិនៅតែប្រកាន់ជំហ៊រអហឹង្សា គឺមិនជម្រុញឱ្យមានបាតុកម្មអីទេ តែបើប្រជាពលរដ្ឋគេបះបោរឡើង យើងក៏មិនដឹងជាធ្វើអ្វីទប់បានដែរទេ សង្គ្រោះជាតិមិនទាន់បានសម្រេចថានឹងធ្វើអ្វីនៅឡើយទេ, តែដែលយើងអាចធ្វើនោះគឺមិនទៅបោះឆ្នោត វានឹងធ្វើឱ្យគណបក្សប្រជាជននៅឯកោ គ្មានការគាំទ្រពីពលរដ្ឋ នឹងពីសហគមន៍អន្តរជាតិនឹងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដូចនៅភូមាពីមុន ឬក៏នៅកូរ៉េខាងជើងជាដើម, នៅមានលទ្ធភាពមួយទៀតដែរ យើងនឹងទាមទារឱ្យមានការបោះឆ្នោតសេរីនឹងយុត្តិធម៌ ធានាដោយអន្តរជាតិ ពេលនោះគឺសង្គ្រោះជាតិនឹងបង្កើតឬគាំទ្រគណបក្សថ្មីមួយ ដែលឈរលើសម្ព័ន្ធភាពនៃលោកប្រធានសមរង្សី-កឹមសុខាដដែល បើទោះជាលោកទាំង២មិនមែនជាប្រធានបក្សក៏ដោយ…

ខ្មែរផុសស.រ.អាៈ បេសកកម្មព្រះអង្គម្ចាស់មកទីនេះចំពេលគណបក្សកំពុងងវិកវរ‹ផ្ទៃក្នុង›អាចនឹងបែកផងក៏មិនដឹង, តើព្រះអង្គមានការជាក់ច្បាស់ក្នុងព្រះទ័យទេថា‹ព្រះអង្គនឹងបំពេញបេសកកម្ម›ស្របតាមបំណងបក្សរបស់ព្រះអង្គបាន? បើធ្វើបានតើធ្វើយ៉ាងណា?

ស៊ីសុវត្តិ ធម្មិកោៈខ្ញុំមិនជឿថានឹងបែកទេ! បើនឹងបែកវារលាយទាំងអស់គ្នា…ការវិកវរផ្ទៃក្នុង គឺជាវិបត្តដែលគណបក្សសង្គ្រោះជាតិឥឡូវ មានភាពចាស់ទុំគ្រប់គ្រាន់នឹងដោះស្រាយបានហើយ បើមានជនបង្កប់ ក៏វានឹងបញ្ចប់បាននៅខាងមុខបន្តិចទៀតនេះដែរ… សម្រាប់បេសកកម្មខ្ញុំ បើខ្ញុំមិនប្រើមហិច្ឆិតាខ្លួនឯង មិនប្រើមហិច្ឆិតាបក្ស ក៏នៅមានមហិច្ឆិតាសម្រាប់ជាតិដែលយើងត្រូវបំរើដែរ អ្នកដែលមកដល់ទីនេះ មានតំណាងរាស្ត្រជាច្រើន(ចេញមកក្រៅ៣ភាគ៤ហើយ) មានលោកប្រធានសម រង្សី មានកញ្ញាកឹម វិទ្យា ដែលកំពុងធ្វើការបំរើប្រទេសជាតិដូចខ្ញុំដែរ គឺពន្យល់អ្នកដឹកនាំអាមេរីកាំង ពីស្ថានការជាក់ស្តែង ដែលកំពុងតែបែរទៅរករបបផ្តាច់ការ យើងនាំគ្នាទាមទារឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យឡើងវិញ ឱ្យមានការបោះឆ្នោតត្រឹមត្រូវ…ទាំងនេះថ្នាក់ដឹកនាំយើងធ្វើបានដូចគ្នាទាំងអស់,ដូច្នេះយើងត្រូវបង្កើនសេចក្តីថ្លែងការ បង្កើនសកម្មភាព នៅក្នុងស្រុក ដើម្បីឱ្យអន្តរជាតិគេបានឃើញធ្វើសកម្មភាព ឱ្យគេអាចជួយបានផង បើគ្មានសកម្មភាពក្នុងស្រុក គេមិនជួយយើងទេ, អីចឹងខ្ញុំត្រូវតែទៅកម្ពុជាវិញ ដើម្បីដឹកនាំសកម្មភាពសង្រោះជាតិបន្តរកុំឱ្យដាច់…

ខ្មែរផុសស.រ.អាៈ លោកបណ្ឌិត ឡាវ ម៉ុងហៃ បានអត្ថាធិប្បាយម្សិលមិញនេះថា‹លោកហ៊ុន សែន កាន់អំណាចតែម្នាក់ឯងតាមរបបផ្តាច់ការ នឹងធ្វើឱ្យរាស្ត្របះបោរ›តើហេតុអ្វីបានជាសង្គ្រោះជាតិ ខ្លាចរាស្ត្របះបោរ?

ស៊ីសុវត្ត ធម្មិកោៈ បើយើងនិយាយពីរាស្ត្របះបោរ ក៏យើងត្រូដឹងពិវិធីសម្រាប់ទប់ទល់ដែរ, មកទល់ថ្ងៃនេះមិនច្បាស់ថាការបះបោររបស់ប្រជាជាតិ នឹងទទួលលទ្ធផលជាវិជ្ជមាននៅឡើយទេ សូមមើលប្រទេសអ៊ីរ៉ាក់ ប្រទេស អេជីប ប្រទេស លីបឺ ក៏ដូចគ្នា ពុំទាន់បានផលជាវិជ្ជមានទេ ជាទូទៅគឺអ្នកដឹកនាំកម្លាំងបះបោរហ្នឹងហើយជាអ្នកកាន់អំណាចជាអ្នកចំណេញ…

ខ្មែរផុសស.រ.អាៈប្រសិនបើការបះបោរនោះទប់មិនជាប់ទេ តើសង្គ្រោះជាតិ មានមធ្យោបាយនឹងសង្គ្រោះហើយបញ្ជប់ការបះបោរដោយសន្តិភាពបានទេ?
ស៊ីសុវត្តិ ធម្មិកោៈ យើងមានលទ្ធភាព ១- ឱ្យអន្តរជាតិគាំទ្រនៅលើមូលដ្ឋានយោបាយរបស់យើងមួយ ២-យើងចរចារជាមួយអំណាច ដែលកាន់កាប់នៅក្នុងស្រុកហ្នឹង នៅលើមូលដ្ឋានដូចគ្នា… ក៏ប៉ុន្តែឱ្យយើងទៅជម្រុញឱ្យមានការបះបោរ គឺឥតមានទេ…

ខ្មែរផុសស.រ.អា. សូមអរព្រះគុណចំពោះបទសម្ភាសន៍នេះ៕

ព័ត៌មានទាក់ទង