ដោយ៖ សុបិន អ៊ុង
ថ្ងៃទី ២ ខែកក្កដា – តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនបរិស្ថានចំនួន ១០ នាក់ ជាក្រុមយុវជនទទួលបានពានរង្វាន់ ក្រុមយុវជនដែលដឹកនាំដោយអង្គការបរិស្ថានមានឈ្មោះថា មាតាធម្មជាតិ កម្ពុជា (Mother Nature Cambodia) ពីបទ “ក្បត់ជាតិ” និង “ប្រមាថព្រះមហាក្សត្រ” ។ ពួកគេត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ។ លោក Montse Ferrer នាយករងផ្នែកស្រាវជ្រាវប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ ហៅថា (Amnesty International) មានប្រសាសន៍ថា “ការសម្រេចចិត្តថ្ងៃនេះ គឺជាការវាយប្រហារដ៏ឃោឃៅមួយទៀតសម្រាប់សង្គមស៊ីវិលកម្ពុជា។ អង្គការមាតាធម្មជាតិកម្ពុជា គឺជាក្រុមសកម្មជនដ៏ល្បីមួយដែលយកចិត្តទុកដាក់ទប់ស្កាត់ភាពរិចរឹលហិនហោចបរិស្ថាន ដែលបង្កឡើងដោយអំពើពុករលួយដ៏រ៉ាំរ៉ៃនៅក្នុងប្រទេស។ ជំនួសឱ្យការស្តាប់មេដឹកនាំវ័យក្មេងនៅជួរមុខនៃចលនាបរិស្ថាន រដ្ឋាភិបាលកម្ពុជាបានជ្រើសរើសដាក់គុកអ្នកដែលហ៊ាននិយាយ”។
អង្គការមាតាធម្មជាតិកម្ពុជា គឺជាក្រុមយុវជនដ៏ល្បីមួយ ដែលដឹកនាំដោយជនជាតិអេស្ប៉ាញ ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្កាន់ហ្សាឡេស ដាវីដសុន (Alegandro Gonzalez-Davidson) ដែលត្រូវបានកាត់ទោសកំបាំងមុខ ចាប់តាំងពីគាត់ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេស។ អាឡិចហ្សង់ដ្រូ លោក ស៊ុន រ័ត្ន និងលោក យឹម លាងហ៊ី ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពិន័យជាប្រាក់ ១០.០០០.០០០ រៀល ស្មើនឹង ២៥០០ ដុល្លារអាមេរិក ពីបទ “ក្បត់ជាតិ” និង “ប្រមាថព្រះមហាក្សត្រ”។
ជនជាប់ចោទ ៧ នាក់ផ្សេងទៀតពីបទ “ក្បត់ជាតិ” ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ ឆ្នាំ រួមមាន លោក លី ច័ន្ទតារាវុធ លោកធន់ រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញាភួន កែវរស្មី លោកប៊ិញ ពិសិដ្ឋលោករ៉ៃ រស្មី និងភោក ឃឿយ។ ការចោទប្រកាន់គឺផ្អែកលើសកម្មភាពបរិស្ថានដោយសន្តិវិធី របស់ក្រុមយុវជនពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១។
ទណ្ឌិតចំនួន ៤ នាក់៖ លោកចាន់ តារាវុធ លោករដ្ឋា កញ្ញាកែវ រស្មី និងកញ្ញា គន្ធា បានចូលរួមសវនាការ ហើយត្រូវបានអាជ្ញាធរដែលស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលចាប់ខ្លួនដោយហិង្សាភ្លាមៗបន្ទាប់ពីសាលក្រម។ ពួកគេបានចូលរួមជាមួយអ្នកគាំទ្រនៅខាងក្រៅបន្ទប់សវនាការ ហើយស្លៀកសម្លៀកបំពាក់ពណ៌ស និងក្រណាត់ពាក់ក្បាលពណ៌ស ដែលមានអក្សរនិយាយថា “យុត្តិធម៌”។ សម្លៀកបំពាក់សតំណាងឱ្យការកាន់ទុក្ខចំពោះការស្លាប់របស់ប្រព័ន្ធយុត្តិធម៌ ។ វាត្រូវបានគេរាយការណ៍ថា ប៉ូលីសយ៉ាងហោចណាស់ ៥០ នាក់បានវាយលុកពួកគេយ៉ាងលឿន ដោយអូស និងរុញពួកគេចូលទៅក្នុងរថយន្តដែលកំពុងរង់ចាំដោយហិង្សា។ យ៉ាងហោចណាស់ពីរនាក់ក្នុងចំណោមពួកគេត្រូវបានគេអូសទាញកចូលរថយន្ត។
