Top Mobile Banner

ស.រ.អាៈ ទោសព្រហ្មទណ្ឌប្រវត្តិសាស្ត្ររបស់អតីតប្រធានាធិបតីត្រាំ

អឺរ៉ុប ទី០១មិថុនា២០២៤
បន្ទាប់ពី ៦សប្តាហ៍ នៃសវនាការដ៏ក្តៅគគុក នៅវិមានអាកាស«ម៉ាន់ហាត់តាន់» តុលាការអាមេរីកាំងនៅញូយ៉កបានប្រកាសសាលក្រមសម្រេច យ៉ាងកក្រើកផែនដី កាលពីថ្ងៃទី៣០ឩសភា២០២៤ ដោយអង្គ«យួរី»១២នាក់ បានវិនិច្ឆ័យអស់រយៈពេល២ថ្ងៃហើយប្រកាសជាឯកច្ឆន្ទថាលោក«ឌណល ត្រាំ មានកំហុស» ដោយបានក្លែងបន្លំប្រាក់សម្រាប់ឃោសនាបោះឆ្នោត យកទៅចាយវាយផ្ទាល់ខ្លួន ដើម្បីបានលុយនោះទៅបំបិតមាត់ លាក់បំបាំងរឿងសាហាយស្មន់ ជាមួយនារីតួរកុនអាក្រាតម្នាក់ នៅពេលឃោសនាបោះឆ្នោតប្រធានាធិបតី តទល់ជាមួយបេក្ខនារី ហ៊ីឡារី គ្លីងតុន កាលពីឆ្នាំ២០១៦ ។ លោក ឌណល ត្រាំ ត្រូវការតែសម្លេងរបស់អង្គ«យួរី»តែម្នាក់គត់ ឲ្យមានមតិជំទាស់ តែរកមិនបាន… នេះគឺជាលើកដំបូងបង្អស់ហើយ នៃប្រវត្តិសាស្ត្រពីរជាន់ដ៏អស្ចារ្យ របស់ប្រធានាធិបតីអាមេរីកាំង ដែលមានប្រធានាធិបតីខ្លួន «ឡើងតុលាការព្រហ្មទណ្ឌ»ផង នឹងទទួល«ការមានទោសព្រហ្មទណ្ឌ»ថែមទៀត ពីតុលាការនៃទីក្រុងញូយ៉ក ជាទីដែលលោក ឌណល ត្រាំ រស់នៅ។


