ដោយ ពិនសំខុន
ជើងដំណើរដ៏វែងមួយមិនដែលធ្លាប់ធ្វើពីមុនមក ធ្លាប់ឃើញតែភាពអស្ចារ្យរបស់វាតែតាមខ្សែភាពយន្ត ឫតាមទូរទស្សន៍នោះ កាលពីថ្ងៃអាទិត្យទី១៥ធ្នូចុងឆ្នាំ២០១៣ យើងបានឡើងមហានាវាទេសចរ Cruiser ឈ្មោះ Norvegian cruiser line, ហៅ‹គ្រូស៍›ចេញដំណើរពី‹ញូយ៉ក›ទៅកាន់‹បាហាម៉ាស› ហើយត្រឡប់មកដល់ញូយ៉កវិញ នៅថ្ងៃអាទិត្យទី២២ធ្នូ ១សប្តាហ៍បន្ទាប់មក។
នៅពេលដែលព្យុះទឺកកក ព្រិលធ្លាក់យ៉ាងក្រាស់ក្រែល នៅតំបន់ញូអ៊ិនក្លិន គ្រួសារយើងសុបិន ប៉ុណ្ណារ៉ូ នឹងខ្ញុំ បានចាកចេញពីឡូវែលតាំងពីព្រលិម ធ្វើដំណើរយ៉ាងតិច៥ម៉ោង ដើម្បីឱ្យទាន់ជើងកុប៉ាល់ ដែលត្រូវចេញដំណើរចេញពីញូយ៉ក នៅម៉ោង ៣ រសៀល ។ ស្រូតរូតមកទាន់ពេលល្មម តែរំភើបចិត្ត នឹងភ្ញាក់ផ្អើលដំបូងបង្អស់ អំពីទំហ៊ំដ៏ធំមហិមានៃកុប៉ាល់‹ន័រវេស៊ីយាន›ដ៏ថ្មីស្រឡាង ចេញប្រើដំបូងឆ្នាំ២០១៣ ប្រវែង……ម កំពស់……ម រៀបជាបន្ទប់១៨ជាន់ ។ ភ្ញៀវជាង៤ពាន់នាក់ ប្រជ្រៀតគ្នាក្នុងសណ្តាប់ធ្នាប់ ធ្វើ‹ឆែកអ៊ីន› ឆ្លងប្រព័ន្ធសន្តិសុខដូចដែលធ្លាប់ឃើញនៅព្រលានយន្តហោះ ឆ្លងក្រសួងគយ នឹងឆ្លងក្រុមបដិសណ្ឋារកិច្ច ដែលពិក្រោមដល់លើ មានបុគ្គលិកជាង១៥០០នាក់ ចាំទទួលដំណើរយើងមិនឱ្យខ្ចោះត្រង់ណាឡើយ ដែលចាប់ពីពេលនេះតទៅ យើងទាំងបីនាក់ ប្តើមសុបិនទាំងភ្នែកស្រស់បានថា ‹ពួកយើងជាគ្រួសារអភិជនដ៏សំខាន់មួយនឹងគេដែរ ក្នុងរយៈពេល១សប្តាហ៍ទៅមុខទៀតនេះ› ។
លោកអ្នកអាន ដែលតាមដានបទពិសោធន៍ នឹងទស្សនៈថ្មី ជាមួយដំណើរយើងខ្ញុំពេលនេះ ឆ្ងល់ទេថា ‹ហេតុអ្វីក៏យើងក្លាយជាអភិជនបានភ្លាម បើគ្រាន់តែយើងជាន់ជណ្តើរឡើងកុប៉ាល់‹ន័រវេស៊ីយាន›ភ្លាមនោះ? បុគ្គលិកប្រកបដោយឯកសណ្ឋានឥស្សរយស តមៀបជាជួរទទួលភ្ញៀវក្នុងសាលទទួលភ្ញៀវធំទូលាយ លំអរដោយពន្លឺនឺងក្បាច់ក្បូរសម័យដ៏គួរឱ្យរំភើបរំជួលចិត្ត សម្រាប់គ្រប់វ័យ ។ គេបានផ្តល់កម្មវិធីប្រចាំថ្ងៃ ទីកន្លែងកំសាន្តក្នុងប្រាសាទសមុទ្រ ទីកន្លែងដែលចុះកំសាន្តនៅដីគោគ ទីកន្លែងដែលទទួលភ្ញៀវពិសារភោជនាហារ ដែលគ្រប់នាទី វានឹងធ្វើឱ្យយើងភ្លេចខ្លួនថា‹យើងគ្រាន់តែជាមនុស្សធម្មតាម្នាក់ មកកំសាន្តនៅតាមកម្មវិធីកុប៉ាល់ន័រវេស៊ីយាន›តែប៉ុណ្ណោះសោះ› ។ យើងបានត្រូវបុគ្គលិកគ្រូស៌នាំមកកាប៊ីនឫបន្ទប់លេខ១២៧៧២ នៃជាន់ទី១២ មានបាលកូនីសម្រាប់អង្គុយមើលសមុទ្រ នាំទាំងវ៉ាលីសបីមកឱ្យ មិនចាំបាច់យួរមកបន្ទប់ដោយខ្លួនឯងផង ។ គឺជាបន្ទប់តូចច្រឡឹង រចនាដោយគ្មានកន្លែងណាមួយដែលឥតប្រយោជន៍ មានគ្រែធំទូលាយ មានសាឡុងទទួលភ្ញៀវ មានបន្ទប់ទឹក ដែលអ្នកសំអាតចូលមករៀបបន្ទប់ឱ្យស្អាតភ្លឺង ពេលយើងចេញក្រៅម្តងៗ ។
នារសៀល នឹងរាត្រីទី១នេះ យើងបានដើរកំសាន្ត ពិនិត្យភូមិសាស្ត្រក្នុងមហានាវា ដែលរឹតតែគួរឱ្យចាប់ចិត្តថែមទៀត ។ បន្ថែមលើហាងម្ហូបអាហារដ៏មានឈ្មោះល្បីៗក្នុងពិភពលោក មានឆាកសំដែងសំរាប់សិល្បករជាច្រើនកន្លែង មានកន្លែងសំអាងរូបរាងកាយនៅច្រើនជាន់រួមទាំងមានគ្រូពេទ្យសំរាប់ណែនាំពីការថែរសម្ផស្សស្ត្រីបុរសទៀតផង កន្លែងទទួលមើលកុមារឫក្មេងៗ កន្លែងកំសាន្តកីឡាលេងទឹក សួនកុមារ កាស៊ីណូ … ហាក់ដូចជាអ្វីៗបង្កើតឡើងសម្រាប់ក្តីស្រម័យរបស់មនុស្សធម្មតា ជប់ឱ្យព្រលឹងនៃអ្នកសម្បូរបែបម្នាក់ៗឱ្យរស់រវើក យ៉ាងរីករាយ នឺងគ្មានទោសពៃរ៍អ្វី ដោយសារតែការបំពេញបំណងខ្លួនឯង នឹងក្រុមគ្រួសារខ្លួននោះឡើយ ។
រីករាយនឹងបានឃើញការរៀបចំទាំងឡាយ ដើម្បីបំពេញចិត្តភ្ញៀវគ្រប់គ្នា ដោយមិនប្រកាន់វណ្ណ ល្ងាចនេះយើងបានចូលទៅបរិភោក នៅភោជនីយដ្ឋានមួយ ទល់មុខរោងភាពយន្តដែលបញ្ចាំងកីឡា‹បាល់ឱប› មានអ្នកមើលស្រែកហ៊ោកញ្ជៀវយ៉ាងរីករាយ រួចហើយយកប៉ុណ្ណារ៉ូទៅផ្ញើរឱ្យគេមើលឱ្យរហូតដល់ម៉ោង១០យប់ ដើម្បីមានឱកាសទៅស្តាប់ភ្លេង ឫមើលល្ខោនអ្វីផ្សេងៗ ។ យប់បន្តិចហើយ ខ្ញុំនាំសុបិនទៅស្តាប់តន្រ្តី jazz ប្រគុំដោយពួកស្បែកខ្មៅ Fat Cat យើងមានការចាប់អារម្មណ៍ចម្លែក ពីរោះនឹងបទជាច្រើនដែលច្រៀងឥតព្រៀងទុក កំដរភ្ញៀវយ៉ាងជក់ចិត្ត ធ្វើឱ្យយើងនឹកទៅដល់សិល្បករចម្រៀងចាបីខ្មែរម្នាក់ឈ្មោះ‹ចង្កូម៨› ដែលបានមកសម្តែងនៅញូយ៉ក កំដរដោយក្រុមដន្ត្រី‹គ្ហីតារ›អាមេរីកាំង កាលពីរដូវក្តៅមុននេះ ទំនងជាពីរោះគួរឱ្យចាប់ចិត្តដូចគ្នា ។