អង្គការការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការកាត់ទោស និងការចាប់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ដោយបញ្ជាក់ថា វាជារឿងអាម៉ាស់សម្រាប់ជាតិយើង។ ការបំបិទមាត់អ្នកការពារបរិស្ថាន និងការកំណត់លក្ខណៈនៃការតស៊ូមតិដោយសន្តិវិធីរបស់យុវជន ទៅជាការគំរាមកំហែងដល់រដ្ឋ គឺជាការចំអកដល់យុត្តិធម៌”។
គេមិនដឹងថាតើលោក លាង ហ៊ី ត្រូវបានចាប់ខ្លួនដោយរបៀបណា។ គាត់មិនបានចូលរួមសវនាការនៅថ្ងៃនោះទេ។ គាត់ក៏ត្រូវបានគេបញ្ជូនទៅពន្ធនាគារដែរ។
សកម្មជនទាំងប្រាំនាក់ត្រូវបានបំបែកខ្ចាត់ខ្ចាយទៅកាន់ពន្ធនាគារចំនួនប្រាំផ្សេងគ្នានៅទូទាំងប្រទេស។
លោកលាងហ៊ី ត្រូវបញ្ជូនទៅពន្ធនាគារកំពង់ស្ពឺ លោកធន់ រដ្ឋា ត្រូវបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី៣ ខេត្តត្បូងឃ្មុំ លោកដារ៉ាវុធ ត្រូវបញ្ជូនទៅពន្ធនាគារខេត្តកណ្តាល កញ្ញាកែវ រស្មី ត្រូវបញ្ជូនទៅពន្ធនាគារខេត្តពោធិ៍សាត់ និងកញ្ញា គន្ធា ត្រូវបញ្ជូនទៅពន្ធនាគារខេត្តព្រះវិហារ។
ទង្វើដែលមិនធ្លាប់មានពីមុនមកនេះ មានគោលបំណងច្បាស់ក្រឡែត ដើម្បីបំបាក់ស្មារតីសកម្មជន និងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់គ្រួសាររបស់យុវជន ដែលនឹងត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រទៅសួរសុខទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ ឬផ្តល់សម្ភារៈសំខាន់ៗនៅក្នុងពន្ធនាគារដែលមិនមានធនធាន…។ ការឃុំខ្លួន សកម្មជនទាំងប្រាំនាក់នៅទូទាំងប្រទេសគឺជាការរំលោភលើស្តង់ដារអន្តរជាតិស្តីពីការប្រព្រឹត្តដោយមនុស្សធម៌លើអ្នកទោស” នេះបើតាមការបញ្ជាក់របស់អង្គការលីកាដូ។
ការកាត់ទោសសកម្មជនមាតាធម្មជាតិទាំងដប់នាក់បានចាប់ផ្តើមពីថ្ងៃទី ២៩ ឧសភា ដល់ខែមិថុនា ឆ្នាំ ២០២៤។ នៅថ្ងៃទី ៥ ខែមិថុនា សកម្មជនមាតាធម្មជាតិចំនួន ៥ នាក់បានធ្វើការតវ៉ានៅខាងក្រៅតុលាការដោយស្លៀកពាក់ស និងខ្លះកាន់បាច់ផ្កា។ ពួកគេបដិសេធមិនចូលបន្ទប់សវនាការទេ ដោយសារអាជ្ញាធរមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មាន និងអ្នកគាំទ្រខ្លះចូលរួមសវនាការជាសាធារណៈ។ យ៉ាងណាក៏ដោយ សវនាការបានប្រព្រឹត្តទៅ ដោយមិនមានសកម្មជនដែលត្រូវបានចោទប្រកាន់ណាម្នាក់មានវត្តមានឡើយ។