កាលពីឆ្នាំ២០០៦នោះ ត្រាំ មានទំនាក់ទំនងផ្លូវភេទលួចលាក់ ជាមួយស្ត្រីតួរឯកកុនស្រាតម្នាក់ឈ្មោះ ដាញែល ស្ទាំមី ពេលដែលលោកត្រាំមានភរិយារួចទៅហើយ។ ដើម្បីកុំឲ្យរឿងអាស្រូវនេះបែកធ្លាយ ត្រាំ ក៏ទិញទឹកចិត្តនាង ស្ទាំមី ក្នុងតម្លៃ១៣ម៉ឺនដុល្លា លាក់បំបាំងកុំឲ្យធ្លាយ នៅពេលកំពុងឃោសនាយកឈ្នះឆ្នោត លើបេក្ខនារីប្រធានាធិបតីជាគូរប្រគួត ហ៊ីឡារី គ្លីងតុន ។ ពេលនោះបានជោគជ័យមែន ដោយមានបុគ្គលិកជំនិតម្នាក់ឈ្មោះ ម៉ាយកិល កូអិន ជាអ្នកជួយក្លែងបន្លំលើបញ្ជីគណនេយ្យឃោសនា ចំនួន៣៤ចំណុច ដាក់ថាជាបញ្ជីចំណាយឃោសនា(ម៉ាយកិល កំពុងជាប់គុកទៅហើយ) ចុះហត្ថលេខាលើ«សែក»ចំណាយដោយលោកត្រាំ ក្នុងការឃោសនាជាបេក្ខជនប្រធានាទិបតិ នៃគណបក្សសាធារណរដ្ឋ នៅពេលនោះ។
រីឯការប្រកាសកំណត់នៃទោស ដោយចៅក្រមរដ្ឋញូយ៉ក ជូអាន មើកិន ថានឹងមានទោសប៉ុណ្ណានោះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ខែកក្កដាខាងមុខ ដែលថា«តើលោក ឌណល ត្រាំ ត្រូវអនុវត្តន៍ទោសរបៀបយ៉ាងណា?» ក្នុងករណីដូចនេះ លោកត្រាំអាចនឹងត្រូវដាក់ទោសជា ការផាកពិន័យ ឬក៏ធ្វើការបំរើប្រយោជន៍សាធារណ ឬក៏អាចត្រូវជាប់គុក រហូតដល់៤ឆ្នាំផងក៏ថាបាន, ដូច្នេះនៅមុនពេលកំណត់នោះ មេធាវីលោក ត្រាំ អាចតវ៉ាបន្ថែមបាន, ហើយម្យ៉ាងទៀតក៏អាចប្តឹងទៅសាលាឩទ្ទណ៍ ឲ្យកាត់សេចក្តីសាជាថ្មីបាន បើមិនសុខចិត្តលើសេចក្តីសម្រេច លើទោសនៅបន្ទាប់ពីថ្ងៃ១១កក្កដា ទេនោះ។ នៅពេលចប់សវនាការ ចៅក្រមបានអនុញ្ញាត្តិឲ្យលោកត្រាំចេញទៅបាន ដោយសេរី មិនមានដាក់កំរឺតប្រាក់ធានា សម្រាប់នៅក្រៅឃុំអ្វីឡើយ។
តើការប្រកាសថាលោក«ត្រាំមានទោសព្រហ្មទណ្ឌ»នោះ មានផលវិបាកយ៉ាងណាចំពោះការបោះឆ្នោតប្រធានាធិបតី?
នៅពេលចេញពីសវនាការតុលាការក្រុងញូយ៉កម្តងៗ ឌណល ត្រាំ តែងតែធ្វើសេចក្តីប្រកាសចំពោះអ្នកកាសែតថា «លោកមិនដែលធ្វើអ្វីខុសនឹងច្បាប់ឡើយ អ្វីៗគឺជាអំពើអយុត្តិធម្មរបស់រដ្ឋបាលលោក ជោ បាដិន នឹងរបស់គណបក្សប្រជាធិបតេយ្យរបស់គាត់ទាំងអស់ទៅវិញទេ»។ ចំពោះបណ្តឹងមួយនេះ បើមានទោសហើយឲ្យអនុវត្តន៍នៅក្រៅការឃុំឃាំង លោកត្រាំនៅតែអាចធ្វើការឃោសនាបន្តររហូតដល់ពេលបោះឆ្នោត នាថ្ងៃទី៥វិច្ឆិកាបាន ហើយបើមានករណីទៅឩទ្ទណ៍ក្តី ក៏លោកត្រាំក៏អាចត្រូវត្រឡប់មកឡើងតុលាការនៅក្រោយពេលបោះឆ្នោតដែរ, ហើយដែលពិសេសនោះ បើលោកត្រាំនឹងជាប់ឆ្នោតជាប្រធានាធិបតីទៅវិញនោះ លោកនឹងធ្វើការលើកលែងទោសខ្លួនឯង ដោយប្រធានាធិបតីថ្មីក៏បានដែរ។ នេះពុំមែនជាករណីព្រហ្មទណ្ឌតែមួយនោះទេ នៅមានករណីបណ្តឹងព្រហ្មទណ្ឌ៣ទៀត ដែលមិនទាន់ចូលសវនាការនៅឡើយ ដូចជាករណីវាយលុកដោយហឹង្សាចូល«វិមានកាពីតូល»បណ្តាលឲ្យស្លាប់កងកាពារច្រើនរូប ឬការប៉ុនប៉ងឃុបឃិតប្តូរលទ្ធផលហិបឆ្នោត ជាដើម…។
ចប់សវនាការទី១ភ្លាម លោកត្រាំប្តើមឃោសនា យ៉ាងគគ្រឹកគគ្រេងភ្លាមថា«ខ្ញុំជាអ្នកទោសនយោបាយ!»ដើម្បីបំពេញបំណងនៃក្រុមគាំទ្រដាច់ណាច់របស់ខ្លួន ដែលរង់ចាំការចោទប្រកាន់ក្រុមបដិបក្សលោក ជោ បាយដិន ថាជាក្រុមជនផ្តាចចការនិយម ពុករលួយ ធ្វើឲ្យប្រទេសចុះអូនថយ ធ្វើឲ្យពិភពលោកមានសង្គ្រាម… ។ ការចោទប្រកាន់នោះ មិនបានប៉ះពាល់ដល់ដំណើរការឃោសនារបស់ ជោ បាយដិននោះទេ តែផ្ទុយទៅវិញ ឌណល ត្រាំ បានជួបប្រទះនូវការស្រកចុះនៃថវិកាសម្រាប់ឃោសនាខ្លួនឯង យ៉ាងធ្ងន់ធ្ងរទៅវិញ ដែលត្រូវរើបំរះឲ្យបានឆាប់ ។
ចំពោះប្រជាប្រីយភាពរបស់ ឌណល ត្រាំវីញ ទំនងជាពុំមានការរង្គោះរង្គើ ដូចការរង់ចាំទេ ពីព្រោះទិន្នន័យនៃកាស្ទង់មតី បានឲ្យឃើញថា នៅមានការកំពស់ប្រកៀកប្រកិតគ្នានឹងលោក បាយដិន ដដែល អាចនឹងផ្លាស់ប្តូរទៅតាមស្ថានភាពឃោសនារបស់បេក្ខជននិមួយៗ នៅឡើយ រហូតដល់ថ្ងៃបោះឆ្នោត ។ ការប្រការថា ត្រាំ មានទោស ជាផលចំណេញដល់ការឃោសនារបស់ ជោ បាយដិន ទៅលើក្រុមអ្នកដែលមិនទាន់សម្រេចចិត្ត ថាខ្លួនត្រូវគាំទ្រនរណា នៅឡើយ ក៏ប៉ុន្តែនៅថ្ងៃប្រកាសទោសរបស់ ឌណល ត្រាំ នៅថ្ងៃទី១១កក្កដានោះ ក៏ជាថ្ងៃដែលមានការប្រជុំពិភពលោក នៃអង្គការ«អូតង់»នៅទីក្រុងវ៉ាស៊ីនតុនដែរ, គេសង្ស័យថា បាយដិន អាចនឹងប្រើឱកាសដ៏ល្អនោះ សម្រាប់វាយពន្លិច ត្រាំ ដោយនយោបាយការបរទេសក្នុងពិភពលោក ដែលអាចមានជាផលប៉ះពាល់ដល់ មហាសន្និបាទសម្រាប់តែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ដែលធ្វើនៅ៣ថ្ងៃបន្ទាប់នោះ ជាមិនខានឡើយ៕

ព័ត៌មានទាក់ទង