ដោយ លី ហេង
សហព័ន្ធខ្មែរកម្ពុជាក្រោមទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើមខ្មែរក្រោមពីការរំលោភបំពានរបស់វៀតណាម ពលរដ្ឋខ្មែរ និងខ្មែរក្រោមរំពឹងថា នៅថ្ងៃអនាគតពលរដ្ឋខ្មែរក្រោម នឹងទទួលបានសិទ្ធិស្វ័យសម្រេចលើវាសនាខ្លួនដោយខ្លួនឯង ការលើកឡើងនេះធ្វើឡើងនៅក្នុងថ្ងៃរំលឹកខួបទី៧៥ឆ្នាំ ដែលអាណានិគមនិយមបារាំង បានផ្ទេរការគ្រប់គ្រងកម្ពុជាក្រោម ឲ្យទៅវៀតណាមត្រួតត្រាបន្តដោយខុសច្បាប់។
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោមរយៈពេល៧៥ឆ្នាំ ក្រោមការគ្រប់គ្រងរបស់វៀតណាម ដែលរួមមានការប៉ុនប៉ងរំលាយវប្បធម៌ សាសនា និងបំបិទសិទ្ធិបញ្ចេញមតិពលរដ្ឋខ្មែរក្រោមជាដើម។ សហព័ន្ធបញ្ជាក់ថា កត្តាទាំងនេះហើយ ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោម ក្រោកឡើងតស៊ូមតិជាមួយរដ្ឋាភិបាលវៀតណាម នៅលើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនឯង ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យរដ្ឋាភិបាលវៀតណាម ក្នុងនាមជាសមាជិក នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិត្រូវតែគោរពនូវការប្ដេជ្ញាចិត្តរបស់ខ្លួន និងគោរពសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោម តាមសន្ធិសញ្ញាដែលវៀតណាមបានចុះហត្ថលេខាជាមួយអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំងបានកាត់ទឹកដីកម្ពុជាក្រោម ទៅឱ្យវៀតណាមត្រួតត្រាបន្តដោយខុសច្បាប់រហូតមកទល់ពេលបច្ចុប្បន្ននេះ។ នៅក្នុងរយៈពេល៧៥ឆ្នាំនេះ ខ្មែរក្រោម ដែលរស់នៅលើទឹកដីកំណើតរងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាងពីសំណាក់អាជ្ញាធរវៀតណាម ដែលរកគ្រប់មធ្យោបាយ ដើម្បីបំបាត់អត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងសាសនាខ្មែរក្រោម។ បច្ចុប្បន្នមានសកម្មជនខ្មែរក្រោមចំនួន៨នាក់ និងព្រះសង្ឃ ៥អង្គ ត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំឃាំងក្នុងពន្ធនាគារ ដោយសារតែការផ្សព្វផ្សាយពីសិទ្ធិមនុស្ស សិទ្ធិជនជាតិដើម និងទាមទារសិទ្ធិស្វ័យសម្រេចសម្រាប់ពលរដ្ឋខ្មែរក្រោម។
នៅថ្ងៃនេះដែរ នៅឯដែនដីកម្ពុជាក្រោមវិញ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម រាប់រយអង្គ/នាក់ បានជួបជុំគ្នាប្រារព្ធពិធីរំលឹកខួបនេះ នៅវត្តពោធិចូឡាមណីព្រះចេតិយ នៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង។
ក្នុងពិធីនេះ ព្រះសង្ឃបានសូត្រមន្ត សម្ដែងធម្មទេសនា និងសម្ដែងមតិទាក់ទងនឹងប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម។
នៅព្រឹកថ្ងៃទី ៤ មិថុនា អាជ្ញាធរវៀតណាម បានឃាត់ពលរដ្ឋខ្មែរក្រោមមួយចំនួន ដើម្បីសួរនាំពួកគេរឿងធ្វើដំណើរទៅចូលរួមកម្មវិធីរំលឹកខួបលើក៧៥ឆ្នាំនេះ។
