ដោយ សុខារ័ត្ន កូយ
ប៉ូសស្តន់ – ការរផ្លាស់ប្តូរម៉ោងត្រូវបានកើតមាននៅតាមរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកជាពិសេសការផ្លាស់ប្តូរក្នុងមួយឆ្នាំចំនួនពីរដង នៅចន្លះនិទាឃរដូវរឺរដូវផ្ការីក និងរដូវឈើជ្រុះស្លឹក។ កាលពីឆ្នាំ ២០១៦ រដ្ឋម៉ាសាឈូសេត បានកំណត់ម៉ោងនាឡិការលើស ១ ម៉ោង ដោយចាប់ពីខែវិច្ឆិកា រហូតដល់ខែកុម្ភៈ ហើយខែមិនា រហូតដល់ខែកញ្ញា បានកំណត់ម៉ោងត្រឡប់ ថយក្រោយ ១ ម៉ោងវិញតាមធម្មតា។
សម្រាប់ឆ្នាំ២០១៧ គណៈកម្មការពិសេសកំណត់ស្តង់ដាម៉ោងនៃរដ្ឋម៉ាសាឈូសេត ដែលបានបង្តើតឡើយកាលពីឆ្នាំមុខ និងមានសមាជិកចំនួន ១១ រូបបានបោះឆ្នោតកាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកានេះ បានអនុម័តទៅលើរបាយការណ៍ស្តីពីកាកំណត់ស្តង់ដារម៉ោង ដោយលទ្ធផលនៃរបាយការណ៏នេះ បានណែនាំឲ្យរដ្ឋម៉ាសាឈូសេតធ្វើការផ្លាស់ប្តូរម៉ោងពីម៉ោងអ៊ីសស្ទន (Eastern)ទៅជាម៉ោងអាត្លង់ទិច (Atlantic) ដែលជាផលប្រយោជន៏សម្រាប់រដ្ឋទាំងមូល តែផ្អែកលើលក្ខខណ្ឌមួយចំនួន។
មុននឹងអនុម័តទៅលើរបាយការណ៏ គណៈកម្មការពិសេសនេះ បានចំណាយពេលជាច្រើនខែដើម្បីសិក្សាទៅលើគុណសម្បត្តិ និងគុណវបត្តិនៃការបង្កើតឲ្យមានការផ្លាស់ប្តូរពេលវេលាដើម្បីសន្សំពេលថ្ងៃឲ្យច្រើនពេញមួយឆ្នាំ។ តាមរយៈការណែនាំនៅក្នុងការសិក្សានេះ ការប្រើប្រាស់ម៉ោងអាត្លង់ទិច នឹងលុបបំបាត់មិនឲ្យមានការអនុវត្តកំណត់ម៉ោងលើសរឺទៅមុខនិងថយក្រោយរឺត្រឡប់មកវិញពីរដងជារៀងរាល់ឆ្នាំដែលធ្លាប់ធ្វើពីមុននោះទៀតឡើយ។ ជំនួសមកវិញ វានាំមកនូវម៉ោងបន្ថែសម្រាប់ ពេលវេលាថ្ងៃត្រង់ច្រើនជាងមុននៅរដូវរងា រឺសិសិររដូវ។
បើតាមលោកស្រី អ៊ីលីន ដូនូខ្យូ ដែលជាសមាជិកព្រឹត្ដសភា និងជាប្រធានគណៈកម្មការពិសេសនេះ បានមានប្រសាសន៏បន្ទាប់ពីកិច្ចប្រជុំថា «យើងមិនគួរធ្វើការផ្លាស់ប្តូរម៉ោងតែឯងសម្រាប់រដ្ឋម៉ាសាឈូសេតនោះទេ។ យើងនឹងរីករាយទៅនឹងការផ្លាសប្តូរនេះ ប្រសិនបើយើងមានរដ្ឋភាគឥសាន្ត ដូចជា ម៉ែន, ញ៉ូហ៊ាមស័រ និងរដ្ឋអាយលិន និងក្រុងញ៉ូយកធ្វើការផ្លាស់ប្តូរព្រមគ្នាដែរនោះ»។ លោកស្រីបានបញ្ជាក់ទៀតថា ការអនុម័ត្តលើរបាយការណ៏នេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃការពិភាក្សាប៉ុណ្ណោះ មិនទាន់បញ្ចប់នៅឡើយនោះទេ។