សមាជិកមួយចំនួននៃក្រុមមាតាធម្មជាតិត្រូវបានចោទប្រកាន់នៅឆ្នាំ ២០២១ បន្ទាប់ពីពួកគេបានចងក្រងឯកសារពីកាចោលសំរាមទៅក្នុងទន្លេសាបក្បែរព្រះបរមរាជវាំង។ លោកស៊ុន រដ្ឋា លោកលាង ហ៊ី និងលោកចាន់តារាវុធ ត្រូវបានឃុំខ្លួនតាមអំពើចិត្តរយៈពេលប្រាំខែក្រោមការចោទប្រកាន់ដូចគ្នា នេះបើយោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ។ លោកធន់ រដ្ឋា កញ្ញាគន្ធា និងកញ្ញាកែវ រស្មី ក៏ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០២០ ពីបទញុះញង់ដោយឡែកពីគ្នា ពីបទធ្វើបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងការចាក់ដីលុបបឹងក្នុងទីក្រុង។ ពួកគេត្រូវបានគេចាប់ដាក់គុកជាង ១៤ ខែ។
ច្បាប់កម្ពុជាប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រត្រូវបានដាក់ឱ្យប្រើនៅឆ្នាំ ២០១៨ ហើយវាមិនច្បាស់ថាតើសកម្មជនអាចប្រមាថព្រះមហាក្សត្រដោយរបៀបណានោះទេ។ អ្នករិះគន់បានព្រមានថា ច្បាប់នេះត្រូវបានគេប្រើជាអាវុធដើម្បីបំបិទមាត់អ្នកប្រឆាំង។
លោក Montse Ferrer នាយករងផ្នែកស្រាវជ្រាវនៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មានប្រសាសន៍ថា “រដ្ឋាភិបាលបានបង្ហាញម្តងហើយម្តងទៀតថា ខ្លួននឹងមិនអត់ឱនចំពោះការប្រឆាំងណាមួយឡើយ។ សាលក្រមនេះជាសញ្ញាមួយទៀតដែលបង្ហាញថា រដ្ឋាភិបាលកម្ពុជាគ្មានចេតនាការពារសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី។ អាជ្ញាធរកម្ពុជាត្រូវតែដោះលែងអ្នកការពារ បរិស្ថានទាំងអស់នេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ” ។
សកម្មភាពអង្គការមាតាធម្មជាតិកម្ពុជា បាននាំមកនូវការយកចិត្តទុកដាក់ដោយជោគជ័យលើការបូមខ្សាច់ ការលុបបឹង និងការបំពុលបរិស្ថាន។ ភាពច្នៃប្រឌិតរបស់ក្រុមនេះបានទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនចំពោះផលប៉ះពាល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ ២០២៣ ក្រុមនេះបានទទួលរង្វាន់ Right Livelihood នៅប្រទេសស៊ុយអែត។
យោងតាមគណនីហ្វេសប៊ុករបស់ក្រុមយុវជននេះ មានអ្នកតាមដានគណនីហ្វេសប៊ុករបស់ក្រុមយុវជនជិតកន្លះលាននាក់។ វីដេអូថ្មីៗ កាលពីថ្ងៃទី២១ ខែឧសភា បានបង្ហាញពីក្រុមហ៊ុនចិនមួយបោះចោលកាកសំណល់ចូលក្នុងពបឹងមួយនៅក្នុងខេត្តព្រះសីហនុ ដែលមានជាតិពុលអាសេនិចខ្ពស់ សម្លាប់ត្រី សត្វក្នុងកសិដ្ឋាន និងបង្កមហារីក។ អ្នកភូមិបានរាយការណ៍ថា ពួកគេឈឺដោយសារផឹកទឹក។
ញត្តិរួមរបស់អង្គការ Rainforest Rescue អង្គការ Stiftung Asienhaus និងអង្គការ FIAN អំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះលែងសកម្មជនបរិស្ថានអង្គការមាតាធម្មជាតិកម្ពុជាទាំងប្រាំមួយនាក់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយទម្លាក់ចោលការចោទប្រកាន់ និងការពិន័យទាំងអស់។ ញត្តិនេះបានប្រមូលហត្ថលេខាចំនួន ១០១៧៣៤ នៅពេលចេញបាយការណ៍នេះ៕