Top Mobile Banner

ស្លន់ស្លោនៅពេលបោះឆ្នោតសភាមុនអាណត្តិរបស់ប្រទេសបារាំង

អឺរ៉ុប ថ្ងៃទី ៨កក្កដា ២០២៤
នៅពេលដែលគណបក្សស្តាំផុត (FN Front national)នៅប្រទេសបារាំង បានទទួលលទ្ធផលប្រសើរជាងគណបក្សបារាំងទាំងអស់ នៅពេលបោះឆ្នោតនៅសភាអឺរ៉ុប លោកប្រធានាធិបតី ម៉ាក្រុង បានបង្ហាញភាពឆោឡោ ដោយប្រកាសរំលាយសភាបារាំងមុនអាណត្តិ កាលពីថ្ងៃទី១៩មិថុនា ហើយការបោះឆ្នោតសភាថ្មី ដែលប្រព្រឹត្តទៅ២ដង គឺនៅថ្ងៃទី៣០មិថុនាម្តង នឹងថ្ងៃទី៧កក្កដាជាចុងក្រោយ ដើម្បីជ្រើសរើសសមាជិកសភាថ្មី ចំនួន៥៧៧នាក់ ឡើងមកវិញ។ ភាពឆោឡោ បានធ្វើឲ្យនយោបាយប្រទេសបារាំង ឋិតនៅក្នុងសភាពមិនច្បាស់លាស់ ដោយភាពគ្រោះថ្នាក់ មកពីគណបក្សស្តាំផុតបារាំង អាចនឹងយកសភាបាន ហើយក៏អាចយកប្រធានាធិបតី នៅ៣ឆ្នាំខាងមុខទៀតបានផង, គណបក្ស FN មិនដែលមានប្រវត្តិជាគណបក្សធំរបស់ប្រជាជាតិ ហើយក៏មានឈ្មោះថាជាគណបក្សដែលមានទស្សនៈប្រកាន់ពូជសាស្ត្រ នឹងប្រើអំពើហឹង្សាថែមទៀត។ តើគេឆ្លេឆ្លាយ៉ាងដូចម្តេច?

គ្ហាប្រីយែល អាតាល់ នាយករដ្ឋមន្ត្រី នឹង អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីប្រទេសបារាំង
គ្ហាប្រីយែល អាតាល់ នាយករដ្ឋមន្ត្រី នឹង អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីប្រទេសបារាំង

នៅពេលមុនបោះឆ្នោតសភា ជុំទី១ គណបក្សទាំងអស់បានរត់ទៅជ្រកតាមសម្ព័ន្ធភាពចំណូលចិត្តតែរៀងខ្លួន គឺ ទី១ គណបក្សស្តាំផុត FN បានចងសម្ព័ន្ធជាមួយសាធារណរដ្ឋ LR(les republicains), បើតាមការស្ទង់មតិថ្មី បានឲ្យពិន្ទុ៣៦%, ទី២ ខាងគណបក្សលោកប្រធានាធិបតី ម៉ាក្រុង ដឹកនាំដោយនាយករដ្ឋមន្ត្រី គ្ហាប្រ៊ីយែល អាតាល់ ទៅផ្ជាប់គ្នាជាមួយសម្ព័ន្ធភាពដើម្បីសាធារណរដ្ឋ(Rassemblement pour la Republique) គឺប្រមូលសម្ព័ន្ធភាពនៃក្រុមនយោបាយកណ្តាលនិយម មានក្រុម ខ្លះចូលរួម ដែលប្រមូលប្រជាប្រីយភាពបានតែ១៩% តែបាវចនាឃោសនាថា«កុំបោះឲ្យខាងស្តាំ ឬក៏ខាងឆ្វេងឲ្យសោះ»ឲ្យអ្នកបោះឆ្នោតធ្វើតាម … រីឯ ក្រុមទី៣ គឺសម្ព័ន្ធភាពខាងនយោបានឆ្វេងនិយម ធំមួយទៀតនោះឯង មានឈ្មោះថា Front Populaire ដែលដឹកនាំដោយ ក្រុមកុម្មុយនីស្ត មានក្រុមសង្គមនិយម នឹងពួកបៃតង ចូលរួម មានប្រជាប្រីយភាពរហូតដល់២៩%ឯណោះ គឺមានប្រជាប្រីយភាពលើសក្រុមរដ្ឋាភីបាលទៅទៀត។ តាមច្បាប់បារាំង គណបក្សដែលបានសមាជិកសភាច្រើនជាងគេ គឺជាគណបក្សដែលនឹងរៀបគណរដ្ឋមន្ត្រីថ្មី របស់ប្រទេសបារាំង ដូច្នេះ គេបារម្ភខ្លាំងណាស់ថា គណបក្សស្តាំផុតនិយមFN ជាអ្នករៀបគណរដ្ឋមន្ត្រីសម្រាប់ប្រទេសបារាំង នៅបន្ទាប់ថ្ងៃទី៨កក្កដា ខាងមុខជាមិនខាន ពេលនោះនយោបាយបារាំង អាចនឹងផ្លាស់ប្តូរខ្ទេច ជាលើកដំបូង។