យោងតាមរបាយការណ៏ដដែរបានបង្ហាញថាការផ្លាស់ប្តូរទៅប្រើប្រាស់ម៉ោងពេលវេលាម៉ោងអាត្លង់ទិចគឺអាស្រ័យលើលក្ខខណ្ឌ ៣ ចំណុចសំខាន់ គឺទី១ ប្រតិកម្មនៃតំបន់ មានន័យថា ការផ្លាស់ប្តូរអាចកើតមានឡើង ដរ៉ាបណាភាគច្រើននៃរដ្ឋភាគឥសាន្ត (ប្រសិនជាអាចរួមទាំងក្រុងញ៉ូយក) យល់ព្រមធ្វើការផ្លាស់ប្តូរផងដែរ។ ចំណុចទី ២ គឺការចាប់ផ្តើមចូលរៀនរបស់សិស្សមានការយឺតជាងមុន មានន័យថារាល់ការផ្លាស់ប្តូរណាមួយ គួរតែត្រូវធ្វើដោយស្របទៅតាមស្តង់ដាទូទាំងរដ្ឋទាំងអស់ សម្រាប់ការពន្យារពេលវេលាក្នុងការចាប់ផ្តើមចូលរៀនរបស់សិស្ស ដើម្បីកាត់បន្ថយបញ្ហាសុវត្ថិភាពនិងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសិក្សា, សុខភាពនិងសុខុមាលភាពរបស់សិស្ស។ ចំណុចទី ៣នោះគឺថាការផ្លាស់ប្តូរម៉ោងពេលណាមួយត្រូវតែធ្វើឡើងស្រមទៅតាមការយល់ដឹងរបស់សាធារណៈជនអំពីដំណើរការនៃការផ្លាស់ប្តូរម៉ោងពេលឆ្ពោះទៅរកការរសន្សំពេលវេលាពេលថ្ងៃនោះ។
ផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវដោយអ្នកជំនាញបានរកឃើញថា អត្ថប្រយោជន៍នៃការផ្លាស់ប្តូរម៉ោងអាត្លង់ទិច គឺរួមមានការសន្សំការប្រើប្រាស់ថាមពលអគ្គីសនី, ការជំរុញឲ្យមានដំណើរការលក់ដូរសម្រាប់ហាងលក់រាយ, កាត់បន្ថយបទល្មើស, គ្រោះថ្នាក់ចរាចរតិចតួចនិងកាត់បន្ថយផលប៉ះពាល់ផ្នែកផ្លូវចិត្តតាមរដូវកាលរបស់ពលរដ្ឋ។
ទន្ទឹមនឹងនេះ របាយការណ៍ដដែរក៏បានទទួលស្គាល់ពីលទ្ធភាពនៃការងផលប៉ះពាល់ចំពោះសក្តានុពលមួយចំនួនរបស់រដ្ឋផងដែរដូចជាខាងផ្នែកដឹកជញ្ជូន, ពេលវេលានៃការផ្សព្វផ្សាយនិងព្រឹត្តិការណ៍កីឡានានាជាដើម។
គួរបញ្ជាក់ថារបាយការណ៏ដែលបានលើកឡើងពីអត្ថប្រយោជន៏ និងផលប៉ះពាល់នៃការផ្លាស់ប្តូរស្តង់ដាម៉ោងនៃរដ្ឋម៉ាសាឈូសេត នឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាបន្តបន្ទាប់ពីត្រូវបានអនុម័ត្តដោយគណៈកម្មការពិសេសនេះ។