ព្រះសង្ឃសកម្មការងារសង្គមព្រះតេជព្រះគុណ ធូ វ៉ាឃីម រំពឹងថា ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែបន្តសកម្មភាពតស៊ូមតិដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិសេរីភាព និងការពារវប្បធម៌ និងអក្សរសាស្ត្រនៅលើទឹកដីកម្ពុជាក្រោម។ ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖ “ អាត្មាមានក្ដីរំពឹងមួយថា ពួកគាត់នឹងតស៊ូរហូត គាត់មិនអាចចុះចាញ់ ឬនៅស្ងៀមបានទេ ព្រោះអាត្មាចង់ឲ្យពួកគាត់តស៊ូទាមទាររកសិទ្ធិសេរីភាពរបស់ពួកគាត់ ឬទាមទារទឹកដីរបស់គាត់ក៏ថាបាន ” ។
ចំណែកឯនៅកម្ពុជាឯណោះវិញ គណបក្សកម្លាំងជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញការឈឺចាប់ និងស្ដាយស្រណោះចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម។ គណបក្សទាំងពីរនេះអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ការពារសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលមានឈាមជ័រជាខ្មែរតែមួយ និងទាមទារឲ្យវៀតណាម គោរពសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិជនជាតិដើមខ្មែរក្រោម ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពលរដ្ឋ សកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោមបន្តទៀត។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សម្ភាសន៍នៅវិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ មិថុនា ថា គណបក្សកម្លាំងជាតិ មិនឈរអោបដៃ ទុកឲ្យខ្មែរណាម្នាក់រងទុក្ខនោះឡើយ។
លោក រ៉ុង ឈុន៖ «ក្នុងនាមខ្ញុំជាខ្មែរមួយរូប ក៏ដូចជាគណបក្សកម្លាំងជាតិ យើងមិនឈរអោបដៃមើលបងប្អូនខ្មែរក្រោមទេ យើងទុកខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើ ខ្មែរនៅលើពិភពលោកគឺខ្មែរតែមួយឲ្យតែខ្មែរនៅទេណាទទួលរងទុក្ខការរំលោភបំពាន គណបក្សកម្លាំងជាតិនឹងធ្វើការតស៊ូមតិ និងស្វែងរកសិទ្ធិសេរីភាព»។
ការលើកឡើងនេះដូចគ្នាទៅនឹងការយល់ឃើញរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ជាមួយនឹងវិទ្យុ VOD ដែល លោក រ៉ុង ឈុន ចង់ឃើញមេដឹកនាំកម្ពុជាជជែកជាមួយមេដឹកនាំវៀតណាម ជុំវិញបញ្ហាយាយីលើសិទ្ធិខ្មែរក្រោម ខាងគោរពជំនឿសាសនានេះ “ អក្សរសាស្ត្រខ្មែរ គោរពប្រពៃណីរបស់ខ្មែរ មិនដូចថាបច្ចុប្បន្ន ចាប់ព្រះសង្ឃ អ្នកតស៊ូមតិទៅដាក់ពន្ធនាគាមកដល់អីឡូវនេះមិនទាន់មានការដោះលែង ហើយគណបក្សកម្លាំងជាតិអោយអាជ្ញាធរយួនត្រូវពិនិត្យពិចារណាឡើងវិញត្រូវតែផ្ដល់សេរីភាពដល់ព្រះសង្ឃក៏ដូចជាសកម្មជន”។
លោក តាំង សារៈ ប្រធានតំបន់នៃសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា បានមានប្រសាសថា ” ទឹកដី ព្រះរាជាណាចក្រកម្ពុជា នៅកម្ពុជាក្រោម គឺស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតត្រារបស់អាជ្ញាធរ ឬរាជរដ្ឋាភិបាលវៀតណាមអាស្រ័យអាណានិគមន៍បារាំង គេបានផ្ទេរសិទ្ធិឲ្យទៅវៀតណាមកាន់កាប់ ដើម្បឲ្យខ្មែរកម្ពុជាក្រោម ក៏ដូចជាខ្មែរទូទៅជំនាន់ក្រោយមិនចាំ ឬមិនរំឮកពីការបាត់បង់នោះគិតថាជាដីរបស់វៀតណាមបាទ នោះជាគោលបំណង និងគោលដៅយ៉ាងនេះឯង” .