ថ្ងៃទី៣០មិថុនា ជាថ្ងៃបោះឆ្នោតជុំទី១មកដល់ លទ្ធផលនៃសន្លឹកឆ្នោតនោះ បានដូចគ្នានឹងការទាយទុក តាំងពីមុនពេលបោះឆ្នោតមែន, គឺក្រុមស្តាំផុតបានឈ្នះរហូតដល់ទៅ៣៤% ទល់នឹងសម្ព័ន្ធរដ្ឋាភិបាល បានតែ២០%បុណ្ណោះ តិចជាងក្រុមឆ្វេងនិយមនឹងក្រុមកុម្មុយនីស្តទៅទៀត ដែលបាន២៤% … នាយករដ្ឋមន្ត្រី អាតាល់ នៅលំដាប់ទី៣ ស្លន់ស្លោ ក៏ទៅចងសម្ព័ន្ធភាពជាមួយជាមួយក្រុមសង្គមនិយម នឹងកុម្មុយនិស្ត ដែលខ្លួនឯងមិនដែលពេញចិត្តពីថ្ងៃមុន ហើយប្តូរពាក្យឃោសនាថ្មីថា«ទប់កុំឲ្យពួក FN យកដំបន់ថ្មីបានសូម្បីតែមួយ», ទៅផ្ជាប់ជាមួយសម្ព័ន្ធភាព NFP Nouveau Front populaire នោះហើយដែលនាំគេយល់ថា ការប្រថុយប្រថានរបស់លោកប្រធានាធិបតី ម៉ាក្រុង ក្នុងការសម្រេចរំលាយសភា«ដែលអាចនឹងនាំនូវភាពគ្រោះថ្នាក់ដល់គណបក្សខ្លួនឯង» ពីព្រោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅតែគាំទ្រភាពលេចធ្លោ របស់ក្រុមFN រឹតតែខ្លាំងឡើងដែរ។ ច្បាប់បារាំងបានចែងដែរថា បេក្ខជនណាដែលទទួលបានឆ្នោតលើសពី១២,៥% នឹងចូលប្រកួតជុំទី២ម្តងទៀតបាន ប៉ុន្តែជាទូទៅ មានតែបេក្ខជន២នាក់ប៉ុណ្ណោះ ដែលនៅប្រកួតបន្តរ រីឯករណីឆ្នោតលើសពី១២,៥%លើកនេះ បែរជាអាចមានបេក្ខជន៣នាក់ពេលខ្លះក៏មាន៤នាក់ផងដែរ ដែលទៅប្រកួតជុំទី២បាន… ដូច្នេះនៅតំបន់ខ្លះ បេក្ខជនដែលនៅប្រឈមមុខគ្នា មានដល់ទៅ៣. ៤នាក់ក៏មាន។ ដើម្បីយកឈ្នះលើគូរប្រកួត អ្នកដែលនៅក្នុងសម្ព័ន្ធភាពជាមួយគ្នា ក៏អាចដកបេក្ខភាពចេញពីការប្រគួត ដើម្បីគាំទ្របេក្ខជនជម្រើសគេណាមួយបានដែរ ។ ខាងរដ្ឋាភិបាល គេចងសម្ព័ន្ធជាមួយក្រុមឆ្វេងនិយមគេហៅថា«សម្ព័ន្ធដើម្បីសាធារណរដ្ឋ Le front Republicain » ហើយនៅតំបន់ដែលនៅមានបេក្ខជន៣នាក់នៅឡើយ គេណាត់គ្នា ថាត្រូដកបេក្ខជនមួយចេញ ដើម្បីទុកឲ្យអ្នកនៅសល់អាចមានសំណាងយកឈ្នះលើពួកFN បាន… លើកនេះ គេឃើញភាពមិនច្បាស់លាស់ក៏កើតមានម្តងទៀត… ប្រមាណ៣០០ករណី ដែលមានបេក្ខជន៣រូបនៅសល់ក្នុងតំបន់មួយ ដែលមានម្នាក់ត្រូវថយខ្លួន តែក៏មានអ្នកខ្លះ ក៏មិនស្តាប់បង្គាប់មេក្រុមរបស់ខ្លួនដែរ។
