ខ្មែរផុសស.រ.អា.
‹‹ខ្ញុំ››គឺជាចំណងជើងមួយ ជាភាសាខ្មែរ នៃរឿងល្ខោនដែលនឹងប្តើមសម្តែងនាថ្ងៃទី១០មករាដល់៤កុម្ភៈឆ្នាំ២០១៨, នៅ រោងមហោស្រព‹MRT – 50E Merrimack st.Lowell›។
គឺជារឿងដែលនិពន្ធនឹងសម្តែងដោយ វិចិត្រ ជុំ ជាសិល្បៈករវិជ្ជាជីវៈដើមកំណើតខ្មែរ មកពីរដ្ឋ‹តិចសាស់› ដឹកនាំដោយនាយកក្រុមល្ខោននេះ ឈ្មោះ ‹សង់ ស្ហេស -Sanchez›។ លោកនាយកផ្នែកសិល្បៈ នៃសាលមហោស្រព គឺលោក‹ស្ហន ដានញ៉ល› ដែលបានជ្រើសយករឿងរបស់ វិចិត្រ យកមកសម្តែងសម្រាប់ក្រុងឡូវែល គឺនៅពេលដែលវិចិត្រកំពុងតែធ្វើវិស្សមកាលនៅកម្ពុជាជាលើកដំបូងបង្អស់ នាក្រុងព្រះសីហនុ ។
ចម្លែកណាស់ ហេតុអ្វីក៏អ្នកនិពន្ធ នឹង ជាសិល្បករសម្តែងតួរម្នាក់ បានចាប់យកចំណងជើងយ៉ាងខ្លីបំផុត មកសម្តែងនៅរោងល្ខោនយ៉ាងធំបំផុត នៅឡូវែលនេះ យ៉ាងដូច្នេះទៅវិញ? យើងបានតាំងសំនួរមួយចំនួនដល់ វិចិត្រ ដើម្បីចង់បានយល់ពីជម្រៅនៃសាច់រឿង របស់ជនជាតិដ៏តិចបំផុតដែលនិពន្ធរឿងសម្រាប់សម្តែង ជាសាធារណៈ តើ‹‹ខ្ញុំ››វាជាអំនួត ជាអំណាច ស្អីទៅ‹‹ខ្ញុំ››នោះ… តែតំបូងបង្អស់ជាខ្មែរម្នាក់ ទោះជារឿងអ្វីក៏ដោយ មានមោទនភាពណាស់ដែលភាសារបស់ខ្លួន បានផុសឡើងយ៉ាងសាមញ្ញបំផុត នៅពិមុខរោងមហោស្រព ដែលមហាជនចម្រុះសាសន៍ តែងតែទិញសំបុត្រចូលមើលកកកុញ ដោយសារយកតែជម្រើសស្នាដៃសិល្បៈដ៏កំពូលៗ យកមកបង្ហាញនៅទីកន្លែងដែលធ្លាប់តែល្បីល្បាញ ដូច្នេះមិនសូវដែលខុសចិត្តទស្សនិកជនឡើយ។
វិចិត្រ ជុំ បានសម្តែងការរំភើបក្នុងចិត្តណាស់ នៅពេលដឹងថា‹រឿងរបស់ខ្លួននឹងបានមកសម្តែងនៅក្នុងទីក្រុងដែលសម្បូរដោយជនជាតិខ្មែររស់នៅ› តែខ្លួនឯងបែរជាថា‹និយាយពាក្យខ្ញុំដំបូងឡើយ មានការពិបាកណាស់ ដោយអានមិនត្រូវ ខ្ញុំខំប្រឹងរៀន ធ្វើការផងរៀននិយាយខ្មែរផង ដើម្បីទៅឱ្យស្គាល់ស្រុកខ្មែរ ពិព្រោះខ្ញុំខ្លាចស្រុកខ្មែរ ខ្ញុំខ្លាចគេស្តាប់ខ្ញុំមិនបាន, ខ្ញុំតែងតែចង់ដឹង ហើយសួរទៅឳពុកខ្ញុំ ដែលខ្លួនគាត់ជាជនភៀសខ្លួន ឯខ្ញុំកើតនៅទីនេះ តែខ្ញុំក៏មិនដែលបានចម្លើយដែលខ្ញុំអាចយល់បាន ពីឳពុកខ្ញុំនោះវិញឡើយខ្ញុំតែងសម្មតថា‹បានយល់ នូវរឿងរ៉ាវដែលខ្ញុំមិនយល់›នោះ ជារៀងរហូតដល់ក្លាយជាធម្មតាទៅវិញ..