លោក សឺន ជុំជួន អគ្គលេខធិការសមាគមន៍ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ បានលើកឡើង យើងមានគោលបំណងសំខាន់ៗមួយចំនួនឲ្យបងប្អូន ជាពិសេសប្រជាពលរដ្ឋខ្មែរយើង ដែលមកចូលរួមទាំងខ្មែរក្រោម ខ្មែរកណ្ដាល និងខ្មែរលើ ថាកម្ពុជាក្រោមថ្ងៃនេះខួប ៧៥ឆ្នាំ ដែលត្រូវបានអាណានិគមន៍បារាំងកាត់ដីរបស់ខ្មែរយើង ឲ្យទៅវៀតណាមកាន់កាប់ផង ទី២ដើម្បីរំលឹកឲ្យមានការភ្ញាក់រលឹកឡើង
វិញពីឧត្តមគតិរបស់ខ្មែរយើងដើម្បីទាមទារសិទ្ធិសេរីភាពរបស់កម្ពុជាក្រោមឲ្យមានសមនសិការរឮកឡើងវិញចូលរួមសកម្មភាពទាំងអស់គ្នា។
លោកស្រី ចៅ រតនៈ ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបាននិយាយថា យុវជន ខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើ ត្រូវតែចូលរួមដឹងការឈឺចាប់រស់ខ្មែរកម្ពុជាក្រោម គឺយើងមិនត្រូវភ្លេចខ្មែរក្រោមទេ ព្រោះអីជាខ្មែរតែមួយ ឌូច្នេះសូមបងប្អូនកុំបែងចែកកុំរើសអើងវណ្ណៈខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្ដាល ចា! យ់ងជាខ្មែរតែមួយទាំងអស់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនទូទាំងពិភពលោកត្រូវទទួលស្គាល់ថាខ្មែរកម្ពុជាគឺជាខ្មែរតែមួយទាំងអស់គ្នា។
ចំណែកលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា មិនបានផ្ដល់បទសម្ភាសន៍អោយ វិទ្យុអាស៊ីសេរី VOD ឬពត៌មានឯករាជ្យផ្សេងទៀត នៅមិនទាន់អាចទាក់ទងបាន ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៤ មិថុនា។
ចំណេកឯបក្សក្រៅរដ្ឋាភិបាល យកខួបបាត់បង់ទឹកដីជំរុញឲ្យមេដឹកនាំបក្សកាន់អំណាច យកចិត្តទុកដាក់ពីសុខទុក្ខខ្មែរក្រោម ដែលកំពុងរងការយាយីពីវៀតណាម ជុំវិញជំនឿសាសនា ភ្ជាប់ទៅនឹងសារក្រើនរំលឹកឲ្យពង្រឹងផ្ទៃក្នុងជាតិ ដើម្បីទប់ស្កាត់មហិច្ឆតាលេបទឹកដីបន្ថែមទៀតពីប្រទេសជិតខាង គណបក្សប្រជាធិបតេយ្យនិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថ្ងៃមុនខួបបាត់បង់ទឹកដីថា នៅថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩ ទឹកដី កម្ពុជាក្រោមត្រូវបានសម្រេចផ្ទេរទៅ ឲ្យប្រទេសវៀតណាមត្រួតត្រាតាមប្រធានាធិបតីបារាំង លោក វ៉ាន់ស៊ុង អូរីយ៉ូ បើតាមគណៈបក្សនោះចាប់តាំងពីពេលនោះមកពីពលរដ្ឋខ្មែរក្រោម បានក្លាយជាជនជាតិដើមភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួនឯង សូមសម្ដែងការសោកស្ដាយពន់ពេក ចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោមដែលយើងខ្ញុំចងចាំមិនអាចបំភ្លេចបាន ដែលក្នុងនោះបងប្អូនខ្មែរកម្ពុជាក្រោមគឺជាជនរួមឈាមខ្មែរតែមួយ ដែលត្រូវយកចិត្តទុកដាក់និងការគាំទ្រតាមដែលអាចធ្វើទៅបាន ប្រភពដដែលបញ្ជាក់ថាការ ផ្ទេរទឹកដីកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាមត្រួតត្រានេះ ជាមេរៀនប្រវត្តិសាស្ត្រដែលថ្នាក់ដឹកនាំខ្មែរជំនាន់ក្រោយៗ និងពលរដ្ឋខ្មែរគ្រប់និន្នាការត្រូវចងចាំ និងត្រូវរួបរួមគ្នាសាមគ្គីដើម្បីការពារទឹកដីដែលមានបច្ចុប្បន្នឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ជុំវិញបញ្ហានេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវទៅរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាម ដើម្បីធានាថាជនជាតិដើមខ្មែរមានសិទ្ធិសេរីភាព គ្រប់គ្រាន់មានការគោរព សិទ្ធិមនុស្សជាមូលដ្ឋានជាពិសេសសិទ្ធិខាងវប្បធម៌ ជំនឿសាសនា និងសិទ្ធិពលរដ្ឋ ផ្សេងៗទៀតក្នុងការតវ៉ាទាមទារសម្ដែងមតិនិងជួបជុំដែលស្របតាមច្បាប់អន្តរជាតិជាពិសេសសូមរាជរដ្ឋាភិបាលកម្ពុជាជជែកជាមួយភាគី វៀតណាមដើម្បីរៀបចំឲ្យមានបេសកកម្មកុងស៊ុល នៅប្រចាំតំបន់និងមានបេសកកម្មពីរាជរដ្ឋាភិបាលកម្ពុជាឲ្យបានទៀងទាត់ទៅតំបន់ដែលមានជនជាតិខ្មែរកម្ពុជាក្រោមរស់នៅ បន្ថែមពីនេះប្រធានគណៈកម្មាធិការដោះស្រាយ វិវាទ និងវិន័យគណបក្សមូលដ្ឋាន លោក ធុក បូណា បានថ្លែងថាការចេញសេចក្ដីថ្លែងការណ៍នេះគឺដើម្បីបង្ហាញថាកម្ពុជាក្រោមគឺជនជាតិខ្មែរតែមួយ ដែលមេដឹកនាំគួរតែបំពេញកាតព្វ កិច្ចនេះហើយយើងក៏សុំអរគុណបងប្អូនខ្មែរកម្ពុជាក្រោម “ ទោះបីជាមានការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ របស់ប្រទេសវៀត ណាមយ៉ាងណាក្ដីក៏ពួកគាត់នៅតែខិតខំតស៊ូជម្នះដើម្បីរក្សាវប្បធម៌ អក្សរសាស្រ្ត ប្រពៃណី របស់ដូនតាខ្មែរ“ ។
សហស្ថាបនិកនៃ គណបក្សកែទម្រង់កម្ពុជា និង ជាអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន គាំទ្រការជំរុញនេះលោកគូសបញ្ជាក់ថា ការប្រាប់វៀតណាមឲ្យគោរពសិទ្ធិខ្មែរក្រោម ជារឿងចាំបាច់ដោយថាភាគីវៀតណាមជាញឹកញាប់តែងតែស្នើកម្ពុជាឲ្យការពារជនជាតិខ្លួន ដែលបានមករស់នៅលើទឹកដី កម្ពុជារួមទាំងអ្នកខុសច្បាប់ “ភ្លេចគិតពីបញ្ហានេះជាយូរណាស់ហើយ ព្រោះទោះបីជាប្រជាពលរដ្ឋខ្មែរខ្លួនឯង មិនរំលឹក ហើយរដ្ឋាភិបាលវៀតណាមហាក់ដូចគេក្រើនរំលឹកព្រោះគេការពារប្រជាពលរដ្ឋគេ នៅលើទឹកដីរបស់កម្ពុជាបច្ចុប្បន្នចឹងហាស ទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយជារដ្ឋាភិបាលមួយដែលធ្លាប់ជាម្ចាស់ទឹកដីទាំងកម្ពុជាក្រោមផងនោះ ហើយមានប្រជាពលរដ្ឋរស់នៅរាប់លាននាក់ ហើយអត់ដែលមានសារដល់រដ្ឋាភិបាលវៀតណាមហ្នឹងដើម្បីឲ្យការពារប្រយោជន៍ណ ការពារសិទ្ធិសេរីភាពរបស់ខ្មែរក្រោមទេ ចឹងហាសដូច្នេះគួរតែយកតម្រាប់តាមគេផង រដ្ឋាភិបាលវៀតណាមនោះ”។