ថ្ងៃទី៧កក្កដា បោះឆ្នោតជុំទី២ផ្តាច់ព្រាត់ គ្មាននរណាហ៊ានប៉ានស្មានជាមុនទេថា សម្ព័ន្ធភាពណាមួយ នឹងក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាលថ្មីនោះ ភ្នែកគ្រប់គ្នាសម្លឹងទៅ ជ័រដាន់ បារដែឡា គ្រប់ៗគ្នា! រីឯលទ្ធផលនាវេលាម៉ោង៨យប់ទី៧កក្កដានោះ ជ័រដាន់ បែរជាអ្នកខកចិត្តជាងគេ ពីព្រោះប្រជាពលរដ្ឋជាង៦៧%បានចេញទៅបោះឆ្នោត ហើយបានឲ្យសម្ព័ន្ធភាពដើម្បីសាធារណរដ្ឋLe Front republicain ឈ្នះដាច់គេ ភិតភ័យច្រើនជាងឈឺចាប់! រដ្ឋាភិបាលលោក ម៉ាក្រុង បានស្រង់មុខមាត់វិញបានក្រែលដែរ ក្រុម បាដែឡា ឋិតនៅលំដាប់ទី៣ទៅវិញ មិនអាចបង្ករគណរដ្ឋមន្ត្រីបានទេ។
លទ្ធផលសមាសភាពនៃសភាអាណត្តិថ្មីគឺ ទី១សម្ព័ន្ធ Nouveau Front Populaire បាន 187 អាសនៈ, ទី២ក្រុមរដ្ឋាភិបាល Ensemble pour la republique បាន 159 អាសនៈ, ក្រុមទី៣ គឺក្រុមស្តាំផុតនិយមរួមFN នឹងទាំងLR បាន 142 អាសនៈ, ក្រុមឆ្វេងនិយមផ្សេងទៀត បាន ១៤អាសនៈ រីឯក្រុម សាធារណរដ្ឋដែលបានដែលបាក់គ្នាម្ខាងទៀតក៏បាន 27 នឹង 39 អាសនៈដែរ។ ដោយពុំមានក្រុមណាមួយ ដែលមានសម្លេងឈ្នះលើស៥០%ទេនោះ ដូច្នេះក្រុម Nouveau Front Populaire ត្រូវតែផ្គុំជាមួយក្រុមផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាល ទើបបានសម្លេងភាគច្រើនក្នុងសភាថ្មីទៅរួច។
ប្រជាពលរដ្ឋជាច្រើនបានផ្ទុះសំណើច រីករាយ នឹងទទួលលទ្ធផលត្រឡប់មកប្រក្រតីវិញ។ លោក នាយករដ្ឋមន្ត្រី អាតាល់ ដែលត្រូវលាលែងពីមុខដំណែង អាចនឹងទទួលការតែងតាំងសារជាថ្មីវិញ ក៏៏ថាបានដែរ ៕

ព័ត៌មានទាក់ទង