ផ្សាយថ្ងៃទី២១ ខែ០២ ឆ្នាំ២០២៤
ក្រុមកូដករណាហ្គាវើលដ៍ ព្រមានថា ប្រព័ន្ធយុត្តិធម៌កម្ពុជាមិនបានការពារសិទ្ធិសហជីព និងកម្មករនិយោជិតទេក្នុងវិវាទរវាងកម្មករ និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេលជាង ២ឆ្នាំមកនេះ ខណៈរដ្ឋាភិបាលបានផ្តល់សិទ្ធិ និងអំណាចគ្រប់បែបយ៉ាងឲ្យថៅកែក្រុមហ៊ុនបញ្ឈប់បុគ្គលិកតាមអំពើចិត្ត។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញលិខិតចំហមួយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា វិវាទការងាររវាងកម្មករនិយោជិត និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍បានអូសបន្លាយអស់រយៈពេល ៧៩២ថ្ងៃហើយ បើទោះបីជាភាគីកម្មករនិយោជិតព្យាយាមរកដំណោះស្រាយ និងព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ព្រមទាំងស្ថាប័នរដ្ឋហើយក៏ដោយ តែផ្ទុយទៅវិញ គឺមានតែការជំរុញឲ្យកម្មករនិយោជិតចុះហត្ថលេខាបញ្ចប់កិច្ចសន្យាការងារ ដោយទទួលស្គាល់ថាថៅកែក្រុមហ៊ុនមានសិទ្ធិបញ្ឈប់កម្មករគ្រប់ពេល បើទោះបីជាការបញ្ឈប់នោះមិនអនុលោមតាមស្មារតីនៃច្បាប់របស់កម្ពុជាក៏ដោយ។
សហជីពទ្រទ្រង់សិទ្ធិកម្មករមួយនេះរៀបរាប់ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មក ក្រុមហ៊ុនណាហ្គាវើលដ៍ បានបង្កកប្រាក់វិភាគទានរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ទាំងស្រុង ក្នុងនោះក្រុមហ៊ុនបានកាត់ប្រាក់វិភាគទានពីសមាជិកសហជីពទាំងអស់ក្នុងក្រុមហ៊ុន ខណៈលុយទាំងនោះក្រុមហ៊ុនមិនបានផ្ទេរចូលទៅគណនីធនាគាររួមរបស់សហជីពទេ ហើយទង្វើរំលោភច្បាប់សហជីពបែបនេះ ក៏មានការជួយជ្រោមជ្រែងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែរ។
ប្រភពដដែលបញ្ជាក់ថា ចូលដល់ឆ្នាំ២០២៤ នេះ ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តការយាយីទៅលើកម្មករនិយោជិតឥតស្រាកស្រាន្តដដែល។ ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបានហៅបុគ្គលិកដែលជាសមាជិកសហជីពមកប្រជុំដោយដាក់លក្ខខណ្ឌឱ្យពួកគេសរសេរពាក្យលាឈប់ពីសហជីព និងសរសេរពាក្យស្នើសុំវិភាគទានដែលក្រុមហ៊ុនបានបង្កកកន្លងមកនោះ ក្នុងនោះ ក្រុមហ៊ុនសន្យាថា ពួកគេនឹងផ្ទេរលុយទាំងនោះឱ្យពួកគេដោយផ្ទាល់វិញ ដែលនេះគឺជាយុទ្ធសាស្ត្រថ្មីមួយទៀតក្នុងចេតនារំលាយសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodai Daily នៅថ្ងៃទី២០ កុម្ភៈ នេះថា ការបណ្តែតបណ្តោយឱ្យវិវាទកម្មករនិយោជិតជាមួយនឹងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ចេះតែបន្តដោយគ្មានដំណោះស្រាយ គឺជាការបំផ្លាញមុខមាត់កម្ពុជាធ្ងន់ធ្ងរ ដែលទង្វើទាំងនេះគ្មានផលចំណេញអ្វីបន្តិចសោះសម្រាប់ពលរដ្ឋខ្មែរ និងប្រទេសជាតិ។
លោក សេក សុជាតិ លើកឡើងថា ក្រសួងការងារមានតួនាទីសំខាន់ណាស់ក្នុងការធានាការពារនូវច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីពរបស់កម្ពុជា ដោយគ្មានការរំលោភបំពានពីភាគីណាមួយ តែផ្ទុយទៅវិញ ប្រសិនបើក្រសួងការងារបើកដៃឱ្យភាគីណាមួយរំលោភបំពានលើភាគីមួយផ្សេងទៀត នោះប្រទេសកម្ពុជានឹងរងគ្រោះដោយផ្ទាល់ពីទង្វើនេះ ក្នុងនោះ ប្រសិនបើក្រសួងការងារ ការពារឱ្យកម្មកររំលោភបំពានលើភាគីក្រុមហ៊ុន វានឹងធ្វើឱ្យក្រុមហ៊ុនដទៃទៀតលែងហ៊ានទៅបណ្ដាក់ទុនវិនិយោគបន្តទៀតជាមិនខាន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងពិតប្រាកដ។
អ្នកប្រឹក្សាយោបល់រូបនេះបញ្ជាក់ថា ផ្ទុយទៅវិញ បើក្រសួងការងារការពារក្រុមហ៊ុនឱ្យរំលោភបំពានលើសិទ្ធិកម្មករ នោះនឹងនាំឱ្យរដ្ឋាភិបាលជាប់ឈ្មោះអាក្រក់ ព្រមទាំងបំផ្លាញផលប្រយោជន៍របស់ពលរដ្ឋខ្មែរថែមទៀត ខណៈក្រុមហ៊ុនល្អក៏មិនហ៊ានចូលទៅបណ្ដាក់ទុននៅកម្ពុជាដែរ។
លោកបន្តថា ដើម្បីថែរក្សាកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់កម្ពុជាឱ្យល្អលើឆាកអន្តរជាតិ ជាពិសេសមុខមាត់របស់រដ្ឋាភិបាល ក្រសួងការងារមានភារកិច្ចចាំបាច់បំផុតក្នុងការធានានូវការអនុវត្តច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព និងច្បាប់ផ្សេងទៀតឱ្យបានសុក្រឹត ដោយគ្មានភាគីណាមួយរងគ្រោះដូចសព្វថ្ងៃនេះ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុនណាហ្គាវើលដ៍ បានប្រកាសបញ្ឈប់កម្មករនិយោជិតជាង ១ពាន់នាក់ (១៣២៩នាក់) ក្នុងបំណងរំលាយក្រុមសហជីពក្នុងក្រុមហ៊ុននេះ ក្រោមលេសជួបវិបត្តិជំងឺកូវីដ-១៩ ព្រោះថាបុគ្គលិកទាំងជាង ១ពាន់នាក់នេះ គឺសុទ្ធសឹងតែជាថ្នាក់ដឹកនាំ និងសមាជិកសហជីពដែលតែងតែតវ៉ាទាមទារសិទ្ធិការងារជូនកម្មកររងគ្រោះកន្លងមក។
រហូតមកទល់ពេលនេះ ក្រុមកូដករណាហ្គាវើលដ៍ចំនួន ៩នាក់ កំពុងរងបណ្តឹងតាមផ្លូវតុលាការពីបទចោទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដូចជា ប្រធានទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព កញ្ញា ឈឹម សុខន សកម្មជនសហជីពអ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយក្រុមកូដករទាំងនោះធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារជាមួយខ្លួននាពេលកន្លងមក៕