Top Mobile Banner

HRW ជំរុញឱ្យចលនាខ្មែរដើម្បីប្រជាធិបតេយ្យដាស់អ្នកការទូតទូទាំងពិភពលោកចូលរួមចាត់វិធានការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី
April 3, 2024
មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) ជំរុញឱ្យចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ដាស់អ្នកការទូតនៅទូទាំងពិភពលោកឱ្យភ្ញាក់ឡើងវិញ និងធ្វើការជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងរដ្ឋាភិបាលជុំវិញពិភពលោក ដើម្បីជំរុញឱ្យពួកគេយកចិត្តទុកដាក់ និងចាត់វិធានការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាបន្ទាន់។
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ កាលពីចុងខែមីនា កន្លងទៅនេះថា វាជាពេលវេលាដ៏សំខាន់ណាស់ក្នុងការចាប់ផ្តើមចលនាខ្មែរដើម្បីប្រជាធិបតេយ្យសម្រាប់ការស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានឈរដោយមោទនភាពអស់រយៈពេលជាង ៣០ឆ្នាំមកហើយក្នុងការការពារសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក៏នឹងបន្តឈរដើម្បីលទ្ធិប្រជាធិបតេយ្យកម្ពុជា និងសិទ្ធិមនុស្សទៅថ្ងៃមុខទៀតដែរ រហូតដល់សិទ្ធិមនុស្សនៅកម្ពុជាត្រូវបានស្ដារឡើងវិញ។
លោក Phil Robertson លើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានដណ្តើមយកពីពលរដ្ឋខ្មែរដោយរបបផ្ដាច់ការក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្រប់ផ្នែក ទាំងរដ្ឋាភិបាល សភាជាតិ និងប្រព័ន្ធតុលាការ ខណៈឆ្នាំ២០២៣ និងឆ្នាំ២០២៤ នេះ គឺជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការបោះឆ្នោតមួយក្នុងឆ្នាំ២០២៣ ដែលគេធ្វើឡើងដូចជនផ្ដាច់ការផ្សេងទៀតបានធ្វើនៅតាមប្រទេសកុម្មុយនីស្តមួយចំនួន ដូចជា នៅប្រទេសចិន ប្រទេសរុស្ស៊ី ប្រទេសឡាវ និងប្រទេសកូរ៉េខាងជើង អ៊ីចឹងដែរ។
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះបញ្ជាក់ថា ការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត មិនមានអ្វីខុសគ្នាទៅនឹងការដឹកនាំរបស់លោក ហ៊ុន សែន នោះទេ ដែលប្រៀបបីដូចជា «ស្រាចាស់ក្នុងដបថ្មី» ដូច្នោះដែរ ព្រោះការរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ រំលោភសិទ្ធិលំនៅឋាន និងបទឧក្រិដ្ឋផ្សេង គឺនៅតែបន្តកើតមាន ហើយបញ្ហានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចងក្រងជាឯកសារយ៉ាងលម្អិតនាពេលកន្លងមក។
លោក Phil Robertson ជំរុញឱ្យចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អំពាវនាវឱ្យសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ បណ្តាប្រទេសផ្សេងទៀត ក្រោកឈរឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលកិច្ចការនេះ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យត្រូវតែធ្វើក្នុងបេសកកម្មរបស់ខ្លួនឱ្យខ្លាំងក្លាជាទីបំផុត។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរ និងតំណាងអង្គការស្ថាប័នបរទេសមួយចំនួននៅជុំវិញពិភពលោកដែលស្នេហាប្រជាធិបតេយ្យ និងស្នេហាយុត្តិធម៌ បានមកជួបជុំគ្នានៅទីក្រុងឡងប៊ិច លើទឹកដីសហរដ្ឋអាមេរិក ដើម្បីអបអរសាទរពិធីសម្ពោធ «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» ដែលនឹងត្រូវដឹកនាំដោយអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ។
ជុំវិញបញ្ហានេះ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានលើកឡើងថា គោលបំណងនៃការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅពេលនេះ គឺដើម្បីស្វែងរកការរួបរួមចលនាខ្មែរគ្រប់និន្នាការនៅលើពិភពលោក ឆ្ពោះទៅរកការសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជាឱ្យចេញផុតពីការគ្រប់គ្រងតាមបែបគ្រួសារនិយមរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ។
អ្នកស្រី មូរ សុខហួរ អះអាងថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មិនមែនជាចលនានយោបាយនោះទេ ប៉ុន្តែជាចលនាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានគោលដៅស្វែងរកការសហការជាមួយបុគ្គល និងស្ថាប័នផ្សេងៗ ដើម្បីរួបរួមកម្លាំងគ្នាជួយប្រទេសកម្ពុជាឱ្យងាកទៅរកការអនុវត្តតាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស បើកលំហសេរីភាពរបស់ពលរដ្ឋឱ្យរស់នៅក្នុងភាពថ្លៃថ្នូរក្នុងនាមជាម្ចាស់ប្រទេសដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ។ អ្នកស្រីបន្តថា ចលនានេះមិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ។
ចំណែកអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងកាលពីពេលថ្មីៗនេះថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ គឺជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ក្នុងការចូលរួមកសាងកម្លាំងដើម្បីសង្គ្រោះប្រទេសកម្ពុជាចេញពីកណ្ដាប់ដៃត្រកូលហ៊ុន ដែលកំពុងរងនូវការគាបសង្កត់ជិះជាន់សព្វថ្ងៃនេះ។
លោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរអ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យ ចូលរួមជាមួយចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដើម្បីផ្លាស់ប្ដូរការដឹកនាំតាមបែបគ្រួសារនិយមនៅកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាចដោយពូជពង់វង្សត្រកូលគ្រួសារមេដឹកនាំគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន សព្វថ្ងៃនេះ៕

 

ព័ត៌មានទាក់ទង