ដោយឡែកគេហទំព័ររបស់មេដឹកនាំខ្មែររួមទាំង លោក ហ៊ុន សែន មិនបានបង្ហាញប្រតិកម្មករណីវៀតណាម រំលោភសិទ្ធិខ្មែរក្រោមនេះដែរ ដោយឡែកតំណាងរាស្ត្រគណបក្សជាតិលោក អ៊ុំ សំអាន ធ្លាប់និយាយថាបញ្ហានេះមកពីមេដឹកនាំខ្មែរជាប់ជំពាក់គុណវៀតណាម “រដ្ឋាភិបាល លោកហ៊ុន សែន ក៏ដូចជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងគឺមិនហ៊ានប្រឆាំងរដ្ឋាភិបាលវៀតណាមនោះទេទោះបីជាវៀតណាមនេះជីកប្រឡាយនៅតាមព្រុំដែននោះក៏អត់ហ៊ានឃាត់វៀតណាមដែ វៀតណាមធ្វើអីស្រេចតែចិត្តហាស ដូច្នេះនៅពេលដែលរដ្ឋាភិបាលខ្លាចវៀតណាមចឹង វាធ្វើឲ្យបូរណភាពទឹកដីរបស់យើងបាត់បង់បន្ថែមទៀត ហើយថ្ងៃក្រោយទៅវាមែនតែបាត់បង់ទឹកដីតាមព្រំដែនទេណា នូវពេលដែលយួនហូរចូលច្រើនឡើងៗវាធ្វើអោយបាត់បង់ទឹកដីដូចកម្ពុជាក្រោមក៏ដូចជាទឹកដីចម្ប៉ាចឹងដែរ” តែយ៉ាងណាវិធានការណ៍របស់អាជ្ញាធរវៀតណាមទៅលើខ្មែរក្រោមបើទោះបីជាមេដឹកនាំខ្មែររក្សាភាពស្ងៀមស្ងាត់ តែគេសង្កេតឃើញសហគមន៍អន្តរជាតិបញ្ចេញប្រតិកម្ម ក្នុងនោះមានទាំងសហរដ្ឋអាមេរិក ទាមទារឲ្យវៀតណាមគោរពសិទ្ធិ ខាងជំនឿខ្មែរក្រោម សហរដ្ឋអាមេរិកនិយាយក្នុងសេចក្ដីថ្លែងការចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ថាខ្លួនមានការខកចិត្តចំពោះចំណាត់ការវៀតណាមដែលបានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមដែលជាអ្នកតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពជំនឿសាសា ព្រមទាំងផ្តន្ទាទោសមនុស្សចំនួន ០៥នាក់ ចាប់តាំងពីខែមករា ឆ្នាំ២០២៤ ទឹកដីកម្ពុជាក្រោមត្រូវបានរដ្ឋាភិបាលអាណានិគមន៍បារាំងចុះហត្ថលេខាប្រគល់ទៅឲ្យរដ្ឋាភិបាលវៀតណាម ត្រួតត្រាបន្ត ចាប់តាំងពីឆ្នាំ០៤ មិថុនា ឆ្នាំ១៩៤៩ ដែលខ្មែរក្រោមចាត់ទុកជាអំពើខុសច្បាប់ ដែលទឹកដីខ្មែរក្រោមមានចំនួន ២១ខេត្តក្រុង គិតត្រឹមឆ្នាំ២០២៤ ទឹកដីកម្ពុជាក្រោមស្ថិតក្នុងការត្រួតត្រារបស់វៀតណាមអស់រយៈពេល៧៥ឆ្នាំ នៅកម្ពុជាក្រោម វត្តអារាមត្រូវចាត់ទុកថាជាឃ្លាំងវប្បធម៌ជាទីកន្លែងថែរក្សាការពារអត្តសញ្ញាណខ្មែរក្រោមទាំងមូល។
ដោយឡែក កាលពីថ្ងៃទី១ និងថ្ងៃទី២ ខែមិថុនា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅប្រទេសអូស្ត្រាលី (Australia) និងពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង (South Korea) បារាំង (France) អ៊ីតាលី (Italy) កាណាដា (Canada) និងសហរដ្ឋអាមេរិក (United States) ក៏បានប្រារព្ធពិធីនេះដែរ។ នៅសហរដ្ឋអាមេរិក (United States) នឹងធ្វើពិធីបាត់បង់ទឹកដីនៅទីក្រុងសានហូហ្ស៊េ (San Jose) រដ្ឋកាលីហ្វនីញ៉ា (California)។ ចំណែកអង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា គ្រោងប្រារព្ធពិធីនេះ នៅវត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ៕