›។ សំនួរដែលគ្មានចម្លើយ បានក្លាយទៅជា‹ខ្ញុំ›ដែលមិនច្បាស់ថាជាសំនួរឬក៏ជាចម្លើយ ថាខ្ញុំជានរណា? ឳពុកម្តាយខ្ញុំមកពីណា? តើអ្នកឯទៀតដូចខ្ញុំដែរឬទេ?ការស្វែងរកនូវអត្តសញ្ញាណដ៏ជ្រាលជ្រៅរបស់ វិចិត្រ ក៏បានក្លាយជាអត្ថបទនិពន្ធដ៏សំខាន់ជាពិសេសមួយ ដែលធ្វើឱ្យនាយករោងមហោស្រព ចាប់អារម្មជាខ្លាំង ហើយក៏ចាប់យកមកឱ្យសម្តែង ឱ្យបញ្ចេញនូវអ្វីដែលជម្រៅរបស់ វិចិត្រ ជាយុវជនដើមកំណើតជាគ្រួសារអ្នកភៀសខ្លួន មកលាតត្រដាងតាមបៀបវីធីសាស្ត្រជាសិល្បករវិជ្ចាជីវៈវិញម្តង។
ក្រុមអ្នកឯកទេស ក៏បានគាំទ្រការតស៊ូ ខាងស្មារតីដើម្បីរុករកជម្រៅ‹ខ្ញុំ›របស់ វិចិត្រ រហូតដល់បានចេញជារូបរាងបង្ហាញមកក្រៅជាទស្សនីយភាពបាន… ដែលការពិតទៅ ការរុករកនេះ គឺជាការតស៊ូរបស់គ្រួសារ វិចិត្រ តាំងពី២០ឆ្នាំមុនមកហើយ ។ នៅរដ្ឋតិចសាស វិចិត្រ មានបងស្រីជីដូនមួយ ឈ្មោះ សុជាតា បានបញ្ចេញខ្សែភាពយន្តមួយឈ្មោះ‹ទារកនាថ្ងៃចូលឆ្នាំថ្មី – New year Baby›ដែលជាលទ្ធផលនៃការស្វែករកច្រើនឆ្នាំ នូវអត្តសញ្ញាណរបស់កុមារម្នាក់ ក្នុងគ្រួសារជនភៀសខ្លួនមួយ, ដោយសារនាងចង់ដឹងថា‹តើគ្រួសារនាងមកពីណា?ហេតុអ្វីក៏នាងមិនអាចដឹងអ្វីបន្តិចសោះពីក្រុមគ្រួសារនាង?›, ហើយសំនួរដូចគ្នានេះ គឺអាចជាសំនួរនៃយុវជនជាច្រើន ដែលបានបង្កើតជាកង្វល់ក្នុងគ្រួសារខ្លួន ហើយមិនដែលមានចម្លើយតបវិញទេ មកទល់ពេលនេះ។ វិចិត្រអាចជាអ្នកបន្តរ‹អំណោយនៃគ្រួសារ›ក្នុងកំរឺតមួយទៀតដែលទាល់តែនាដករ គឺជាជនភៀសខ្លួនផង នឹងជាយុវជនផង ហើយជាម្ចាស់នៃរឿងថែមទៀត ទើបបញ្ជូនទស្សីយភាព ឱ្យដល់កំរឹតខ្ពស់បំផុតបាន។
លោក វិចិត្រ ជុំ មានសញ្ញាប័ត្រអនុបណ្ឌិតខាងសម្តែងសិល្បៈ ចេញពិមហាវិទ្យាល័យសិល្បៈនៅរដ្ឋ‹រ៉ូដអាយឡិន›, សព្វថ្ងៃរស់នៅ ប្រកបមុខរបរជាសិល្បៈករវិជ្ជាជីវៈ នៅញូយ៉ក។